ស្ទឹងត្រែងៈ អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​តាមរយៈ​ការស្នើសុំ​របស់​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តស្ទឹងត្រែង​បាន​ជួយ​សាង​សង់សាលា​មធ្យមសិក្សា​បឋមភូមិ​ថ្មី​មួយ​ដែលមាន​​ឈ្មោះថា «​អនុវិទ្យាល័យ​កាំងចាម​» នៅ​តំបន់​ដាច់ស្រយាល​ក្នុង​ឃុំ​កាំងចាម ស្រុក​ថាឡាបរិវ៉ាត់ ខណៈ​តំបន់​នេះ​កន្លងមក​សិស្សានុសិស្ស​មានការ​លំបាក​ក្នុង​ការបន្ត​ការសិក្សា​ក្រោយ​បញ្ចប់​ថ្នាក់បឋមសិក្សា​។


នៅ​ថ្ងៃទី​ ១២ ខែមករា ឆ្នាំ​ ២០២២ អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា និង​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តស្ទឹងត្រែង​បានធ្វើ​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២១-២០២២ ដោយបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​សាលា​មធ្យមសិក្សា​បឋមភូមិ​ថ្មី​នេះ​។

យោងតាម​ប្រព័ន្ធ​គ្រប់គ្រង និង​ព័ត៌មាន​អប់រំ​ (EMIS 2018-2019) ការអប់រំ​មធ្យមសិក្សា​បឋមភូមិ​ក្នុង​ខេត្តស្ទឹងត្រែង​ស្ថិតនៅក្នុង​ស្ថានភាព​ត្រូវ​ធ្វើឱ្យ​ប្រសើរឡើង បើ​ប្រៀបធៀប​ទៅនឹង​ទិន្នន័យ​ថ្នាក់ជាតិ​។ អត្រា​បន្ត​ការសិក្សា​ពី​បឋមសិក្សា​ទៅ​អនុវិទ្យាល័យ​គឺ​ ៧៩,២ ​ភាគរយ (​ក្មេងស្រី ៨១,៦ ​ភាគរយ​) ​ធៀប​​នឹង​អត្រា​ថ្នាក់ជាតិ​ ៨៤,៣ ​ភាគរយ ខណៈ​អត្រា​ឡើង​ថ្នាក់​គឺ ៧៩,៤ ​ភាគរយ​ (​ក្មេងស្រី ៧៨,៩ ​ភាគរយ​) ​ធៀប​នឹង​អត្រា ៨១,៤ ​ភាគរយ​នៅ​ថ្នាក់ជាតិ​។


ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​នេះ ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​បានស្នើ​ឱ្យ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​ជួយ​កសាង​អនុវិទ្យាល័យ​ថ្មី​មួយ​​នេះ​ឡើង នៅ​ស្រុក​ថាឡាបរិវ៉ាត់​ដែល​ទីនេះ​សិស្ស​បឋមសិក្សា​ភាគច្រើន​មិនអាច​ចូលរៀន​នៅ​ថ្នាក់​អនុវិទ្យាល័យ​បាន​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​។

ការគាំទ្រ​នេះ​នឹង​ជួយ​បង្កើន​អត្រា​បន្ត​ការសិក្សា​ពី​បឋមសិក្សា​ទៅ​អនុវិទ្យាល័យ បង្កើន​អត្រា​ការបន្ត​ការសិក្សា និង​អត្រា​បញ្ចប់​ការសិក្សា​របស់​សិស្ស​អនុវិទ្យាល័យ ជាពិសេស​កុមារី និង​កុមារ​ដែល​ជួប​ការលំបាក​នៅ​តំបន់​ដាច់ស្រយាល​នៃ​ខេត្តស្ទឹងត្រែង​នេះ​។ នេះ​​បើតាម​ការបញ្ជាក់​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន ។


លោក យី គីមថាន នាយក​ប្រចាំ​ប្រទេស​ស្តីទី​នៃ​អង្គការ​​ភ្លែន​អន្តរជាតិ​កម្ពុជា​ថ្លែងថា ការគាំទ្រ​សិស្សានុសិស្ស​បន្ត​ការសិក្សា​នៅ​អនុវិទ្យាល័យ និង​​បញ្ចប់​ការអប់រំ​មូលដ្ឋាន​រយៈពេល​ ៩ ​ឆ្នាំ​គឺជា​ផ្នែក​មួយ​នៃ​ការប្តេជ្ញាចិត្ត​របស់​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​ក្នុងការ​គាំទ្រ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​​ចីរភាព​ (SDG) ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ស្របតាម​យុទ្ធសាស្ត្រ​ប្រចាំ​ប្រទេស​ថ្មី​របស់​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​គឺ​ ២,៥ ​លាន​ហេតុផល ដើម្បី​រក្សា​ឱ្យបាន​តាម​មហិច្ឆតា​ដោយ​ផ្តល់​ប្រយោជន៍​ដល់​ក្មេងស្រី​ និង​ស្ត្រី​វ័យក្មេង​ ២,៥ ​លាន​នាក់​នៅ​កម្ពុជា​ក៏ដូចជា កម្មវិធី​អភិវឌ្ឍន៍​ជា​សកល​របស់​អង្គការ​ភ្លែន​អន្តរជាតិ​ផងដែរ​។

