ភ្នំពេញៈ ក្រុមការងារ​អន្តរក្រសួង​ដែល​ដឹកនាំ​ដោយ​ក្រសួងមហាផ្ទៃ បានធ្វើការ​ពិភាក្សា​លើ​សេចក្តីព្រាង​ព្រះរាជក្រឹត្យ ស្តីពី​គោរមងារ​ឧកញ៉ា ក្នុង​គោលបំណង​ដើម្បី​ធ្វើការ​គ្រប់គ្រង​ឧកញ៉ា ផ្តល់​គោរមងារ​ឧកញ៉ា​ និង​ដកហូត​គោរមងារ​នេះ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​មហាផ្ទៃ​បញ្ជាក់​នា​ថ្ងៃទី​ ៣ មករា​ថា ក្រុមការងារ​នេះ​បានផ្ដល់​ធាតុ​ចូល​យ៉ាង​ល្អៗ ដើម្បី​កែសម្រួល​ទៅតាម​ខ្លឹមសារ​នៃ​សេចក្ដីព្រាង​ព្រះរាជក្រឹត្យ​នេះ​ឱ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​។

លោក ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ថ្លែង​ក្នុង​កិច្ចប្រជុំពិភាក្សា​នេះ​នា​ថ្ងៃទី​ ៣ មករា ​តាម​ប្រព័ន្ធ​វីដេអូ​ថា បន្ទាប់ពី​កិច្ចពិភាក្សា​នេះ លោក​នឹង​រាយការណ៍​ជូន លោក ស ខេង រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ដើម្បី​ពិនិត្យ និង​ផ្ដល់​មតិ​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​។


កាលពី​ថ្ងៃទី​ ៩ ខែមេសា ឆ្នាំ​ ២០២១ រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​សម្រេច​បង្កើត​ក្រុម​ការងារ​អន្តរក្រសួង​នេះ ដើម្បី​សិក្សា​ស្រាវជ្រាវ និង​ផ្តួចផ្តើម ក្នុង​ការរៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត​សម្រាប់​ការគ្រប់គ្រង​ឧកញ៉ា ការផ្តល់​គោរមងារ​ឧកញ៉ា ការដកហូត​គោរមងារ​ឧកញ៉ា​។

ក្រុមការងារ​ដែលមាន​សមាសភាព​ចំនួន ១២ ​រូបនេះ​មាន​តួនាទី​សិក្សា​ស្រាវជ្រាវ​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត​នានា ដើម្បី​ជា​ធាតុ​ចូល សម្រាប់​រៀបចំ​ការគ្រប់គ្រង​ឧកញ៉ា ការផ្តល់​គោរមងារ​ឧកញ៉ា និង​ការដកហូត​គោរមងារ​ឧកញ៉ា ដែលមាន​លោក ប៊ុន ហុន ជា​ប្រធាន​។


ក្រុមការងារ​នេះ ត្រូវ​សិក្សា​អំពី​សិទ្ធិ និង​កាតព្វកិច្ច​របស់​ឧកញ៉ា​ក្នុង​ការចូលរួម​កិច្ចការ​សង្គម ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​បណ្តា​ក្រសួង ស្ថាប័ន អាជ្ញាធរ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​វិស័យ​ឯកជន​ពាក់ព័ន្ធ ដើម្បី​ប្រមូល​ព័ត៌មាន បម្រើឱ្យ​ការរៀបចំ​បែបបទ និង​នីតិវិធី​នៃ​ការគ្រប់គ្រង​ឧកញ៉ា ការស្នើសុំ​ផ្តល់​គោរមងារ​ឧកញ៉ា អ្នកឧកញ៉ា និង​ការដកហូត​គោរមងារ​ឧកញ៉ា​។

ជាមួយ​គ្នា​នេះដែរ ក្រុមការងារ​នេះ ត្រូវ​ធ្វើ​របាយការណ៍​អំពី​វឌ្ឍនភាព​នៃ​ការងារ​ជូន​លោក ស ខេង ដើម្បី​ពិនិត្យ សម្រេច និង​ផ្តល់យោបល់​ដឹកនាំ​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​ជូន​រដ្ឋាភិបាល​។

លោក ប៊ុន ហុន មិនអាច​ទាក់ទង​ដើម្បី​សុំ​ការបញ្ជាក់​បន្ថែម​បានទេ នៅ​ថ្ងៃទី​ ៣ ខែមករា​។

លោក យ៉ង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នា​ថ្ងៃទី​ ៣ ​មករា​ថា គោរមងារ​ឧកញ៉ា​មិនចាំបាច់​ត្រូវការ​គ្រប់គ្រង​នោះទេ​។ សំខាន់បំផុត​គឺត្រូវធ្វើ​ការវាយតម្លៃ​ឱ្យបាន​ច្បាស់លាស់​ថា​តើ​មនុស្ស​បែបណា​ដែល​គួរតែ​ត្រូវ​បានផ្តល់​គោរមងារ​ជា​ឧកញ៉ា​ព្រោះ​ឧកញ៉ា​មិនមែន​ធម្មតា​នោះទេ​។ ឧកញ៉ា​គឺ​អ្នក​ដែល​មាន​គុណតម្លៃ​ខ្ពង់ខ្ពស់​ណាស់ មិនមែន​គិត​ទៅលើ​ទ្រព្យសម្បត្តិ​តែមួយ​មុខ​នោះទេ​។

លោក​ថ្លែងថា​៖ «​ទ្រព្យសម្បត្តិ​នៅក្នុង​ការជួយ​ជាតិ យើង​ផ្តល់ឱ្យ​ជា​ឧកញ៉ា​ហ្នឹង វា​ដល់​អ៊ីចឹង​អាចធ្វើឱ្យ​គុណភាព​ឧកញ៉ា​មិនសូវមាន​គុណភាព​។ ឧកញ៉ា​គឺ​ចេញទៅ ទាល់តែ​ថា​គាត់​សមរម្យ​ទាំង​ឥរិយាបថ អត្តចរិត​ទាំង​អី​ទាំងអស់ មាន​ទឹកចិត្ត​ទូលំទូលាយ​ការលះបង់​សម្រាប់​ជួយ​ដល់​សង្គម អាហ្នឹង​បាន​អាច​ថា​ជា​ឧកញ៉ា​»​។

លោក យ៉ង់ គិមអេង ​ថ្លែងថា៖ «​ឧកញ៉ា​គួរតែ​ជា​ជន​គំរូ​ម្នាក់​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ទៅលើ​អ្វីមួយ​សម្រាប់​សង្គម រួមទាំង​ទ្រព្យសម្បត្តិ ដែលមាន​ផង​ទាំង​កាយវិការ​សប្បុរសធម៌​ដែល​ពួកគាត់​បានផ្តល់​ជា​លុយកាក់​ក្នុងសង្គម​ទាំង​ឥរិយាបថ និង​ការយល់ដឹង​ក្នុង​ការជួយ​ដល់​សង្គម​។ បើសិនជា​ឧកញ៉ា​ជា​ជន​គំរូ​សម្រាប់​សង្គម​ហើយ​នោះ គឺ​មិនត្រូវ​ការគ្រប់គ្រង​ពួកគាត់​នោះទេ​តែ​ត្រូវ​រៀបចំ​លក្ខណវិនិច្ឆ័យ​ឱ្យ​ល្អ និង​កត់ត្រា​ពួកគាត់​នៅក្នុង​បញ្ជី​គោរមងារ​ឱ្យបាន​ច្បាស់លាស់​»៕

វីដេអូ៖