ប្រទេស លុចសំបួ ផ្តល់​ថវិកា ១,១​លាន​ដុល្លារ​ដល់​គណៈកម្មការ​ទន្លេ​មេគង្គ ដើម្បី​ជួយ​ដល់​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម រក្សាបាន​នូវ​មុខងារ​អេកូឡូស៊ី​នៃ​ទន្លេមេគង្គ

Content image - Phnom Penh Post
ពិធី​ចុះ​ហត្ថលេខា​ផ្តស់​ជំនួយ​ដល់គ​ណៈកម្មការ​ទន្លេមេគង្គ (MRC) ដើម្បី​ជួយ​ដល់​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម រក្សា​បាន​នូវ​មុខងារ​អេកូឡូស៊ី​នៃ​ទន្លេមេគង្គ ​នៅ​ទីក្រុង វៀងចន្ទន៍ ប្រទេស​ឡាវ កាល​ពី​ថ្ងៃទី ២០ ខែ​​មករា។ រូបថត សហការី

ភ្នំពេញៈ ប្រទេស លុចសំបួ ផ្តល់​ថវិកា​ចំនួន ១,១ លាន​ដុល្លារ​ដល់គ​ណៈកម្មការ​ទន្លេមេគង្គ (MRC) ដើម្បី​ជួយ​ដល់​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម រក្សា​បាន​នូវ​មុខងារ​អេកូឡូស៊ី​នៃ​ទន្លេមេគង្គ និង​ពង្រឹង​ភាព​ធន់នឹង​ហានិភ័យ អាកាសធាតុ ទឹកជំនន់ និង​គ្រោះ​រាំងស្ងួត។

ការ​ផ្តល់​ថវិកា​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រលក​ថ្មី​នៃ​ការ​ផ្តល់​មូលនិធិ​ពី​ដៃគូ​អភិវឌ្ឍន៍​ដល់ MRC ខណៈដែល MRC ចាប់​ផ្តើម​អនុវត្ត​ផែនការ​យុទ្ធសាស្រ្ត​របស់​ខ្លួន​ឆ្នាំ ២០២១-២០២៥ ក្រោម​ទិស​ដៅ​ថ្មី​ដើម្បី​ជម្នះ​ការ​គំរាម​កំហែង​ដែល​អាង​កំពុង​ប្រឈម។

លោក Anoulak Kittikhoun នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន MRC ថ្លែង​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ផ្តស់​ជំនួយ​នេះ​នៅ​ទីក្រុង វៀងចន្ទន៍ ប្រទេស​ឡាវ កាល​ពី​ថ្ងៃទី ២០ ខែ​​មករា៖ «ជំនួយនេះ​កើត​មាន​ឡើង នៅ​ចំ​ពេល​វេលា​ដ៏​សំខាន់​សម្រាប់​អាង​ទន្លេ​មេគង្គ​ក្រោម ខណៈ​បញ្ហាប្រឈម​ដែល​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ ជាពិសេស​គ្រោះ​រាំង​ស្ងួត និង​ទឹក​ជំនន់​បាន​បង្កើន​សម្ពាធ​ដ៏​រសើប​លើ​ប្រព័ន្ធ​អេកូឡូស៊ីរបស់​អាង។ បើ​គ្មាន​ការ​អន្តរាគន៍​ទេ ការ​បន្ត​ចុះ​ខ្សោយ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​របស់​អាង​អាច​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រជាជន និង​សេដ្ឋកិច្ច​ដែលពឹង​ផ្អែក​លើ​ទន្លេ​មេគង្គ»។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន MRC នា​ថ្ងៃ​ទី​២១ មករា។

