ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​បានដាក់​ចេញ​នូវ​វិធានការ​ចំនួន​ ៧​ ចំណុច​ ដើម្បី​ត្រៀម​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ ខណៈដែល​ជាទូទៅ គេ​កត់សម្គាល់​ឃើញថា ភ្លើង​ឆេះព្រៃ​បង្កឡើង​ដោយ​សកម្មភាព​មនុស្ស តាមរយៈ​ការដុត​ព្រៃ ដុត​គល់​ជញ្ជ្រាំង​តាម​វាលស្រែ និង​ការដុត​ភ្លើង​យក​ឃ្មុំ​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​។


លោក​ វេង សាខុន បានដាក់​ចេញ​នូវ​វិធានការ​មួយចំនួន ដើម្បី​ណែនាំ​ឱ្យ​អង្គភាព​ជំនាញ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​រាជធានី​ខេត្ត រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ រួមទាំង​សហគមន៍​ព្រៃឈើ សហគមន៍​នេសាទ និង​សហគមន៍​កសិកម្ម​ចូលរួម​សហការ អនុវត្ត​ទប់ស្កាត់​ករណី​ភ្លើង​ឆេះ​ព្រៃ​នៅក្នុង​រដូវក្ដៅ​ឆ្នាំនេះ​។ លោក​ថា​៖ «​ជា​រៀងរាល់ឆ្នាំ​ភ្លើង​ឆេះ​ព្រៃ​បាន​បង្កឱ្យមាន​បញ្ហា​ដ៏ធ្ងន់ធ្ងរ​ដល់​ការបាត់បង់​ធនធាន​ព្រៃឈើ ព្រៃ​លិច​ទឹក​ ​និង​រាលដាល​រហូតដល់​ឆេះ​ស្រូវ និង​ភូមិករ​របស់​ប្រជាពលរដ្ឋ​ហើយ​បាន​បង្ក​វិនាសកម្ម និង​ការខាតបង់​យ៉ាងធ្ងន់ធ្ងរ​ដល់​សង្គម សេដ្ឋកិច្ច​ជនបទ សេដ្ឋកិច្ចជាតិ​ធនធានធម្មជាតិ និង​បរិស្ថាន​»​។

យោងតាម​សេចក្ដី​ណែនាំ​ស្តីពី​ «​វិធានការ បង្ការ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​»​ ចុះ​ថ្ងៃទី ​៦ ខែមករា​ឆ្នាំ ២០២២ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួលបាន​នៅ​ថ្ងៃទី​ ១១ ​មករា លោក រដ្ឋមន្ត្រី វេង សាខុន បាន​ដាក់ចេញ​វិធានការ​ ៧ ​ចំណុច​ដែល​រួមមាន ទប់ស្កាត់​ការប្រើប្រាស់​ភ្លើង​ជា​មធ្យោបាយ ដើម្បី​យក​ឃ្មុំ ការដុត​ស្ទាក់ចាប់​សត្វ និង​ការដុត​វាលស្មៅ ដើម្បី​យក​ល្បាស់​ធ្វើ​ចំណី​សត្វពាហនៈ​។ ទប់ស្កាត់​ការកាប់​ឆ្ការ គាស់រាន ឈូសឆាយ ដុត​ព្រៃឈើ និង​ព្រៃ​លិចទឹក ដើម្បី​ពង្រីក​ផ្ទៃដី​ដំណាំ​កសិកម្ម ឬ​ក្នុង​គោលបំណង​ផ្សេងៗ​ទៀត ជា​សកម្មភាព​ល្មើសច្បាប់​ដែល​នាំមក​នូវ​ភ្លើង​ឆេះ​ព្រៃឈើ ព្រៃ​លិច​ទឹក និង​រាលដាល​រហូតដល់​ស្រូវ និង​ភូមិករ​របស់​ប្រជាពលរដ្ឋ​។


