កំពតៈ អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​កម្ពុជា ចាប់ផ្តើម​ធ្វើ​ជំរឿន​សត្វ​ក្រៀល​ឆ្នាំ​ ២០២១-២០២២ ដោយ​ចាប់ផ្តើម​នៅ​រៀងរាល់​ចុងខែ​នីមួយៗ​ចាប់ពី​ខែធ្នូ​ឆ្នាំ​ ២០២១ ដល់​ខែមេសា​ឆ្នាំ​ ២០២២​។


អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​កម្ពុជា បញ្ជាក់​លើ​ទំព័រ​ហ្វេសប៊ុក​នៅ​ថ្ងៃទី​ ៣១ ធ្នូ​ថា​៖ «​ជំរឿន​សត្វ​ក្រៀល​ឆ្នាំ​ ២០២១-២០២២ ចាប់ផ្តើម​ទៀតហើយ គឺ​ធ្វើ​នៅ​រៀងរាល់​ចុងខែ ចាប់ពី​ខែធ្នូ​ដល់​ខែមេសា​»​។

កាលពី​ល្ងាច​ថ្ងៃទី​ ៣០ ​ធ្នូ​ និង​ព្រឹក​ថ្ងៃទី​ ៣១ ​ធ្នូ​ក្រុមការងារ​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​កម្ពុជា​បាន​ចុះ​ធ្វើ​ជំរឿន​សត្វ​ក្រៀល​នៅ​តំបន់​ការពារ​ទេសភាព​អន្លង់​ព្រីង ស្រុក កំពង់ត្រាច ខេត្តកំពត​។


អង្គការ​ជីវិត​សត្វស្លាប​អន្តរជាតិ​ប្រចាំ​កម្ពុជា​អំពាវនាវ​ដល់​សាធារណជន​ចូលរួម​ការពារ និង​អភិរក្ស​សត្វ​ក្រៀល​កុំឱ្យ​ផុត​ពូជ​។

ក្រោយពី​កសិករ​ច្រូតកាត់​ស្រូវ​រដូវវស្សា​រួចរាល់ មកដល់​ថ្ងៃទី​ ២៨ ខែធ្នូ​សត្វ​ក្រៀល​ ៦ ​ក្បាល បាន​ត្រលប់​មកដល់​តំបន់​ការពារទេសភាព​អន្លង់​ព្រីង​។


ក្រុមការងារ​នៃ​អង្គការ​ជីវិត​សត្វស្លាប​អន្តរជាតិ​ប្រចាំ​កម្ពុជា បាននិង​កំពុង​ធ្វើការ​អភិរក្ស​ និង​តាមដាន​ពី​ប្រជាសាស្ត្រ​របស់​សត្វ​ក្រៀល​ដែលជា​សត្វ​កំពុង​រងគ្រោះ​ឈានទៅ​ផុត​ពូជ​នេះ​៕