ភ្នំពេញៈ សកម្មភាព​នេសាទ​ត្រី​នៅក្នុង​បឹង​ទន្លេសាប សម្រាប់​ធ្វើ​ប្រហុក​នៅក្នុង​រដូវ​ធ្វើ​ប្រហុក​នៅក្នុង​ខែធ្នូ​នេះ បាន​បង្ហាញ​ឱ្យដឹងថា ផល​នេសាទ​ត្រី​បាន​ធ្លាក់ចុះ​ជាង​ឆ្នាំមុន​បន្តិច បើ​ប្រៀប​ទៅក្នុង​រដូវ​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២០ ដោយហេតុ​អេកូឡូស៊ី ទឹកតូច និង​ត្រី​មិនសូវ​បន្ត​ពូជ​ព្រោះ​កត្តា​ប្រែប្រួល​អាកាសធាតុ​។


លោក ហេង សុភារិទ្ធិ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកណ្ដាល​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា​៖ «​ក្នុង​រយៈពេល​រដូវ​ប្រមូល​ត្រី​ប៉ុន្មាន​ថ្ងៃ​មកនេះ យើង​មើលឃើញថា ទិដ្ឋភាព​ជារួម​ទិន្នផល​ត្រី​ប្រហុក​ឆ្នាំនេះ​ប្រហាក់ប្រហែល​ឆ្នាំមុន គ្រាន់តែ​ថយចុះ​បន្តិច ដូច្នេះ​ខ្ញុំ​អាច​វាយតម្លៃ​រួម​ថា ការថយចុះ​បន្តិច​នេះ ដោយសារ​អេកូឡូស៊ី ទឹកតូច និង​កត្តា​ប្រែប្រួល​អាកាសធាតុ នាំឱ្យ​ត្រី​មិនសូវ​បន្ត​ពូជ​»​។

លោក សុភារិទ្ធិ ថ្លែងថា ការប្រមូលផល​នេសាទ​មាន​ការធ្លាក់ចុះ​បន្តិច ប៉ុន្តែ​ទិន្នផល​ត្រី​ឆ្នាំនេះ នៅតែ​អាច​ផ្គត់ផ្គង់​ទៅដល់​អ្នកធ្វើ​ប្រហុក ផ្អក និង​ទឹកត្រី​បាន​គ្រប់គ្រាន់ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ព្រោះ​ការប្រមូលផល​នេសាទ​បាន​ច្រើន នៅ​ចន្លោះ​ថ្ងៃទី​ ១២-១៤ ខែធ្នូ ទោះជា​យ៉ាងណា​ការប្រមូលផល​នេសាទ​ត្រី​ចាប់ផ្តើម​ថយចុះ​ប្រមាណ ៥០ ​ភាគរយ នៅ​ថ្ងៃទី​ ១៥ ខែធ្នូ​។


លោក​ថា​៖ «​ត្រី​នៅ​ជួរ​ខាងលើ​ក្នុង​រយៈពេល ២០ ​ទៅ​ ៣០ នាទី គេ​លើក​ត្រី​ម្តង​បាន ១ ​តោន​ដែរ ជាធម្មតា​នៅ​ខាងលើ​ដើមដៃ​ចាប់បាន​ច្រើន ប៉ុន្តែ​នៅ​ខាងក្រោម​នៅសល់ ៦០០ ទៅ​ ៨០០ ​គីឡូ ប៉ុន្តែ​ធ្លាក់​ទាប​បំផុត​នៅ​ផ្នែក​ខាងក្រោម​លើក​ម្តង​ក៏បាន ៣០០ ​គីឡូ​ដែរ​។ យើង​មិនអាច​កំណត់​បាន​ថា​រាល់​រដូវ​ប្រមូលផល​ត្រី មិនមែន​សុទ្ធតែ​បាន​ច្រើន​នោះទេ គឺ​អាស្រ័យ​លើ​បំផ្លាស់ទី​របស់​ត្រី​ដែរ ព្រោះ​ត្រី​ធ្វើដំណើរ​ពី​បឹង​ទន្លេសាប​ឡើងទៅ​ទន្លេមេគង្គ​លើ គឺ​ធម្មជាតិ​របស់​វា​»​។

