រតនគិរីៈ ខេត្ត​រតនគិរី បើក​ការដ្ឋាន​ជួស​ជុល​កំណាត់ ផ្លូវ​ជាតិ ៧៨-៥ ប្រវែង​ជាង ៨០០​ម៉ែត្រ ដែល​តភ្ជាប់​ពី​រង្វង់​មូល​ស្រុក អូរជុំ មក​កាន់ស្រុក តាវែង ខេត្ត​រតនគិរី។


លោក សាយ សាមាន ប្រធាន​មន្ទីរសាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​រតនគិរី ថ្លែង​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​ជួសជុល​កំណាត់​ផ្លូវ​នេះ ថា កំណាត់​ផ្លូវ​ដែល​ត្រូវ​ជួសជុល​នេះ មាន​ប្រវែង ៨ ៥០០ម៉ែត្រ ទទឹង ៧​ម៉ែត្រ​ពី​ចន្លោះ​គីឡូម៉ែត្រ ៣៧+៥៥០ ដល់​គីឡូម៉ែត្រ ៤៧+៥០។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រដ្ឋបាល​ខេត្តរតនគិរី។

សេចក្តី​ប្រកាស​ព័ត៌មាន​ដក​ស្រង់​សំដី លោក ញ៉ែម សំអឿន អភិបាល​ខេត្ត​រតនគិរី ថ្លែង​ក្នុង​ពិធី​នេះ​ថា ផ្លូវនេះ​ជា​ផ្លូវ​សេដ្ឋកិច្ច​មួយ​ដ៏​សំខាន់ ដើម្បី​បម្រើ​ឱ្យ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ទាំង ២ ក្នុង​ការ​ដឹក​កសិផល​ផ្សេងៗ ដែល​ប្រមូល​បាន​ទៅ​កាន់​ទីផ្សារ ក៏​ដូចជា​ភាព​ងាយស្រួល​ក្នុង​ការ​ដឹក​សម្ភារ​សំណង់ គ្រឿង​ឧបភោគ​ដែល​ផ្គត់ផ្គង់​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក តាវែង។

លោក​ស្នើ​ដល់​ប្រជាពលរដ្ឋ​ចៀសវាង​ការ​ដឹក​ជញ្ជូន​សំពីងសំពោង ជាពិសេស អាជ្ញាធរ​ស្រុក​ត្រូវ​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន ដែល​រស់​នៅ​តាម​បណ្តោយ​ផ្លូវ ឱ្យ​ចូល​រួម​សហការ​សម្រប​សម្រួល​រាល់​បញ្ហា​ដែល​ប៉ះពាល់​ដល់​ដំណើរការ​ជួសជុល​ផ្លូវ​នេះ៕