ភ្នំពេញៈ ​ក្រសួងបរិស្ថាន​ និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានរួម​គ្នា​អំពាវនាវ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ អាជ្ញា​ធរមាន​សមត្ថកិច្ច ណែនាំ​ដល់​ពលរដ្ឋ​ឱ្យ​មានការ​ប្រយ័ត្ន​ខ្ពស់​ពី​ការប្រើប្រាស់ ភ្លើង​ជា​មធ្យោបាយ​ចម្អិន​អាហារ ដុត​ស្មៅ ព្រៃ និង​ការប្រមូល​ផល​អនុផល​ព្រៃឈើ​ជាដើម ដោយហេតុ​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​តែងតែ​កើតមាន​នៅក្នុង​តំបន់​ការពារ ធម្មជាតិ និង​អភិរក្ស​ជីវៈចម្រុះ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​នានា​នៅ​កម្ពុជា​ជា​រៀងរាល់ឆ្នាំ ជាពិសេស​នៅក្នុង​រដូវប្រាំង​។​


យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងបរិស្ថាន​ស្តីពី​វិធានការ ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ ក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ នៅ​ថ្ងៃទី​១៤ ខែមករា បានឱ្យដឹងថា នៅ​រដូវប្រាំង ធាតុអាកាស​ទូទៅ​នៅ​ប្រទេស​កម្ពុ​ជាមាន​សភាព​ក្តៅ​ហួតហែង និង​ស្ងួត​ខ្លាំង ដែល​ងាយ​នឹង​បង្កឱ្យមាន​កត្តា​ភ្លើង​ឆេះ​ព្រៃ​។

ទោះបីជា កម្ពុជា​ក៏ដូចជា​បណ្តា​ប្រទេស​ក្នុង​តំបន់​បាននិងកំពុង​ទទួលរ​ង​ឥទ្ធិពល​បាតុភូត​ឡា​នី​ណា (La Nina) ក៏ដោយ តែ​ក្រៅពី​បាតុភូតធម្មជាតិ ដែល​បង្កឱ្យមាន​ភ្លើង​ឆេះ​ព្រៃ ហានិភ័យ​នៃ​ភ្លើង​ឆេះ​ព្រៃ​ដែល​បង្កដោយ​សកម្មភាព​របស់​មនុស្ស​ផ្ទាល់ ក៏​ជា កត្តា​ចម្បង​មួយ​គួរឱ្យកត់សម្គាល់ និង​ព្រួយបារម្ភ​ផងដែរ​។​


ក្រសួង​បាន​បញ្ជាក់ថា ៖ «​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងការ​ប្រើប្រាស់​ភ្លើង​ជា​មធ្យោបាយ​ក្នុង​ការដុត​កាកសំណល់ កម្ទេច​ផ្សេងៗ នៅក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ ហើយ​ត្រូវ​រៀបចំ​ធ្វើ​ផ្លូវ​ភ្លើង ដើម្បី​ការពារ​ការឆេះ​រាលដាល​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​»​។​

មន្ទីរ​បរិស្ថាន​រាជធានី​ខេត្ត​ទាំងអស់ ត្រូវ​ណែនាំ​អ្នកពាក់ព័ន្ធ អនុវត្ត​វិធានការ​បច្ចេកទេស​សម​ស្រប ដែល​អាច​ធានា​សុវត្ថិភាព​ចំពោះ​ភ្លើងព្រៃ ដោយ​ត្រូវ​ពន្លត់ភ្លើង​ឱ្យអស់​ជា​ចាំបាច់​មុនពេល​ចាកចេញ​ពី​ទីតាំង​ប្រើប្រាស់ ភ្លើង​នោះ និង​ត្រូវ​ចូលរួម​ចាត់វិធានការ​ថែរក្សា​ទឹក​ទុកឱ្យ​បានល្អ ដើម្បី​ផ្គត់ផ្គង់​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ និង​ប្រើប្រាស់​ក្នុងករណី​មាន​ភ្លើង​ឆេះ​ព្រៃ​ជាយថាហេតុ​។ នេះ​បើតាម​ការបន្ថែម​របស់​ក្រសួងបរិស្ថាន​។​


ក្រសួងបរិស្ថាន​បាន​សង្កត់ធ្ងន់ថា ការបង្ក​ឱ្យមាន​ភ្លើង​ឆេះ ព្រៃ​ដោយ​ចេតនា ជា​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​៤ ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​៥​ឆ្នាំ ដល់ ១០​ឆ្នាំ និង​ផាកពិន័យ​ជា​ប្រាក់​ពី​១៥​លាន​រៀល ដល់​១៥០​លាន រៀល​។​

កាលពី​សប្តាហ៍​មុននេះ​ដែរ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏បាន​ដាក់ចេញ​នូវ​វិធានការ​ចំនួន ៧ ចំណុច ដើម្បី​ត្រៀម​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​នេះ​ផងដែរ ខណៈដែល​ជាទូទៅ គេ​កត់សម្គាល់​ឃើញថា ភ្លើង​ឆេះ​ព្រៃ​បង្កឡើង​ដោយ​សកម្មភាព​មនុស្ស តាមរយៈ​ការដុត​ព្រៃ ដុត​គល់​ជញ្ជ្រាំង​តាម​វាលស្រែ និង​ការដុត​ភ្លើង​យក​ឃ្មុំ​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​។​

លោក​រដ្ឋមន្ត្រី​ក៏ បាន​ណែនាំ​ឱ្យ​អង្គភាព​ជំនាញ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រាជធានី​ខេត្ត រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ រួមទាំង​សហគមន៍​ព្រៃឈើ សហគមន៍​នេសាទ និង​សហគមន៍​កសិកម្ម​ចូលរួម​សហការ អនុវត្ត​ទប់ស្កាត់​ករណី​ភ្លើង​ឆេះ​ព្រៃ​នៅក្នុង​រដូវក្ដៅ​ឆ្នាំនេះ​៕