លោក​ថ្លែងថា​៖ «​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​នឹង​បន្ត​វិនិយោគ​លើ​វិស័យ​អប់រំ​ដោយ​ឆ្លើយតប​នឹង​តម្រូវការ​បន្ទាន់​របស់​ក្មេងស្រី ប្រុស និង​កុមារ​ដែល​ជួប​​ការលំបាក​នៅ​តំបន់​ដាច់ស្រយាល​»​។

លោក ចាន់ សម្ផស្ស អនុប្រធាន​មន្ទីរ​អប់រំ​យុវជន​ និង​កីឡា ខេត្ដ​ស្ទឹងត្រែង​ថ្លែងថា អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​តែងតែ​ជួយ​ដល់​វិស័យ​អប់រំ និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅតាម​តំបន់​ដាច់ស្រយាល​ក្នុង​ខេត្ដ​ស្ទឹងត្រែង​។

លោក​ថ្លែងថា​៖ «​នេះ​គឺជា​អនុវិទ្យាល័យ​ដែល​បង្កើត​ថ្មី មាន​ឈ្មោះថា​អនុវិទ្យាល័យ​កាំងចាម​។ អនុវិទ្យាល័យ​នេះ អង្គការ​ភ្លែន​បាន​ជួយ​សាងសង់​អគារសិក្សា​ ១​ ខ្នង​មាន​ ៣ ​បន្ទប់ និង​បន្ទប់ទឹក​អនាម័យ​ ១​ មាន ​២ ​បន្ទប់​។

បើតាម​ទិន្នន័យ​នៅ​ដើមឆ្នាំ​នៃ​ថ្ងៃ​បើក​បវេសនកាល​ថ្ងៃ​ដំបូង​ពីថ្ងៃ​ទី​ ១២ មករា អនុវិទ្យាល័យ​នេះ​មាន​សិស្ស​ចូលរៀន​សរុប​ ៩៩ ​នាក់​។ លោក​ថា​កាលពី​មិនទាន់​​មាន​អនុវិទ្យាល័យ​នេះ សិស្សានុសិស្ស​នៅ​ឃុំ​ចាម​នេះ​ត្រូវ​ឆ្លងទៅ​រៀន​ថ្នាក់​អនុវិទ្យាល័យ​កន្លែង​ផ្សេង​ដែលមាន​ការលំបាក ដោយសារ​ផ្លូវ​ឆ្ងាយ និង​ត្រូវ​ឆ្លងស្ទឹង​។

លោក យី គីមថាន បញ្ជាក់ថា អង្គការ​​ភ្លែន​អន្តរជាតិ​កម្ពុជា គឺជា​អង្គការ​អភិវឌ្ឍន៍ និង​មនុស្សធម៌​មួយ ដែល​លើក​កម្ពស់​សិទ្ធិ​កុមារ​ និង​សមភាព​ក្មេងស្រី​។

លោក​បន្តថា​៖ «​យើង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ពិភពលោក​មួយ​យុត្តិធម៌​ដោយ​ធ្វើ​ការរួម​គ្នា​ជាមួយ​កុមារ យុវជន អ្នកគាំទ្រ និង​ស្ថាប័ន​ដៃគូ​របស់​យើង​។ ​ជាមួយនឹង​បទពិសោធ​ជាង​ ៨០ ​ឆ្នាំ​នៅ​ទូទាំង​ពិភពលោក កម្មវិធី​របស់​អង្គការ​ភ្លែន​អន្តរជាតិ​មាន​គោលបំណង​គាំទ្រ​ក្មេងស្រី​ និង​ក្មេងប្រុស​រៀនសូត្រ​ដឹកនាំ​សម្រេចចិត្ត និង​អភិវឌ្ឍ​។ យើង​បានចាប់ផ្តើម​បេសកកម្ម​របស់​យើង​នៅ​ប្រទេស​កម្ពុជា​​ក្នុង​ឆ្នាំ​ ២០០២»៕