សកម្មភាព​ពលរដ្ឋ​កាត់​ក្បាល​ត្រី​ធ្វើ​ប្រហុក ក្នុង​ស្រុក​ពញាឮ ខេត្តកណ្ដាល​។ហុង មិនា


លោក​បន្តថា សម្រាប់​ខែធ្នូ​នេះ ការធ្វើ​ត្រី​ប្រហុក​ក៏​នៅ​មិនទាន់​ពេញលេញ​ដែរ ព្រោះ​រដូវ​សម្បូរ​ត្រី​ប្រហុក ផ្អក និង​ចាប់ផ្តើម​ម្តងទៀត​នៅ​ខែមករា ខាងមុខនេះ​។

លោក សា ឡេះ អាយុ​ជាង​ ៧០ ​ឆ្នាំ​ប្រកបរបរ​នេសាទ​ត្រី​តាំងពី​ឆ្នាំ​ ១៩៨០ មក បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដោយ​អះអាង​ដូចគ្នា​នឹង​មន្ត្រី​ជំនាញ​ថា រដូវ​ត្រី​ត្រូវ​ឆ្នាំនេះ​មានការ​ថយចុះ​ជាង​ឆ្នាំមុន ដែល​ ១ ​យប់​ ១ ​ថ្ងៃ​ធ្លាប់​រកបាន​ ១ ​តោន តែ​បាន​ធ្លាក់​មក​នៅក្រោម​ ១ ​តោន​ក្នុង​រយៈពេល​ដូចគ្នា​។ រីឯ​តម្លៃ​វិញ​ក៏មាន​ការថយចុះ​ផងដែរ ដោយ​ឆ្នាំមុន​ត្រី​លក់បាន​ក្នុង​ ១ ​គីឡូ​តម្លៃ ២ ០០០ ​ទៅ​ ៤ ០០០ ​រៀល ប៉ុន្តែ​ឆ្នាំនេះ​តម្លៃ​ត្រី​ថោក ក្នុង​ ១ ​គីឡូ​លក់​បានតែ​ជាង​ ១ ០០០ ​រៀល​ប៉ុណ្ណោះ​។

លោក សា ឡេះ បាន​ថ្លែង​​ថា​៖ «​មូលហេតុ​ធ្វើឱ្យ​តម្លៃ​ធ្លាក់ចុះ​ដោយសារ​បញ្ហា​កូវីដ ១៩ ព្រោះ​ពលរដ្ឋ​ដែល​ធ្លាប់តែ​ឡើង​មកពី​ខេត្ត​ទិញ​ត្រី​នៅ​ភ្នំពេញ ខកខាន​មិន​បានមក រីឯ​នៅ​ផ្សារ មិនសូវមាន​មនុស្ស​ទិញ​ដែរ​»​។

យោង​តាម​មន្ត្រីជលផល​បាន​ឱ្យ​ដឹងថា កាលពីដើម​ខែធ្នូ ឆ្នាំ​ ២០២០ ក្នុង​រដូវ​ប្រមូលផល​ត្រី​សម្រាប់ធ្វើ​ប្រហុក តម្លៃ​ត្រី​លក់បាន​ន្លោះ ២ ០០០ ​រៀល ទៅ ៣ ៥០០ ​រៀល ក្នុង ១ គីឡូក្រាម ហើយ​ត្រី​សម្រាប់ធ្វើ​ផ្អក​លក់បាន​ក្នុងតម្លៃ​ពី ៨ ០០០ ​រៀល ទៅ ១២ ០០០ ​រៀល ក្នុង ១ ​គីឡូក្រាម​៕

វីដេអូ៖