នាយកដ្ឋាន​ព័ត៌មាន​វិទ្យា​នៃ​ក្រសួង​មហាផ្ទៃ បង្ហាញ​គន្លឹះ ៧ យ៉ាង​ដើម្បី​ការពារ​សុវត្ថិភាព​កុំព្យូទ័រ ដើម្បី​ការ​កុំ​ឱ្យ​មាន​ក្រុម Hackers លួចចូល​ទៅ​គ្រប់គ្រង

Content image - Phnom Penh Post
គន្លឹះ ៧​យ៉ាង​ដើម្បី​ការពារ​សុវត្ថិភាព​កុំព្យូទ័រ​របស់​លោក​អ្នក។ នាយកដ្ឋាន​ព័ត៌មាន​វិទ្យា ក្រសួង​មហាផ្ទៃ

ភ្នំពេញៈ នាយកដ្ឋាន​ព័ត៌មាន​វិទ្យា​នៃ​ក្រសួង​មហាផ្ទៃ បង្ហាញ​គន្លឹះ ៧​យ៉ាង​ដើម្បី​ការពារ​សុវត្ថិភាព​កុំព្យូទ័រ ដើម្បី​បង្ការ​កុំឱ្យ​មាន​ក្រុមចោរ (Hackers) លួច​ចូល​ទៅ​គ្រប់គ្រង ដើម្បី​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់​ផ្សេងៗ​នៅ​លើ​កុំព្យូទ័រ​របស់​លោក​អ្នក​ដូចជា ការ​ជំរិតទារប្រាក់ ការ​បញ្ជាទិញ​ទំនិញ​ខុស​ច្បាប់​ជាដើម។

នាយកដ្ឋាន​ព័ត៌មានវិទ្យា​បាន​ឱ្យ​ដឹង​ថា ខណៈ​ពេល​ដែល​កុំព្យូរទ័រ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​សម្រួល​ការងារ​ទូទៅ​រាប់​បញ្ចូល​ទាំង​ការសិក្សា​ស្រាវជ្រាវ កុំព្យូទ័រ​ក៏​អាច​បំផ្លាញ​យើង​បាន​ផងដែរ ព្រោះ​កុំព្យូទ័រ ដែល​តភ្ជាប់​ជាមួយ​នូវ​អ៊ីនធឺណិត​អាច​នឹង​ងាយ​ត្រូវ​គេ​លួច(Hack) ចូល​ទៅ​គ្រប់គ្រង ប្រសិន​បើ​លោក​អ្នក​ពុំយល់​ដឹង​អំពី​វិធីសាស្ត្រ​ការពារ​វា។

នាយកដ្ឋាននេះ​បញ្ជាក់​ថា នៅ​ជុំវិញ​ពិភព​លោក​យើង​នេះ​មាន​កុំព្យូទ័រ​ជាច្រើន​ដែល​ត្រូវ​បាន​ក្រុមចោរ (Hackers) លួច​ចូល​ទៅ​គ្រប់គ្រង ដើម្បី​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់​ផ្សេងៗ​នៅ​លើ​កុំព្យូទ័រ​របស់​លោក​អ្នក​ដូចជា ការ​ជំរិត​ទារ​ប្រាក់ ការ​បញ្ជា​ទិញ​ទំនិញ​ខុស​ច្បាប់​ជាដើម។ ដើម្បីការពារ​បញ្ហា​ចោរ​លួច​តាម​រយៈបច្ចេកវិទ្យា នាយកដ្ឋាន​ព័ត៌មាន​វិទ្យា​បាន​ចែក​រំលែក​នូវ​គន្លឹះ​សំខាន់ៗ ៧​យ៉ាង សម្រាប់​ការពារ​សុវត្ថិភាព​កុំព្យូទ័រ ដែល​គន្លឹះ​ទាំង​នោះ​មាន​ដូច​ខាងក្រោម៖

១. ប្រើប្រាស់ Firewall៖ Firewall គឺជា​រនាំង​ការពារ​រវាង​កុំព្យូទ័រ នឹង​អ៊ីនធឺណិត។ គ្រប់​យ៉ាង​ដែល ចេញ-ចូល កុំព្យូទ័រ​របស់​អ្នក​ត្រូវ​ឆ្លងកាត់ Firewall។ ប្រសិន​បើ​មាន Files មេរោគ​ណា​មួយ​ដែល​ព្យាយាម​ចូល​មក​ក្នុង​កុំព្យូទ័រ​របស់​អ្នក​នោះ firewall នឹង​ធ្វើការ​រារាំង​ភ្លាមៗមិន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​កុំព្យូទ័រ​របស់​លោក​អ្នក​ទេ

២. Update System and Software៖ ផ្នែកទន់ និង​ប្រព័ន្ធ​ខាង​ក្នុង​កុំព្យូទ័រ របស់​ក្រុមហ៊ុន​នីមួយៗ តែងតែ​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្ន​ភាព (update) កម្មវិធី​របស់​ពួកគេ​ជា​ប្រចាំ ដើម្បី​ការពារ​នូវ​សុវត្ថិភាព ដូច្នោះ​លោក​អ្នក​គួរ​ធ្វើ​ការ​បច្ចុប្បន្នភាព (update operating system and software) ឱ្យ​បាន​ទៀង​ទាត់ រៀងរាល់​ពេល​ដែល​ក្រុមហ៊ុន​ធ្វើការ update new versions។

