ត្បូងឃ្មុំៈ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ បាន​សំណូមពរ​ដល់​អង្គការ USAID ពិចារណា និង​បន្ត ជួយ​លើ​វិស័យ​សុខាភិបាល និង​វិស័យ​អប់រំ ដើម្បី​រួមចំណែក​ជួយ​អភិវឌ្ឍ​ខេត្ត នៅជាប់​ព្រំដែន​វៀតណាម​មួយ​នេះ​បន្ថែមទៀត ឱ្យ​កាន់តែ​រីកចម្រើន។


លោក ជាម ច័ន្ទ​សោភ័ណ បាន​សំណូមពរ​បែបនេះ ទៅកាន់​លោកស្រី ណែនស៊ី អ៊ីសលីក តំណាង​បេសកកម្ម​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​ថ្មី (USAID) ប្រចាំ​នៅ​កម្ពុជា ដែល​បាន​ដឹកនាំ​ប្រតិភូ​ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ ជាមួយ​រូបលោក នា​ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២២។ នេះ​បើតាម​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ។

ក្នុងជំនួប​នៅ​សាលាខេត្ត​ត្បូងឃ្មុំ នាឱកាស​នោះ លោកស្រី ណែនស៊ី អ៊ីសលីក បាន​ជម្រាបជូន​លោក អភិបាលខេត្ត​ថា ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ USAID ប្រចាំ​នៅ​កម្ពុជា បាន​សហការ​ជាមួយ​ដៃគូ អនុវត្ត​កម្មវិធី​ផ្សេងៗ​ជាច្រើន ដែល​បម្រើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ទាំង ២៥ ខេត្ត​-​ក្រុង។


លោកស្រី បន្ថែមថា ក្នុងនោះ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​សិទ្ធិ​មនុស្ស និង​អភិបាលកិច្ច​តាមបែប​ប្រជាធិបតេយ្យ លើកកម្ពស់​ផ្នែក​សុខភាព និង​អាហារូបត្ថម្ភ គាំទ្រ​ការ​អប់រំ​និង​ការ​អភិវឌ្ឍ​កុមារ បង្កើន​ផលិតកម្ម​កសិកម្ម និង​សន្តិសុខ​ស្បៀង អភិរក្ស​ព្រៃឈើ និង​ទី​ជម្រាល ព្រមទាំង​ជួយ​កសិករ និង​ក្រុមគ្រួសារ​ក្នុង​ការ​បន្ស៊ាំ និង​កាត់បន្ថយ​នូវ​ឥទ្ធិពល​នៃ​គ្រោះធម្មជាតិ។

ជាការ​ឆ្លើយតប លោក ជាម ច័ន្ទសោភ័ណ មានប្រសាសន៍​កោត​សរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ ដែល​ភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ USAID អនុវត្ត​ការងារ​នៅ​ខេត្ត​ត្បូងឃ្មុំ​កន្លងទៅ គឺ​ផ្ដោតលើ​វិស័យ សុខាភិបាល និង​អប់រំ ដែលមាន​មន្ទីរ​សុខាភិបាល​ខេត្ត និង​មន្ទី​អប់រំ​ខេត្ត តែងតែ​សហការ​អនុវត្ត​ការងារ​បាន​យ៉ាង​ល្អ អំពី​សកម្មភាព​ការងារ និង​ការគាំទ្រ​គម្រោង ជាពិសេស​ការពង្រឹង​គុណភាព​សេវា​ផ្នែក សុខាភិបាល ដែលមាន​មន្ត្រី​របស់ USAID នៅ​ប្រចាំ​ក្នុង​មន្ទីរពេទ្យ​តែម្តង។


ជាមួយគ្នា​នោះ​លោក អភិបាលខេត្ត បាន​សំណូមពរ អង្គការ USAID ពិចារណា និង​បន្ត ១​អាណត្តិ​ថ្មី​បន្តទៀត ដើម្បី​រួមចំណែក​ជួយ​អភិវឌ្ឍ​ខេត្ត​ត្បូងឃ្មុំ​បន្ថែមទៀត​ឱ្យ​កាន់តែ​រីកចម្រើន​ទាំង​វិស័យ​សុខាភិបាល​ខេត្ត និង​វិស័យ​អប់រំ៕