
ក្រុមមន្ត្រី និងអ្នកពាក់ព័ន្ធចុះទៅពិនិត្យទីតាំងដីមានជម្លោះក្នុងឃុំកែវផុសពីថ្ងៃទី ២២ ធ្នូ។ រូបថត ក្រសួងរៀបចំដែនដី
ព្រះសីហនុៈ វិវាទដីធ្លីដ៏រុំារ៉ៃជាង ២០ ឆ្នាំមកហើយរវាងប្រជាពលរដ្ឋជាង ១០០ គ្រួសារ ស្ថិតនៅក្នុងឃុំកែវផុស ស្រុកស្ទឹងហាវជាមួយនឹងក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុបត្រូវបានលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើការសម្រុះសម្រួលដោះស្រាយបញ្ចប់ដោយជោគជ័យនៅថ្ងៃទី ២២ ខែធ្នូ។
តាមរយៈហ្វេសប៊ុកលោក ជា សុផារ៉ា បានឱ្យដឹងថា លោកបានដឹកនាំកិច្ចប្រជុំដោះស្រាយវិវាទដីធ្លី នៅតំបន់កែវផុស ក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ កាលពីថ្ងៃទី ២១ ធ្នូ ដើម្បីធ្វើការសម្រុះសម្រួលរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនម៉ុងឫទ្ធី។ បន្ទាប់មក នៅថ្ងៃទី ២២ ធ្នូលោកបានចុះទៅពិនិត្យមើលទីតាំងផ្ទាល់នៅទីតាំងដីដែលត្រូវប្រគល់ជូនប្រជាពលរដ្ឋ ហើយលោកបានអះអាងថា ទំនាស់ដីធ្លីនោះត្រូវបានបញ្ចប់ដោយជោគជ័យ។
លោក ជា សុផារ៉ា ថ្លែងតាមរយៈហ្វេសប៊ុកនៅថ្ងៃទី ២២ ធ្នូថា៖ «វិវាទដីធ្លីដ៏រុំារ៉ៃជាង ២០ ឆ្នាំនៅតំបន់កែវផុសត្រូវបានសម្រុះសម្រួលដោះស្រាយបញ្ចប់ដោយជោគជ័យ សូមចូលរួមអបអរសាទរ»។
លោក ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ថ្លែងតាមរយៈហ្វេសប៊ុកថា រូបលោកបានចូលរួមក្នុងកិច្ចប្រជុំ ដែលដឹកនាំដោយលោក ជា សុផារ៉ា ដើម្បីដោះស្រាយវិវាទដីធ្លីដែលកើតឡើងអស់រយៈពេលជាង ២០ ឆ្នាំ។ ការឈ្លោះគ្នារយៈពេលវែងរហូតដល់ជាង ២០ ឆ្នាំកន្លងផុតទៅនេះ អ្នកខ្លះក៏បានលាចាកលោកនេះទៅហើយ ចំណែកអ្នកនៅរស់រានមានជីវិតបានចាស់ស្ទើរចាយលុយលែងចង់កើត។
លោកថា៖ «អ៊ំស្រីម្នាក់លើកឡើងថាជម្លោះនេះតាំងពីប្តីគាត់ មានអាយុមិនទាន់ដល់ ៦០ ឆ្នាំផងពេលនេះប្តីគាត់មានអាយុ ៨៤ ឆ្នាំបានស្លាប់កាលពី ៣ ខែមុនទៅហើយអ៊ីចឹងខ្ញុំសុំប្រាក់ ១០ ០០០ ដុល្លារយកទៅធ្វើបុណ្យឱ្យប្តីខ្ញុំបានហើយ។ ខ្ញុំក៏បានប្រគល់ជូនឱ្យគាត់ពេលនេះតែម្តងទៅ»។
លោក ខេង មីន មេឃុំកែវផុសថ្លែងនៅថ្ងៃទី ២៣ ធ្នូថា ចំពោះបញ្ហាដីធ្លីនេះលោកគ្រាន់តែដឹងថា ប្រជាពលរដ្ឋ និងក្រុមហ៊ុនបានដោះស្រាយគ្នានៅឯក្រសួងរៀបចំដែនដីរួចហើយ។ ជាក់ស្តែង នៅថ្ងៃទី ២២ ធ្នូ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ពិតជាបានចុះមកពិនិត្យទីតាំងផ្ទាល់ និងដោះស្រាយទំនាស់រវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុនម៉ុងឫទ្ធីប្រាកដមែន ប៉ុន្តែព័ត៌មានលម្អិតក្នុងការចែកដីនោះយ៉ាងណា លោកមិនបានដឹងច្បាស់ទេ។
លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវថ្លែងថា លោកបានចូលរួមវាស់វែងដីជូនពលរដ្ឋ ប៉ុន្តែដីដែលវាស់នោះ មិនស្មើគ្នាទេ ពោលគឺមានតិចមានច្រើនទៅតាមចំនួនជាក់ស្តែងដែលបានស្រុះស្រួលគ្នា។ លោកអភិបាលស្រុកស្ទឹងហាវ បញ្ជាក់ថា ករណីទំនាស់ដីធ្លីនេះបានកើតឡើងជាយូរមកហើយ ដែលបង្កើតជាបញ្ហាតវ៉ាប្តឹងផ្តល់គ្នា ជាបន្តបន្ទាប់រហូតដល់ក្រសួងដែនដី។
លោកថ្លែងថា៖ «ការឈ្លោះគ្នាហ្នឹងវាយូរហើយ អ្នកខ្លះមានបណ្ណកម្មសិទិ្ធ អ្នកខ្លះគាត់ទៅរស់នៅជាក់ស្តែង អ៊ីចឹងវាបង្កើតជាបញ្ហាដល់មានបញ្ហាគាត់បានទៅប្តឹងផ្តល់គ្នារហូតដល់ក្រសួង អ៊ីចឹងខាងក្រសួង អាជ្ញាធរជាតិ គេដោះស្រាយឯកភាពគ្នាអស់ហើយ ទើបចុះមកវាស់វែងដីឱ្យនៅទីតាំងផ្ទាល់»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុកថ្លែងនៅថ្ងៃទី ២៣ ធ្នូថា ការសម្របសម្រួលដោះស្រាយបញ្ចប់បញ្ហាដីធ្លីនេះជារឿងល្អ ព្រោះក្នុងនាមសង្គមស៊ីវិល តែងតែចង់ឃើញមានការដោះស្រាយបានជាលទ្ធផលគាប់ប្រសើរជូនប្រជាពលរដ្ឋដែលពួកគាត់អាចទទួលយកបាន។ អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី គួរតែមានការពិនិត្យមើលទៅលើបញ្ហាដីធ្លីផ្សេងៗទៀតផងដែរ។ លោកថ្លែងថា៖ «គួរតែផ្តល់លទ្ធភាពយ៉ាងណា ជួយគិតគូរទៅដល់ប្រជាពលរដ្ឋដែលគាត់ មានជីវភាពខ្វះខាត ហើយពាក់ព័ន្ធវិវាទដីធ្លីនេះទៀត គួរមានការជួយត្រួតពិនិត្យ ពីព្រោះពលរដ្ឋជាពលរដ្ឋរបស់រដ្ឋាភិបាលក៏ដូចជាខេត្តសាមីអីជាដើមហ្នឹង គួរតែមានការពិនិត្យផ្តល់ដំណោះស្រាយជូនពួកគាត់ដូចករណីនេះ អ៊ីចឹងទៅ»៕