ភ្នំពេញៈ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC មានផែនការរំដោះផ្ទៃដីរងផលប៉ះពាល់ ដោយសារគ្រាប់មីន តំបន់គ្រាប់បែកចង្កោម និងតំបន់សំណល់គ្រាប់យុទ្ធភណ្ឌពីសង្គ្រាមនានា ឱ្យបានចំនួនប្រមាណជិត ២០០ គីឡូម៉ែត្រក្រឡា នៅក្នុងឆ្នាំ ២០២២ ដែលតួលេខនេះ កើនឡើង ជិត ៩០ ភាគរយ បើប្រៀបធៀបទៅនឹងផែនការឆ្នាំ ២០២១។ នេះបើតាមលោក ហេង រតនា អគ្គនាយក CMAC។
លោកបានថ្លែងនៅថ្ងៃទី ៤ ខែមករាថា ផែនការរំដោះផ្ទៃដី ចំនួនប្រមាណជិត ២០០ គីឡូម៉ែត្រក្រឡានៅក្នុងឆ្នាំ ២០២២ នេះ គឺមានការកើនឡើង ជិត ៩០ ភាគរយ បើប្រៀបធៀបក្នុងឆ្នាំ ២០២១ កន្លងទៅ ដែលមានចំនួនតែ ១១៧ គីឡូម៉ែត្រក្រឡា។
លោកបានថ្លែងថា៖ «នេះជារបត់ថ្មីនៃយុទ្ធសាស្ត្រដើម្បីគាំទ្រផែនការយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល គឺចុងឆ្នាំ ២០២៥" កម្ពុជាគ្មានការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្ស" ដែលការប្តេជ្ញាចិត្តនេះ ស្របតាមស្មារតីនៃអនុសញ្ញាអន្តរជាតិអូតាវ៉ា នៃការហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស»។
លោក ហេង រតនា លើកឡើងថា ផែនការយុទ្ធសាស្ត្រ ១ ទៀត CMAC និងបង្កើនការងារអប់រំ និងជួយសង្គ្រោះជនពិការដោយសារមីន ទៅដល់ខ្នងផ្ទះចំនួនជាង ៦០ ម៉ឺន ដែលគិតពីចំនួនមនុស្សប្រមាណជាង ១ លាននាក់ ព្រមទាំងពង្រឹងបណ្តាញនៅតាមតំបន់ដែលមានការគំរាមកំហែងទាប ដូចជានៅខេត្តកែប ខេត្តកំពត កោះកុង កំពង់ស្ពឺ និងតាកែវជាដើម។ CMAC នឹងខិតខំធ្វើការក្នុងតំបន់ខេត្តទាំងនេះ ឱ្យទៅជាខេត្តគ្មានការគំរាមកំហែង ដោយសារគ្រាប់មីនប្រឆាំងមនុស្សក្នុងឆ្នាំ ២០២២។
បន្ថែមលើនោះ CMAC នឹងបន្តខិតខំក្នុងការហ្វឹកហ្វឺន កិច្ចសហប្រតិបត្តិការអន្តរជាតិ និងធ្វើការងារកំណែទម្រង់ផ្ទៃក្នុងដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងឆ្នាំ ២០២២ ឈានដល់ឆ្នាំ ២០២៥ ខាងមុខនេះ តាមរយ:ការពង្រឹងសមត្ថភាព និងវិន័យ ជំនាញកម្លាំងជួរមុខ អ្នកគ្រប់គ្រងជួរកណ្តាល តាមភូមិភាគ/ខេត្ត បំពាក់សម្ភារបច្ចេកទេស និងបទដ្ឋានប្រតិបត្តិ។