លោកថ្លែងថា ក្រោម​ទិស​ដៅ​យុទ្ធសាស្ត្រ​ថ្មី MRC នឹង​ធានា​ថា​ទឹក និង​វិស័យ​ពាក់ព័ន្ធ​នានា​ត្រូវ​បាន​ផ្តល់​នូវ​ព័ត៌មាន និង​ឧបករណ៍​ដែល​ត្រូវការ ដើម្បី​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ដ៏​ប្រសើរ​បំផុត និង​មាន​និរន្តរភាព ខណៈ​ផែនការ​ផលិត​ថាមពល​ជាតិ​ថ្មី​ធ្វើ​ការ​គិតគូរ​អំពី​ប្រភព​ថាមពលដែល​អាច​ផលិត​បាន​ពេញលេញ និង​បំពេញ​គោល​បំណង​ជា​ច្រើន ក៏​ដូចជា​ការ​ប្រើប្រាស់​បន្ថែម​នៃ​ថាមពល​ខ្យល់ និង​ពន្លឺ​ព្រះអាទិត្យ។

លោក Anoulak Kittikhoun បន្តថា MRC នឹង​ស្វែងរក​ពី​វិធី​សម្រប​សម្រួល​ចំពោះ​ប្រតិបត្តិការ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​នៅ​ទូទាំង​អាងដើម្បី​បង្កើន​អត្ថប្រយោជន៍ និង​កម្រិត​ផល​ប៉ះពាល់​បរិស្ថាន​អវិជ្ជមាន​លើ​ចរន្ត​ទឹក​ទន្លេមេគង្គ និង​ប្រជាជន។

លោក Sam Schreiner ភារធារី​នៃ​ស្ថានទូត​ លុចសំបួ ប្រចាំ​ប្រទេស​ឡាវ បាន​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ ថា ការ​ប្តេជ្ញា​ចិត្ត​របស់ប្រទេស​លុចសំបួ ចំពោះ​អាង​ទន្លេមេគង្គ​នៅ​តែ​រឹងមាំ ហើយ​រដ្ឋាភិបាល​របស់​លោក​ចង់​ឃើញ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​វិបុលភាព និង​ការ​ទទួលខុសត្រូវ​នៅ​ក្នុង​តំបន់​មេគង្គ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល។

លោកថ្លែងថា៖ «យើង​ជឿ​ជាក់​ថា​កិច្ច​ព្រមព្រៀង​នេះនឹង​ក្លាយ​ជា​មធ្យោបាយ​មួយ​ដើម្បី​ជួយ MRC និង​ប្រទេស​ជា​សមាជិក​ក្នុង​ការ​ដោះស្រាយ​ហានិភ័យ ដែល​កើត​ឡើង​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​ប្រែប្រួល​រំហូរ​ទឹក​អាង​ទន្លេ​មេគង្គ​ក្រោម»។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា ជំនួយ​នេះ​នឹង​គាំទ្រ​ដល់​សកម្មភាព​ជាច្រើន រួម​ទាំង​ការ​គ្រប់គ្រង​អាង​ទន្លេ​ស្នូល ការ​ទទួល​បាន​ទិន្នន័យ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​មុខ​ងារ​ត្រួត​ពិនិត្យ គំរូ និង​ការ​វាយ​តម្លៃ។ លើសពីនេះ ជំនួយ​នេះ​នឹង​ជួយ​ដល់​ការ​ធ្វើ​ផែនការ និង​ការ​ព្យាករណ៍ និង​រួម​ចំណែក​ដល់​ប្រព័ន្ធ​ព្រមាន និង​ឆ្លើយតប​បន្ទាន់​របស់ MRC ។

បើ​តាម​ប្រភព​ដដែល ក្នុង​រយៈពេល ១ ទសវត្សរ៍​ចុង​ក្រោយ​នេះ ប្រទេស​លុច​សំបួ​បាន​ផ្តល់​ថវិកា​ចំនួន​ជិត ៤ លាន​ដុល្លារ​អាមេរិក​ដល់ផែនការ​យុទ្ធសាស្រ្ត MRC កាល​ពី​ឆ្នាំ ២០១៦-២០២០ និង​បាន​គាំទ្រ​គំនិត​ផ្តួច​ផ្តើម​នៃ​ការ​បន្សាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​របស់ MRC ក្នុង​អំឡុង​ឆ្នាំ ២០១០-២០១៥៕

ព័ត៌មានថ្មីៗ