ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអំពាវនាវដល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធទាំងអស់ បន្តពង្រឹងការត្រួតពិនិត្យសារធាតុគីមីផ្សំដែលនាំចូលមកប្រើប្រាស់ក្នុងប្រទេសកម្ពុជា ធ្វើយ៉ាងណាទប់ស្កាត់និងដកហូតបាននូវសារធាតុគីមីផ្សំ ដែលត្រូវបានហាមឃាត់ដោយច្បាប់ជាតិ និង អន្តរជាតិ ជាពិសេស សារធាតុគីមីផ្សំពាក់កណ្ដាលសម្រេច សម្រាប់ការកែច្នៃនិង ផលិតជាគ្រឿងញៀន។
សេចក្ដីអំពាវនាវនេះបានធ្វើឡើងក្នុងកិច្ចប្រជុំពង្រឹងយន្តការអន្តរក្រសួងត្រួតពិនិត្យសារធាតុគីមីផ្សំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានប្រារព្វឡើងនាព្រឹក ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២នៅអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គភាពជាសមាជិក អន្តរក្រសួងត្រួតពិនិត្យគីមីផ្សំគ្រឿងញៀន។
នៅក្នុងឱកាសនោះ លោក កែ គឹមយ៉ាន បានថ្លែងថា នៅពេលថ្មីៗកន្លងទៅនេះ កម្លាំងសមត្ថកិច្ចជំនាញនៃអង្គភាពពាក់ព័ន្ធ បានង្ក្រាបទីតាំងផលិតគ្រឿងញៀនបានពីរករណីធំៗដែលមួយករណីនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងមួយករណីទៀតនៅភូមិរោងគោ ឃុំ-ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយបានរឹបអូសគ្រឿងញៀនប្រភេទ Ketamine និងសាធាតុគីមីផ្សំជាច្រើនប្រភេទ សម្រាប់កែច្នៃធ្វើគ្រឿងញៀន សរុបរាប់សិបតោន។
ជាមួយនឹងការកោតសសើរនេះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអំពាវនាវ ដល់ក្រសួង ស្ថាប័ន និង អង្គភាពពាក់ព័ន្ធ រួមទាំងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរថា៖«ត្រូវរួមគ្នាបន្តពង្រឹងការចុះអនុវត្តន៍ត្រួតពិនិត្យសារធាតុគីមីផ្សំនៅតាមបណ្តាទីតាំងពាក់ព័ន្ធនានាជាពិសេស នៅតាមបណ្ដារោងចក្រ សហគ្រាស ដែលប្រើប្រាស់សារធាតុគីមី»។
លោកប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានបន្តដាក់ចេញនូវការណែនាំមួយចំនួនដល់ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនិងរាជធានី-ខេត្តទាំងអស់ ត្រូវរៀបចំផែនការឱ្យបានឆាប់ ក្នុងនោះត្រូវរំលេចនូវការងារភូមិឃុំសង្កាត់ (ស) ឬ ភូមឃុំ-សង្កាត់គ្មានគ្រឿងញៀន ដោយត្រូវបន្តពង្រឹងការងារចុះត្រួតពិនិត្យសារធាតុគីមីផ្សំ នៅតាមបណ្តាទីតាំងនានា ដែលមានពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងប្រភពហិរញ្ញវត្ថុពាក់ព័ន្ធនឹងករណីគ្រឿងញៀនធំៗ។ ទន្ទឹមជាមួយគ្នានេះត្រូវរៀបចំឯកសារបទដ្ឋានគតិយុត្ត និងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវយន្តការ រចនាសម្ព័ន្ធ និងលក្ខខណ្ឌនានាដល់អ្នកពាក់ព័ន្ធ ឲ្យបានដឹងជាមុន ពិសេសរោងចក្រ សហគ្រាស ដែលប្រើប្រាស់សារធាតុគីមី ។
យោងតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេល៩ខែ ឆ្នាំ២០២១ កម្ពុជាបាននាំចូលសារធាតុពាក់ព័ន្ធសរុបចំនួនប្រមាណជាង២៣ ០១៦តោន។
ការនាំចូលនូវសារធាតុគីមីពាក់ព័ន្ធដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានបង្កឲ្យមានក្ដីព្រួយកង្វល់ជាខ្លាំង ពីការលួចបន្លំនាំចូលនូវសារធាតុគីមីផ្សំពាក់កណ្ដាលសម្រេច សម្រាប់ការកែច្នៃធ្វើជាគ្រឿងញៀន ដោយក្រុមបណ្ដាញឧក្រិដ្ឋជនគ្រឿងញៀន។ ទន្ទឹមនឹងក្ដីបារម្ភនេះ កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយក្រសួងស្ថាប័ន និង អង្គភាពពាក់ព័ន្ធ ធ្វើការស្រាវជ្រាវ តាមដានយ៉ាងសកម្ម រហូតឈានដល់ ការបង្ក្រាបទីតាំងផលិតគ្រឿងញៀន ដ៏ធំ២កន្លែង ក្នុងខេត្តកំពង់ស្ពឺ ដោយរឹបអូសបានសារធាតុគីមីផ្សំសម្រាប់ផលិតគ្រឿងញៀន រាប់សិបតោន។
លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង ជាអគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្លាប់មានប្រសាសន៍ប្រាប់ភ្នំពេញប៉ុស្តិ៍ថា សារធាតុគីមីផ្សំ ដែលសមត្ថកិច្ចយើងបានរឹបអូសពីទីតាំងរោងចក្រផលិតអាល់កុល ក្នុងខេត្តកំពង់ស្ពឺ ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន XIN YINFENG (CAMBODIA) INDUSTRY CO., LTD នោះ គឺក្រុមពួកឧក្រិដ្ឋជនគ្រឿងញៀន ដែលមានមេក្លោងឈ្មោះ Ye Yan Shou បានបាននាំចូលមកបន្តិចម្ដងៗ តាមរយៈការលួចបន្លំបង្កប់នូវក្នុងសារធាតុគីមី ដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្ម កាត់ដេរ សំណង់ ម្ហូបអាហារ និងសុខាភិបាល ដែលស្ថិតក្នុងក្របខណ្ឌច្បាប់ជាតិ និងអន្តរជាតិ ។ «មិនមែនក្រុមឧក្រិដ្ឋជនគ្រឿងញៀន នាំចូលម្ដងរាប់សិបតោននោះទេ»៕