ភ្នំពេញៈ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការគាំទ្រពី UNAIDS ប្រចាំប្រទេសកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៥ (២០១៩-២០២៣) នៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ ២០២២។
សិក្ខាសាលានេះដឹកនាំដោយ លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងមានការចូលរួមដោយផ្ទាល់ និងតាមបណ្តាញវីដេអូ កម្មវិធី Zoom ពីស្ទើរតែគ្រប់ដៃគូពាក់ព័ន្ធ តំណាងក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ សង្គមស៊ីវិល តំណាងសហគមន៍ និងអ្នកផ្ទុកមេរោគអេដស៍ផងដែរ។
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានឱ្យដឹងតាមរយៈហ្វេសប៊ុកថា សិក្ខាសាលាពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី ៥ ព្រមទាំងស្វែងយល់ពីចំណុចខ្វះខាត ដើម្បីផ្តល់ជាអនុសាសន៍សម្រាប់រៀបចំផែនការសកម្មភាពអនុវត្តបន្តក្នុងឆ្នាំ ២០២២ និង ២០២៣។
អាជ្ញាធរនេះបានឱ្យដឹងថា ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី ៥ (ឆ្នាំ២០១៩-២០២៣) ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៩ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន រាជធានី ខេត្ត ជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ព្រមទាំងតំណាងអង្គការសង្គមស៊ីវិល អ្នកផ្ទុកមេរោគអេដស៍ និងក្រុមប្រជាជនគន្លឹះផងដែរ។
អាជ្ញាធរនេះបញ្ជាក់ថា៖ «ក្នុងរយៈពេល៣ ឆ្នាំនៃការអនុវត្តផែនការនេះ យើងបានពុះពារឧបសគ្គ និងការលំបាកនានា ជាពិសេសនៅក្នុងដំណាក់កាលនៃការរាតត្បាតជាសកលនៃកូវីដ១៩ ក្នុងអំឡុងពេល ២ ឆ្នាំចុងក្រោយនេះ»។
បើតាមអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការគាំទ្រ និងកិច្ចសហការពីអង្គការ UNAIDS អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានសម្របសម្រួលដំណើការពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រនេះ នៅចុងឆ្នាំ ២០២១។ ក្នុងនោះ ទីប្រឹក្សាបច្ចេកទេសបានរៀបចំជារបាយការណ៍បឋម និងត្រូវពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីបានធាតុចូលបន្ថែមទៀត និងធ្វើការកែសម្រួលរបាយការណ៍ឱ្យកាន់តែមានភាពត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ឈានទៅសម្រេចបានគោលដៅ ៩៥-៩៥-៩៥ និងការបញ្ចប់អេដស៍នៅឆ្នាំ ២០២៥ ខាងមុខ តាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានថ្លែងថា ការធ្វើបច្ចុប្បន្នភាពអំពីស្ថានភាព និងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ព្រមទាំងអំពីសមិទ្ធផលនៃគោលបំណងចំនួនបួនក្នុងផែនការយុទ្ធសាស្ត្រជាតិលើកទី ៥ ជាកិច្ចការសំខាន់ តែអ្វីដែលសំខាន់ជាងនេះគឺ សុខដុមនីយកម្ម និងភាពស៊ីសង្វាក់គ្នាក្នុងប្រយុទ្ធនឹងជំងឺអេដស៍។
លោកថ្លែងថា ៖«អ្វីដែលសំខាន់ជាងនេះទៅទៀត គឺយើងពិភាក្សាពីរបៀបដែលយើងអាចសម្រប ធ្វើសុខដុមនីយកម្ម និងធ្វើឱ្យស៊ីសង្វាក់គ្នាក្នុងការងារប្រយុទ្ធនឹងមេរោគអេដស៍ ដើម្បីឆ្ពោះទៅរកការឆ្លើយតបប្រកបដោយថាមវន្ត រួមបញ្ចូលគ្នា និងនិរន្តរភាពទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ»។
លោកទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ក្នុងការសម្លឹងឆ្ពោះទៅមុខក្នុងកិច្ចសហការប្រទាក់ក្រឡា និងស៊ីសង្វាក់គ្នានាពេលអនាគត យើងត្រូវពិចារណាពីបរិបទផ្សេងគ្នានៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។ បរិបទទាំងនោះរួមមាន ១ ការធ្វើដំណើរពីការពឹងផ្អែកទៅលើជំនួយខាងក្រៅទៅដល់ស្ថានភាពដែលពឹងផ្អែកទៅលើថវិកាជាតិជាបណ្តើរៗដើម្បីធានាចីរភាព ២ ការផ្លាស់ប្តូរពីការគាំទ្រកម្មវិធី ទៅជាការគាំទ្រទាំងកម្មវិធីផង និងគាំទ្រស្ថាប័នផង និង ៣ ការផ្លាស់ប្តូរពីអភិក្រមដែលអ្នកផ្តល់សេវាជាចម្បង មកជាអភិក្រមដែលអ្នកទទួលសេវាជាចម្បង (People-Centered) ៕