លោក ហេង រតនា ប្រាប់ទៀតថា ក្នុងឆ្នាំ ២០២២ នេះ CMAC ក៏មានយុទ្ធសាស្ត្រសំខាន់មួយទៀតគឺ កំពុងតែជំរុញការងារបោសសម្អាតមីន ដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចជាពិសេសក្រោយបរិបទបញ្ហាកូវីដ ១៩។ លោកថ្លែងថា៖ «យើងសំដៅទៅតំបន់មួយចំនួនឱ្យអស់សមត្ថភាពដែលអាចធ្វើទៅបាន ដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដូចជាតំបន់ទេសចរណ៍ វប្បធម៌ធម្មជាតិ តំបន់ប្រាសាទ ហើយនិងតំបន់នៃការផ្តល់ដីសង្គមកិច្ច ជូនអ្នកក្រីក្រគ្មានដីដើម្បីធ្វើការអភិវឌ្ឍ មានន័យថា តំបន់អស់ហ្នឹងជាតំបន់អាទិភាពរបស់យើង ហើយបូកបន្ថែមនឹងតំបន់តាមបណ្តោយព្រំដែនទាំងអស់»។ បើតាមលោក ហេង រតនា មហិច្ឆតារបស់អង្គភាពស៊ីម៉ាក់ អាចដោះស្រាយបញ្ហាតំបន់គ្រាប់មីននៅសេសសល់ដែលមានកំណត់ត្រាក្នុងទិន្នន័យជាតិបានប្រមាណជាង ៩០% ពោលគឺប្រមាណជាង ៧០០ គីឡូម៉ែត្រក្រឡា ក្នុងរយ:ពេល ៤ ឆ្នាំខាងមុខនេះ។
ដើម្បីសម្រេចផែនការឆ្នាំ ២០២២ នេះ និងទៅមុខទៀត អង្គភាពស៊ីម៉ាក់ បានទទួលនូវការគាំទ្រទាំងថវិកា សម្ភារបច្ចេកទេស និងការឧបត្ថម្ភពីរាជរដ្ឋាភិបាលជប៉ុនផ្ទាល់ រដ្ឋាភិបាលជប៉ុនតាមរយ: JICA និងតាមរយ:អង្គការ JMAS រដ្ឋាភិបាលចិន រដ្ឋាភិបាលអាមេរិក តាមរយ:អង្គការ NPA រដ្ឋាភិបាលន័រវែស តាមរយ:អង្គការ NPA រដ្ឋាភិបាលប៊ែលហ្ស៊ិក តាមរយ:អង្គការ APOPO និងរដ្ឋាភិបាលអូស្ត្រាលី កូរ៉េខាងត្បូង និងកាណាដា តាមរយ:យន្តការពហុភាគី UNDP/CMAA និងដៃគូមួយចំនួនទៀតផងដែរ ។
លោកទេសរដ្ឋមន្ត្រី លី ធុច អនុប្រធានទី ១ អាជ្ញាធរមីន ថ្លែងនៅថ្ងៃទី ៤ ខែមករាថា លោកមានការជឿជាក់ថា ផែនការរបស់អង្គភាពស៊ីម៉ាក់ពិតជាជំហានមួយដ៏ធំសម្រាប់សម្រេចឱ្យបានជោគជ័យនៃគោលដៅរបស់រាជរដ្ឋាភិបាលគឺ នៅក្នុងឆ្នាំ ២០២៥ កម្ពុជាគ្មានមីន ហេតុនេះ រាល់ប្រតិបត្តិករទាំងអស់ មានផែនការរបស់ខ្លួន ដើម្បីចូលរួមអនុវត្តគោលដៅនេះឱ្យបានជោគជ័យ។
លោក លី ធុច បានថ្លែងអំណរគុណទៅដល់សហគមន៍ផ្តល់ជំនួយទាំងអស់ដែលនៅតែបន្តផ្តោតការយកចិត្តទុកដាក់ដល់កម្ពុជា មិនថាមានវិបត្តិកូវីដ ១៩ កើតឡើងក៏ដោយ។ ដោយឡែកអាជ្ញាធរមីន ក៏បាននិងកំពុងស្វែងរកដៃគូថ្មីបន្ថែមទៀតគឺក្នុងវិស័យឯកជននៅកម្ពុជាដើម្បីឱ្យពួកគេចូលរួមក្នុងវិស័យមនុស្សធម៌សម្រាប់ការងារបោសសម្អាតមីន។
លោកថ្លែងថា៖ «យើងមានផែនការដោះតាមភូមិ ដែលមានការគំរាមកំហែងដោយសារជាតំបន់ងើបពីសង្គ្រាម អ៊ីចឹងក្នុងភូមិនីមួយៗ ក្រុមហ៊ុនឯកជននីមួយៗ អាចផ្តល់ការគាំទ្រដល់ការដោះមីននៅតាមចម្ការមីននីមួយៗ តាមភូមិរបស់យើងដែលយើងមាន»៕