សៀមរាបៈ រដ្ឋបាលស្រុកបន្ទាយស្រី ប្រកាសទុករយៈពេល ១ខែ គិតចាប់ពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ ឱ្យប្រជាពលរដ្ឋ និងសាធារណជន ដែលកំពុងមានទំនាស់ដីធ្លី ជាមួយបុគ្គលក្រុមហ៊ុនសាច់ញាតិឬអ្នកជាប់ព្រំ និងបញ្ហាផ្សេងៗទៀតស្ថិតក្នុងមូលដ្ឋានស្រុកបន្ទាយស្រី មកដាក់ពាក្យបណ្តឹងនៅសាលាស្រុកបន្ទាយស្រី។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឱ្យដឹងតាមរយៈហ្វេសប៊ុកនៅថ្ងៃទី ២២ ខែមករានេះថា ការប្រកាសឱ្យពលរដ្ឋទៅដាក់ពាក្យបណ្តឹងនេះធ្វើឡើងក្នុងគោលបំណងធ្វើបច្ចុប្បន្នភាព ផ្តល់ភាពច្បាស់លាស់ និងគ្រប់គ្រងឱ្យបានទិន្នន័យជារួមនៅក្នុងតំបន់ដែលមានភូមិសាស្ត្រស្មុគស្មាញ ឯកសារជាន់គ្នា ព្រំប្រទល់មិនច្បាស់លាស់ និងសម្បូរទៅដោយវិវាទ។
លោកសរសេរលើហ្វេសប៊ុកថា ៖«សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលមានដីធ្លីនៅក្នុងតំបន់ទំនាស់ ទោះបីគិតថាមាន ឬគ្មានវិវាទក៏ដោយ មេត្តារួសរាន់ផ្តល់ឯកសារពាក់ព័ន្ធនឹងការកាន់កាប់អាស្រ័យផលលើដីរបស់ខ្លួន ដើម្បីផ្តល់ជាមូលដ្ឋានឱ្យរដ្ឋបាលស្រុកមានទិន្នន័យពេញលេញជាលក្ខណៈប្រព័ន្ធ និងគ្រប់ជ្រុងជ្រោយ ក្នុងការដោះស្រាយបញ្ចប់វិវាទទាំងឡាយដែលបានអូសបន្លាយអស់ជាង ១៥ឆ្នាំមកហើយនេះ»។
លោកអភិបាលស្រុកបានឱ្យដឹងថា ដីនៅក្នុងតំបន់ជាប់ព្រំប្រទល់រវាងឃុំខ្នារសណ្តាយ ឃុំរំចេក និងឃុំព្រះដាក់ ជាពិសេសតំបន់ចន្លោះផ្លូវជាតិលេខ៦៦ និងផ្លូវជាតិលេខ៦៧ សុទ្ធសឹងតែជាដីជាប់នៅក្នុងផែនទីគម្របព្រៃឈើឆ្នាំ ២០០២ នៅឡើយ ដែលត្រូវបានប្រជាពលរដ្ឋរស់នៅកាន់កាប់អាស្រ័យផលជិតម្ភៃឆ្នាំរួចមកហើយ។ ប៉ុន្តែក៏ជាតំបន់ដែលមានការទាមទារត្រួតស៊ីគ្នា រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ឬរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនដែលបានទិញដីបន្តពីប្រជាពលរដ្ឋ ដែលទាមទារឱ្យមានការត្រួតពិនិត្យជាប្រព័ន្ធ និងធ្វើការវិនិច្ឆ័យជារួមដំណាលគ្នាទើបសង្ឃឹមអាចរកច្រកចេញបាន។
បើតាមលោកអភិបាលស្រុកបន្ទាយស្រី ម្ចាស់ដីទាំងអស់នៅក្នុងតំបន់ទាំងនេះនឹងត្រូវបានទុកពេលឱ្យរយៈពេល ១ ខែដើម្បីបង្ហាញឯកសារកាន់កាប់ដែលមានសុពលភាពនៅលើដីរបស់ខ្លួនមកកាន់ក្រុមការងាររបស់រដ្ឋបាលស្រុក ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងវាយតម្លៃ មុននឹងកំណត់ឱ្យច្បាស់ថាតំបន់ណាត្រួតជាន់គ្នាពិតប្រាកដ ហើយត្រូវដោះស្រាយបញ្ចប់ ដោយតម្រូវឱ្យម្ចាស់ដីពិតប្រាកដចេញមុខតវ៉ាដោះស្រាយដោយផ្ទាល់ និងមិនអនុញ្ញាតឱ្យតំណាងឬម្ចាស់ដីដើមចេញមុខតវ៉ាជំនួសឡើយ។
លិខិតរបស់ក្រសួងសុខាភិបាល រដ្ឋបាលស្រុកបន្ទាយស្រីកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ ២០២២ បានឲ្យដឹងថា ប្រជាពលរដ្ឋ និងសាធារណជន ដែលកំពុងមានទំនាស់ដីធ្លី ជាមួយបុគ្គល ក្រុមហ៊ុនសាច់ញាតិ ឬអ្នកជាប់ព្រំ និងបញ្ហាផ្សេងៗទៀត ស្ថិតក្នុងមូលដ្ឋានស្រុក បន្ទាយស្រី រួមមាន ផ្នែកខ្លះភូមិស្រះខ្វាវ នៃឃុំត្បែង ផ្នែកខ្លះភូមិរវៀងតាទុំ, ភូមិសាលាក្រវ៉ាន់, ភូមិរំចេក នៃឃុំរំចេក ផ្នែកខ្លះភូមិប្រីយ៍,ភូមិខ្នារ,ភូមិសណ្ដាយ,កកោះជ្រុំ នៃឃុំខ្នារសណ្តាយ ជាដីក្នុងគម្របព្រៃឈើ ឆ្នាំ២០០២ ដែលជាសមត្ថកិច្ចគ្រប់គ្រងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ដើម្បីដាក់ពាក្យបណ្តឹងនៅសាលាស្រុកបន្ទាយស្រី រដ្ឋបាលស្រុកនេះបានតម្រូវឱ្យពលរដ្ឋភ្ជាប់មកជាមួយនូវឯកសារ ពាក់ព័ន្ធមួយចំនួនដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬ និងសៀវភៅស្នាក់នៅ អត្រានុកូលដ្ឋាន ឯកសារដីធ្លី លិខិតទិញ-លក់ និងពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី ឬ/និងលិខិតផ្ទេរសិទ្ធិ កាន់កាប់ដីធ្លី ឬ/និងប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬ/និងប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ អចលនវត្ថុ ឬ/និងបង្កាន់ដៃទទួលពាក្យ។
ក្នុងលិខិតរដ្ឋបាលស្រុកសរសេរថា៖ «សូមបងប្អូនប្រជាពលរដ្ឋ រួសរាន់មកដាក់ពាក្យនៅសាលាស្រុក ឱ្យបានទាន់ពេលវេលានៅរៀងរាល់ម៉ោងធ្វើការ ក្នុងរយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ព័ត៌មានលម្អិត សូមទំនាក់ទំនងទូរស័ព្ទលេខ ០៧៧ ៧៣១២៨៦។ បញ្ជាក់៖ ចំពោះពាក្យបណ្តឹងដែលរដ្ឋបាលស្រុកបានទទួលពីមុនមក រដ្ឋបាលស្រុកសូមធ្វើការតម្កល់ទុកមិនចាត់ការ»៕