ក្នុង​ករណី​ចាំបាច់​ដែល​ត្រូវ​ប្រើ​ភ្លើង​ជា​មធ្យោបាយ ក្នុង​ការដុត​កាកសំណល់​ក្រោម​គោលបំណង​ដាំ​ដំណាំ​កសិកម្ម និង​សកម្មភាព​ស្របច្បាប់​ផ្សេងទៀត ត្រូវ​ជូនដំណឹង​ដល់​មន្ទីរ​កសិ​កម្ម រុក្ខាប្រមាញ់ និង​នេសាទ​រាជធានី-ខេត្ត​សាមី ដើម្បី​ណែនាំ​អនុវត្ត​វិធានការ​បច្ចេកទេស​សមស្រប​ដែល​អាច​ធានា​សុវត្ថិភាព​ចំពោះ​ភ្លើង​ឆេះ​ព្រៃ​។ ការរុករក​ផល​អនុផល​ព្រៃឈើ​ជា​ប្រពៃណី និង​សកម្មភាព​ផ្សេង​ទៀត ដែល​ចាំបាច់​ត្រូវ​ប្រើ​ភ្លើង​ជា​មធ្យោបាយ ​(​ដុត​រណ្តៅជ័រ​)​ ត្រូវ​ណែនាំ​ពន្លត់ភ្លើង​ជា​ចាំបាច់​មុនពេល​ចាក​ចេញពី​ដើមឈើ​ច្បោះ​ជ័រ​ ឬ​ទីតាំង​ដែល​ប្រើ​ភ្លើង​នោះ​។ ក្នុងករណី​កើតមាន​ភ្លើង​ឆេះ​ព្រៃ​ត្រូវ​ប្រញាប់​ចាត់​វិធានការ​ទប់ស្កាត់​ជាបន្ទាន់​តាមរយៈ​ការប្រកាសអាសន្ន ហើយ​គណៈបញ្ជាការ​ឯកភាព​រាជធានី-ខេត្ត ត្រូវ​ដឹកនាំ​បញ្ជា​ផ្ទាល់​ក្នុង​ការប្រើ​កម្លាំង​សរុប​រួមមាន​ប្រជាពលរដ្ឋ សហគមន៍​សិស្សានុសិស្ស ព្រះសង្ឃ មន្ដ្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ ដែល​ឈរជើង​នៅក្នុង​មូលដ្ឋាន​នោះ​ ដើម្បី​រួមគ្នា​ទប់ស្កាត់ និង​ពន្លត់​ភ្លើងព្រៃ​ឱ្យមាន​ប្រសិទ្ធភាព​។

ក្រោម​ការដឹកនាំ​របស់​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​រាជធានី​-​ខេត្ត មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​ជន​ណា​ដែល​បាន​កាប់​រុករាន ដុត​ព្រៃ និង​កាន់កាប់​ដីព្រៃ​ឈើ​ដែល​ឆេះ​ហើយដោយ​អនាធិបតេយ្យ ដែល​ផ្ទុយ​នឹង​ច្បាប់ និង​បទបញ្ជា​នានា​របស់​រាជរដ្ឋាភិបាល​។ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ក្នុង​ការហាមឃាត់ ការចូល​ប្រើប្រាស់​ដីព្រៃ​ឈើ និង​ព្រៃ​លិច​ទឹក ដើម្បី​បង្ក​លទ្ធភាព​ឱ្យ​រុក្ខជាតិ​ដុះ​ឡើងវិញ​តាម​លក្ខណៈ​ធម្មជាតិ​។


ជុំវិញ​សេចក្ដី​ណែនាំ​នេះ​លោក​ ឡុង សូចែត ប្រធាន​សម្ព័ន្ធ​ប្រជានេសាទ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា នៅពេល​នេះ​លោក​ និង​ក្រុមការងារ​កំពុង​ចុះ​ផ្សព្វផ្សាយ​អប់រំ​ដល់​សមាជិក​ឱ្យចូលរួម​អនុវត្ត​នូវ​វិធានការ​ទាំង​ ៧​ ចំណុច​ខាងលើនេះ ដើម្បី​ការពារ​ព្រៃលិច​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប ដែល​ធនធាន​ធម្មជាតិ​ព្រៃ​លិចទឹក និង​មច្ឆជាតិ​ទាំងនេះ​បានរួម​ចំណែក​យ៉ាង​ធំធេង ក្នុង​ការជួយ​ទ្រទ្រង់​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ជាពិសេស​ប្រជា​នេសាទ​។

លោក​បាន​ថ្លែងថា​៖ «​យោងតាម​ច្បាប់​ព្រៃឈើ និង​ច្បាប់​ជលផល ជនណា ដែល​បាន​ប្រព្រឹត្ត ឬ​បង្កឱ្យមាន​ភ្លើង​ឆេះព្រៃ ឬ​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក ដោយ​ចេតនា​ត្រូវ​ផ្តន្ទាទោស​ក្រោម​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​ ១ ឬ​បទល្មើស​ជលផល​ថ្នាក់​ទី​ ១ ដែល​ត្រូវ​ជាប់ពន្ធនាគារ​ពី​ ៥ ​ឆ្នាំទៅ​ ១០ ​ឆ្នាំ ឬ​ពី​ ៣ ​ឆ្នាំទៅ ​៥​ ឆ្នាំ​។ នេះ​ជា​សារៈសំខាន់​ដែល​សហគមន៍​យើង​បាន​ចុះ​ផ្សព្វផ្សាយ​ដល់​សមាជិក និង​ប្រជាពលរដ្ឋ​មួយចំនួន​ទៀត​នៅក្នុង​មូលដ្ឋាន​»៕