រដ្ឋបាល​ជលផល​នៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​តែងតែ​និយម​ធ្វើ​ត្រី​ប្រហុក ឬ​ផ្អក សម្រាប់​បរិភោគ អាច​រួសរាន់​ធ្វើ​ចាប់ពី​ថ្ងៃទី ៩ ខែមករា​នេះ​តទៅ ស្រប​ពេលដែល​ការប្រមូល​ផល​នេសាទ​ក្នុងអំឡុង​ខែ​នេះ ទទួលបាន​ទិន្នផល​ច្រើន។


សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ជលផល ចុះ​ថ្ងៃទី ៦ ខែមករា​នេះ បាន​ជម្រាបជូន សាធារណជន​ឱ្យបាន​ជ្រាបថា ក្នុង​រដូវ​នេសាទ​ឆ្នាំ ២០២១-២០២២ នេះ បន្ទាប់ពី​បានធ្វើ​ការសង្កេត​តាមដាន កម្ពស់​ទឹក​ដែល​ហូរ​ចេញពី​បឹង​ទន្លេសាប ពិនិត្យឃើញថា គន្លង​ដាយ​នៅតាម​ដង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ អាច​បន្ត​នេសាទ​ត្រី​បាន​ច្រើន ចាប់ពី​ថ្ងៃទី ៩ ដល់​ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ ប្រសិនបើ​មេឃ​ស្រឡះ​ល្អ គ្មាន​ភ្លៀង​កក់ខែ ឬ​ទទួលរង​ឥទ្ធិពល​ព្យុះ។

យោង​លើ​ស្ថានភាព​ដូច​បាន​ជម្រាបជូន​ខាងលើ រដ្ឋបាល​ជលផល​បាន​ណែនាំ​ប្រជាពលរដ្ឋ​ដែល មានបំណង ធ្វើ​ប្រហុក ផ្អក ឬ​ត្រីឆ្អើរ សម្រាប់​ទុក​បរិភោគ​ប្រចាំឆ្នាំ​នោះ សូម​អញ្ជើញ​មក​ទិញ​ត្រី​ឱ្យបាន​រួសរាន់ តាម​ពេលវេលា និង​ទីកន្លែង​ដូច​បាន​ជម្រាបជូន​ខាងលើ។


ចំពោះ​ករណីនេះ រដ្ឋបាល​ជលផល​សូម​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ មេត្តាជួយ​បង្កលក្ខណៈ​ងាយស្រួល​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ ស្នាក់នៅ និង​ដឹកជញ្ជូន​ផលិតផល​ផល​នេសាទ​បាន​ដោយ​រលូន​តាម​ការគួរ។ ទន្ទឹមនឹងនេះ រដ្ឋបាល​ជលផល​ក៏​សូម​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ មេត្តា អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​អំពី​វិធានការ​ការពារ​មេរោគ​កូវីដ ១៩ ឱ្យបាន​ខ្ជាប់ខ្ជួន​ផងដែរ។

ពាក់ព័ន្ធ​រដូវ​សម្បូរ​ត្រី​នេះ រដ្ឋបាល​ជលផល ក៏បាន​ធ្លាប់បាន​ណែនាំ​ពលរដ្ឋ​ឱ្យធ្វើ​ប្រហុក ផ្អក ទុក​ផងដែរ កាលពី​ថ្ងៃទី ១២ ដល់​ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ៕