ភ្នំពេញៈ នៅក្នុង​ខួបអាពាហ៍ពិពាហ៍ គម្រប់​ ៤៦ ​ឆ្នាំ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក​បានស្នើ​ទៅដល់​គូស្រករ​ដែល​សម្រេចចិត្ត​លែងលះ​ ឬ​បែកផ្លូវ​គ្នា កុំ​ធ្វើការ​បរិហារកេរ្តិ៍ ឬ​ជេរប្រមាថ​គ្នា​បង្ហោះ​តាម​បណ្តាញសង្គម​ហ្វេសប៊ុក​ដើម្បី​រក្សា​កិត្តិយស​ឱ្យ​គ្នា​ទៅវិញទៅមក ជាពិសេស​កិត្តិយស​របស់​កូនៗ​។ លោក​បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​ប្រគល់​ប្រាក់​រង្វាន់​ជូន​កីឡាការិនី អ៊ុក ស្រីមុំ ក្រោយ​ដណ្តើមបាន​មេដាយមាស​ពិភពលោក ពី​ការប្រកួត​កីឡា​ប៉េតង់​នៅ​ប្រទេស​អេស្ប៉ាញ​នា​ព្រឹក​ថ្ងៃទី​ ៥ មករា ២០២២ នៅ​វិមាន​សន្តិភាព​។

លោក​មានប្រសាសន៍​ថា​៖ «​ខ្ញុំ​ស្នើសុំ​ដូចនេះ តើ​យើង​អាច​ទុក​កិត្តិយស​ឱ្យ​គ្នា​បានទេ​? យ៉ាងហោចណាស់​យើង​ក៏​ធ្លាប់បាន​ស្រឡាញ់គ្នា ទោះ​ ១ ​ម៉ោង ២ ​ម៉ោង ១​ ឬ​ ២ ​ថ្ងៃ ១​ ឬ​ ២​ ខែ ១​ ឆ្នាំ​ ឬ​ ២ ​ឆ្នាំ​ហើយ ហើយ​បន្ថែម​លើ​នោះ​ថ្ងៃក្រោយ តើ​កិត្តិយស​កូន​របស់​យើង​វា​នឹង​ទៅជា​យ៉ាងណា​»​។

នៅពេលដែល​មានការ​ជេរប្រមាថ​គ្នា នៅពេល​បច្ចុប្បន្ននេះ គេ​មើលងាយ​ម្តាយ​ឪពុក ប៉ុន្តែ​កូន​នឹងត្រូវ​បាន​គេ​មើលងាយ​នៅ​ថ្ងៃក្រោយ ដែល​ធ្វើឱ្យមាន​ការប៉ះពាល់​អារម្មណ៍​របស់​កូន​យ៉ាងធ្ងន់ធ្ងរ​។ លោក ហ៊ុន សែន បានបញ្ជាក់​បន្ថែមទៀត​ថា ប្រសិនបើ​មិន​ត្រូវរ៉ូវ​គ្នា​ហើយ គួរតែ​ចែកផ្លូវ​គ្នា​ដោយ​ស្ងាត់ស្ងៀម រាប់អាន​គ្នា​ជាធម្មតា និង​បន្ត​ជួយ​អាហារកិច្ច​ទៅដល់​កូន​រៀងៗ​ខ្លួន​។


លោក ហ៊ុន សែន បាន​ថ្លែងថា​៖ «​សុំ​កុំ​ហែកហួរ​គ្នា ជេរ​គ្នា​តាម​ហ្វេសប៊ុក​បានទេ សុំ​អង្វរករ​ចំណុច​នេះ​បន្តិច​ចុះ ដោយសារ​វា​ដូចជា​ជ្រុល​ពេក​។ តើ​អាច​ទុក​កិត្តិយស​ឱ្យ​គ្នា​បានទេ​? នេះ​ជា​សម្ដី​របស់​អ្នក​អប់រំ​ដែលមាន​បទពិសោធ​ក្នុង​ជីវិត​ឆ្លងកាត់​ ៤៦ ​ឆ្នាំ​ហើយ​។ ចំណុច​សំខាន់​គឺ​ខ្ញុំ​អាណិតកូនៗ តើ​ថ្ងៃក្រោយ​វា​គិត​យ៉ាងម៉េច ហើយ​វា​ប៉ះពាល់​ដល់​អារម្មណ៍​កូនៗ ដែល​ធ្វើឱ្យ​កូន​មិនអាច​រៀនសូត្រ​បាន​»​។

លោក ឈត ប៊ុនថន មន្ត្រី​ស្រាវជ្រាវ​ផ្នែក​ទំនាក់ទំនង វប្បធម៌ អប់រំ និង​ទេសចរណ៍​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​គាំទ្រ​ចំពោះ​ការលើកឡើង និង​ជា​គំនិត​មួយ​ដែល​គូ​ស្វាមី​ទាំងអស់​គួរតែ​ទទួលយក​។


លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៥ ខែមករា​ថា ជាធម្មតា​ប្តី​ប្រពន្ធ​មួយចំនួន​មានការ​បែកបាក់​គ្នា ឬ​មាន​ជម្លោះ​ជាមួយគ្នា ប៉ុន្តែ​ទោះបីជា​អស់​និស្ស័យ​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ក៏ដោយ ក៏​មិនគួរណា​ជេរប្រមាថ​គ្នា​ជា​សាធារណៈ​ដូច​នេះឡើយ​។

លោក ឈត ប៊ុនថន ថ្លែងថា​៖ «​បើ​យើង​សម្រេច​ថា​បែកផ្លូវ​គ្នា​ហើយ គឺ​បែក​តាម​សន្តិវិធី តាម​ប្រពៃណី ផ្លូវ​ច្បាប់ ហើយ​រក្សា​កិត្តិយស​ឱ្យ​គ្នា​ទៅវិញ​ទៅមក ជាពិសេស​ទុក​កិត្តិយស សេចក្តី​ថ្លៃថ្នូរ​ឱ្យ​កូនៗ​ផងដែរ ដោយសារ​ការហែកហួរ​គ្នា​តាម​បណ្តាញសង្គម​ហ្វេសប៊ុក វា​មិន​ត្រឹមតែ​ខូច​កិត្តិយស​តែ​ប្តី​ ឬ​ប្រពន្ធ​ទេ តែ​វា​ប៉ះពាល់​ទៅដល់​កូនៗ​ផងដែរ​»​។

លោក ប៊ុនថន ថា នៅពេល​ដែលមាន​បញ្ហា គួរតែ​នាំគ្នា​ដោះស្រាយ​ស្ងាត់ៗ​ដោយ​ភាគី​ទាំង​ ២ ​បាន​ហើយ កុំ​ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈហើយ​សូម្បីតែ​អ្នកជិតខាង​ក៏​គួរ​កុំឱ្យ​ដឹងឮ​ផងដែរ ដោយសារ​វា​ជា​រឿង​ឯកជន​។

លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុ​ក​របស់លោក​នា​ព្រឹក​ថ្ងៃទី​ ៥ ខែមករា ថា លោក​តែងតែ​គិតថា​អ្វីដែល​លោក និង​ភរិយា​បាន​ឆ្លងកាត់​ក្នុងសម័យ​សង្គ្រាម​គឺ​ពុំគួរ​ឱ្យ​ជឿថា លោក​អាចមាន​ជីវិត​រហូតមក​ដល់​សព្វថ្ងៃ​នេះឡើយ​។ ជីវិត​យុទ្ធជន​ក្នុង​ភ្លើងសង្គ្រាម ពិសេស​ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​ត្រូវ​តស៊ូ​ផ្ដួលរំលំ​ដោយ​យក​ជីវិត​ធ្វើ​ដើមទុន គឺ​មិនមែនជា​រឿង​សាមញ្ញ​នោះឡើយ​។

លោក​ថា​៖ «​ចាប់ផ្តើម​ពី​ប្តី​ប្រពន្ធ​ដ៏​កម្សត់​វ័យក្មេង​ ២​ នាក់ ដែល​ពេលនោះ​ខ្ញុំ​មាន​អាយុ​ ២៤ ​ឆ្នាំ ឯ​ភរិយា​ខ្ញុំ អាយុ​ ២២​ ឆ្នាំ រហូតមកដល់​ពេលនេះ​យើង​មានកូន និង​ចៅ​យ៉ាងច្រើន ប៉ុន្តែ​នៅតែ​ចងចាំ​ជានិច្ច​ចំពោះ​ជីវិត​តស៊ូ​ដ៏លំបាក​បំផុត​របស់ខ្ញុំ និង​ភរិយា​ជា​ទីស្រឡាញ់​»​។ សៀវភៅ​គូព្រេង​មិន​ព្រាត់​ដែល​លោក​បាន​សរសេរ​រៀបរាប់​ពី​ជីវិត​ប្តី​ប្រពន្ធ​របស់លោក ត្រូវបាន​បោះពុម្ព​ជា​ភាសា​ខ្មែរ អង់គ្លេស និង​ចិន​។ រីឯ ភាពយន្ត​រឿង​កូនប្រុស​ក្រោម​ពន្លឺព្រះច័ន្ទ​ពេញបូណ៌មី​ក៏​​ចាប់ផ្តើម​ថត អាច​ប្រើ​រយៈពេល​ ១៤ ​ខែ​ទើប​អាច​បញ្ចប់​បាន​៕