ភ្នំពេញៈ អ្នកធ្វើអាជីវកម្ម ដាយត្រី ​ក្នុង​រាជធានី​ភ្នំពេញ​បាន​និយាយថា ប្រភេទ​ត្រី​ប្រហុក​ឆ្នាំនេះ​មិនសូវ​ល្អ​ដូច​ឆ្នាំមុនៗ​នោះទេ ដោយសារ​សម្បូរ​តែ​ប្រភេទ​ត្រី​ចង្វា​ស្លឹក​ឫស្សី ដែលជា​ទូទៅ​គេ​មិន​និយម​យក​ត្រី​ប្រភេទ​នេះ​មក​ធ្វើជា​ប្រហុក ផ្អក ឬ​ត្រីឆ្អើរ​ឡើយ ខណៈ​មន្ត្រី​នៃ​រដ្ឋបាល​ជលផល​ឱ្យដឹងថា បរិមាណ​ត្រី​ក្នុង​រដូវកាល​ត្រី​ត្រូវ វគ្គ​ដំបូង​សម្រាប់​ឆ្នាំនេះ​មាន​ការធ្លាក់ចុះ​។


លោក ម៉ូត ហូសាន់ ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ក្នុង​ផ្ទៃ​ទន្លេសាប ជួរ​គន្លង​ទី​ ៤ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ប្រភេទ​ត្រី​ប្រហុក​ក្នុង​រដូវកាល​ត្រី​ប្រហុក​វគ្គ​ ២ ឆ្នាំនេះ​ [​ពីថ្ងៃ​ទី​ ៩-១៤ ខែមករា ២០២២]​ មិន​ខុសគ្នា​ទៅនឹង​រដូវកាល​ត្រី​ប្រហុក​វគ្គ​ដំបូង ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​ ១២-១៩ ខែធ្នូ ឆ្នាំ​ ២០២១ ​ឡើយ គឺ​សម្បូរ​តែ​ប្រភេទ​ត្រី​ចង្វា​ស្លឹក​ឫស្សី​។

លោក ហូសាន់ បាន​និយាយថា​៖ «​ត្រី​ចង្វា​ស្លឹក​ឫស្សី គេ​មិន​និយម​ធ្វើ​ប្រហុក ផ្អក ឬ​យកទៅ​ឆ្អើរ​នោះទេ ព្រោះ​វា​ងាយ​ពុកផុយ ឬ ខារ​មិនអាច​យកទៅ​បរិភោគបាន​។ ម្យ៉ាងទៀត​ត្រី​ប្រភេទ​នេះ​មាន​សាច់​ទន់ជ្រាយ មិន​ហាប់​ណែន​ដូចជា​ប្រភេទ​ត្រី​រៀល ត្រីលិញ ត្រី​កន្លង់ និង​ត្រី​ចង្វាមូល​នោះទេ​»​។ ដោយសារ​ត្រី​នេះ​គេ​មិនសូវ​ពេញនិយម ដូច្នេះ​តម្លៃ​របស់​វា​ថោក​ជាង​ត្រី​រៀល និង​ត្រី​ផ្សេងទៀត គឺ លក់បាន​ត្រឹមតែ​ពី​ ១ ០០០ ​រៀល​ទៅ​ ១ ២០០ ​រៀល​ប៉ុណ្ណោះ ក្នុង​ ១ ​គីឡូក្រាម ខណៈ​ត្រី​រៀល​លក់បាន​ក្នុងតម្លៃ​ពី ២ ៥០០​ រៀល ទៅ​ ៣ ០០០​ រៀល​ក្នុង​ ១ ​គីឡូក្រាម​។


លោក​ ហូសាន់ បាន​និយាយ ដោយ​ដក​ដង្ហើមធំ​ថា​៖ «​ត្រី​ប្រហុក​ឆ្នាំនេះ​ខ្សត់​ជាង​ឆ្នាំមុន ចំណែក​តម្លៃ​វិញ​ក៏​ថោក​ជាង​ឆ្នាំមុន​ដែរ​»​។

បើតាម​លោក ហូសាន់ កាលពី​ឆ្នាំមុន ប្រភេទ​ត្រីរៀល​សុទ្ធ សម្រាប់​ធ្វើ​ប្រហុក គាត់​លក់បាន​ក្នុងតម្លៃ​ ៧ ០០០ ​រៀល ក្នុង​ ១ ​គីឡូក្រាម ចំណែក​ត្រី​ចម្រុះ​ប្រភេទ សម្រាប់ធ្វើ​ប្រហុក គាត់​លក់​បាន​ក្នុងតម្លៃ​ ៥ ០០០​ រៀល​ក្នុង​ ១ ​គីឡូក្រាម​។


