ភ្នំពេញៈ ស្ត្រី​កងទ័ព​មួក​ខៀវ​កម្ពុជា​វ័យក្មេង​ចំនួន​ ២១ ​នាក់​បានទទួល​សញ្ញាបត្រ​ភាសា​បារាំង​ បន្ទាប់ពី​សិក្សា​រយៈពេល​ ២​ ឆ្នាំ​។ ពួកគេ​នឹង​ចាកចេញ​ទៅ​បំពេញបេសកកម្ម​ក្រោម​ឆ័ត្រ​អង្គការ​សហប្រជាជាតិ​នៅតាម​បណ្តា​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង​។


ពិធី​ប្រគល់​សញ្ញាប័ត្រ​នេះ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម (NPMEC) ​នា​ថ្ងៃទី​ ២០ ខែមករា​។

ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា បញ្ជាក់​ក្នុង​ហ្វេសប៊ុក​នា​ថ្ងៃទី​ ២១ ខែមករា​ថា​៖ «​ស្ត្រី​យោធា​កម្ពុជា​ចំនួន​ ២១​ នាក់​បានទទួល​សញ្ញាបត្រ​ដែល​ប្រគល់ជូន​ដោយ​ឯកឧត្តម ហ្សាក់ ប៉ឺឡែ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា និង​ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល NPMEC បន្ទាប់ពី​បាន​ចូលរួម​វគ្គ​សិក្សា​រយៈពេល​ ២ ​ឆ្នាំ​»​។

ស្ថានទូត​បារាំង​បញ្ជាក់ថា ស្ត្រី​យោធា​ចំនួន​ ២១ ​នាក់​នេះ​នឹង​ចាក​ចេញទៅ​បំពេញ​ការងារ​ជាមួយ​កងទ័ព​មួក​ខៀវ​កម្ពុជា ដែល​កំពុង​បំពេញការងារ​ក្រោម​ឆ័ត្រ​អង្គការ​សហប្រជាជាតិ​នៅ​តាម​បណ្តា​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង ដូចជា​ម៉ាលី អាហ្វ្រិក​កណ្តាល លីបង់​។​ល​។

ស្ថានទូត​បារាំង​បញ្ជាក់ថា​៖ «​សូម​អបអរសាទរ​ដល់​ស្ត្រី​យោធា​វ័យក្មេង​ដែល​បានទទួល​សញ្ញាបត្រ​!»៕