៣. Avoid “Free” Security Scans៖ លោក​អ្នក​ពុំ​គួរ​ប្រើប្រាស់ កម្មវិធី​កម្ចាត់​មេរោគ​ដែល​ដាក់​ឱ្យ download free នៅ​លើ​គេហទំព័រ (Website) ណា​មួយ​ឡើយ ពីព្រោះ​គេហទំព័រ​នោះ​អាច​ដាក់​បង្កប់​នូវ link ដែល​មាន​មេរោគ។

៤. Download Carefully៖ លោក​អ្នក​ពុំ​គួរ​ធ្វើ​ការ​ទាញ​យក​កម្មវិធី​កុំព្យូទ័រ (download programs) ពី​គេហទំព័រ (Website) ណាមួយ ដែល​លោក​អ្នក​ពុំ​ស្គាល់​ច្បាស់​នោះ​ទេ។ ម្យ៉ាងទៀត លោក​អ្នក​ពុំ​គួរ​ទាញ​យក (download) នូវ ឯកសារ​វីដេអូ (files videos) ឬ បទ​ចម្រៀង ដែល​ជន​អនាមិក​ផ្ញើ​មក​ឱ្យ​អ្នក​នោះ​ទេ ព្រោះថា ក្នុង files នោះ​អាច​បង្កប់​នូវ​មេរោគ។

៥. Install Reputable Security Software៖ លោក​អ្នក​គួរ​ប្រើប្រាស់​កម្មវិធី​កំចាត់​មេរោគ (Anti-Virus និង anti-spyware software) ដើម្បី​កំចាត់ និង​ទប់ស្កាត់ មេរោគ​ដែល​បង្កប់​នៅ​ក្នុង​ឯកសារសារ​អេឡិចត្រូនិក (Email ឬ attachments to emails) និង​ស្ថិត​នៅ​ក្នុង​កម្មវិធី​ដែល​លោក​កំពុង​ប្រើប្រាស់​ក្នុង​កុំព្យូទ័រ ​ឬ​នៅ​លើ​គេហទំព័រ (Website)។ ប្រសិន​បើ​កុំព្យូទ័រ​លោក​អ្នក​បាន​ដំឡើង (install) កម្មវិធី​កម្ចាត់​មេរោគ (anti-virus & anti-spyware software) រួច​រាល់​ហើយ នោះ​មេរោគ​ដែល​បង្កប់​ខ្លួន​ដូច​បាន​រៀបរាប់ខាង​លើ នឹង​មិន​អាច​ជ្រៀត​ចូល​មក​ក្នុង​កុំព្យូទ័រ​របស់​លោកអ្នក​បាន​ឡើយ។

៦. Backup Important Data៖ លោកអ្នក​គួរ​ប្រើប្រាស់​ឧបករណ៍​ផ្ទុក​ទិន្នន័យ​ចល័ត (external hard drive) ដើម្បី​ថត​ចម្លង (copy) ឯកសារ ទិន្នន័យ​សំខាន់ៗ​នៅ​លើ​កុំព្យូទ័រ​របស់​លោក​អ្នក​រក្សា​ទុក ដើម្បី​ការពារ​ពី​ការ​លួច​របស់ hackers។ ពីព្រោះ​ទោះ​បី​ជា​យ៉ាងណា​ប្រព័ន្ធ​ការពារ​ទាំងអស់ នៅ​តែ​មិន​អាច​ធានា​បាន​សុវត្ថិភាព ១០០ ភាគរយ​នោះ​ទេ។

៧. Use a pop-up Blockers៖ លោក​អ្នក​ពុំ​គួរ​ចុច​តំណរ​ភ្ជាប់ (link) ឬ​បើក​ឯកសារ​ភ្ជាប់មក​ជាមួយសារ​អេឡិចត្រូនិក (attachment in emails) ដែល​ពុំ​ស្គាល់​ច្បាស់លាស់​នោះ​ទេ ទោះ​បី​ជា​សារអេឡិចត្រូនិក​នោះ​ផ្ញើ​មក​ពី​សាច់ញាតិ ឬ​មិត្តភក្តិ​របស់​លោក​អ្នក​ក៏​ដោយ ពីព្រោះ link & file ក្នុង email ដែល​លោក​អ្នក​មិន​ស្គាល់​នោះ​អាច​ជា​មេរោគ​ដែល hackers បាន​លួច​ដាក់​បង្កប់​មក​ជាមួយ ក្នុង​ករណីដែល​ពួកវា​បាន​លួច​ចូល​គ្រប់គ្រង​គណនី​សារ​អេឡិចត្រូនិក (email account) របស់​ពួកគាត់ (អ្នកផ្ញើ-Sender)៕

ព័ត៌មានថ្មីៗ