ទោះយ៉ាងណា លោក ហូសាន់ ដែល​ប្រកបមុខរបរ​ធ្វើ​អាជីវកម្ម​ដាយត្រី​នេះ តាំងពី​ឪពុកម្ដាយ​របស់គាត់​តាំងពី​ទសវត្សរ៍​ឆ្នាំ​ ១៩៨០ ​មក​នោះ​បាន​បន្ថែមថា នៅក្នុង​រដូវកាល​ត្រី​ប្រហុក​ផ្អក វគ្គ​ដំបូង​ឆ្នាំនេះ គាត់​ចាប់​ត្រី​បាន​ប្រមាណ​ជាង​ ៣០ ​តោន ហើយ​ក្នុង​រយៈពេល​ ២​ថ្ងៃ​នៃ​ការចាប់ផ្ដើម​រដូវកាល​ត្រី​ប្រហុក​វគ្គ​ ២​ នេះ គាត់​ចាប់​ត្រី​បាន​ប្រមាណ​ជិត​ ៦​ តោន​បន្ថែមទៀត​។ ប៉ុន្តែ​ចំនួន​នេះ​មាន​ការ​ថយចុះ​ប្រមាណ​ ៥ ​តោន បើ​ធៀប​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ចំណែក​លោក គឹម នាង ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ក្នុង​ផ្ទៃ​ទន្លេសាប​ក្នុង​តំបន់​ច្រាំង​ចំរេះ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​បាន​និយាយថា រដូវកាល​ត្រី​ប្រហុក​វគ្គ​ ២ ​នេះ និង​អូសបន្លាយ​រហូតដល់​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​ក្រោយ ប្រសិនបើ​ផ្ទៃមេឃ​ស្រឡះ​ល្អ គ្មាន​ភ្លៀង​កក់ខែ និង​គ្មាន​ឥទ្ធិពល​ព្យុះ​ឬ ​វិសម្ពាធ​ណាមួយ​មក​រំខាន​ទេនោះ​។

លោក គឹម នាង និយាយថា​៖ «​នៅពេលនេះ យើង​ចាប់​ត្រី​បាន​ច្រើនជាង​រដូវកាល​វគ្គ​ដំបូង ប៉ុន្តែ​វា​សម្បូរ​តែ​ត្រី​ចង្វា​ស្លឹកឫស្សី​ប៉ុណ្ណោះ លក់​មិនបាន​ថ្លៃ​ទេ ទោះយ៉ាងណា វា​ប្រសើរ​ជាង​អត់​»​។

តាម​ការកត់សម្គាល់​របស់​លោក គឹម នាង រដូវកាល​ត្រី​សម្បូរ​សម្រាប់​ចាប់​យកមក​ធ្វើ​ប្រហុក ផ្អក ឬ​ឆ្អើរ​សម្រាប់​ទុក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ឬ ស្តុក​ទុក​លក់​យកចំណេញ​នោះ គឺមាន​តែ​ ២​ទៅ​ ៣ ​លើក​ប៉ុណ្ណោះ​ក្នុង​ ១​ ឆ្នាំ គឺ​នៅក្នុង​ «​ខ្នើត​មាឃ​តូច ខ្នើត​ខែបុស្ស និង​ខ្នើត​មាឃ​ធំ​» ដូច្នេះ​អ្នក​ដែល​និយម​ធ្វើ​ប្រហុក ផ្អក ត្រីងៀត និង ត្រីឆ្អើរ គប្បី​ប្រញាប់ប្រញាល់​រក​ទិញ​ត្រី​នៅក្នុង​រដូវកាល​នេះ​។

ជុំវិញ​ករណីនេះ​លោក អ៊ឹង ទ្រី អ្នកនាំពាក្យ​រដ្ឋបាល​ជលផល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បរិមាណ​ត្រី​ក្នុង​រដូវកាល​ត្រី​ត្រូវ​វគ្គ​ដំបូង​សម្រាប់​ឆ្នាំ​ ២០២១-២០២២ ​នេះ មានការ​ធ្លាក់ចុះ​ប្រមាណ​ជិត​ ១ ០០០ ​តោន បើ​ធៀប​នឹង​រដូវកាល​ត្រី​ត្រូវ​វគ្គ​ដំបូង​ឆ្នាំមុន​ (​ឆ្នាំ​ ២០២០-២០២១)​។ ប៉ុន្តែ​នៅ​វគ្គ​ទី​ ២ ​នេះ​អាច​នឹងមាន​សម្ទុះ​កើនឡើង​បន្តិច​វិញ​។

លោក​បាន​បញ្ជាក់ថា​៖ «​ទិន្នផល​ត្រី ដែល​ចាប់បាន​នៅក្នុង​រដូវកាល​ត្រី​ត្រូវ​វគ្គ​ដំបូង​សម្រាប់​ឆ្នាំ ​២០២១-២០២២​ នេះ គឺមាន​ចំនួន​ប្រមាណ​ ៩ ០០០​ តោន ខណៈ​កាលពី​ឆ្នាំមុន រយៈពេល​ដូចគ្នា​នេះ ទិន្នផល​ត្រី​ដែល​ចាប់បាន​មាន​ចំនួន​រហូតដល់​ ៩ ៩០០ ​តោន​»​។

បើតាម​លោក អ៊ឹង ទ្រី ការ​បូកសរុប​ទិន្នផល​ត្រី​ប្រហុក នៅពេលនេះ​មិនទាន់​យក​ជា​ផ្លូវការ​នៅឡើយ​ទេ ព្រោះ​នៅ​មិនទាន់​មានការ​បូក​យោង​អំពី​ទិន្នន័យ ដែល​ប្រជាកសិករ​ចាប់បាន​នៅតាម​បណ្ដា​ស្ទឹង បឹងបួ ព្រែក នៅឡើយ​ទេ​៕