កំពតៈ ពលរដ្ឋ​ប្រុស​ស្រី​ចំនួន​ ១៨​ នាក់ ​កំពុង​សម្រាក​ព្យា​បាល​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ទឹក​ឈូ​នៅ​ថ្ងៃទី ២៣ ​មករា ​ខណៈ១៦នាក់​ទៀត​បាន​ជាសះ​​ស្បើយ​ពី​ការ​ពុល​អាហារ​កាលពី​យប់​ថ្ងៃទី២២ ​មករា ​នៅ​ភូមិ​ស្នំ​ប្រាំពីរ ឃុំ មាក់​ប្រាង ស្រុក​ទឹក​ឈូ ខេត្ត​កំពត​។


លោក អ៊ិន អូ​ង អធិការ​រង​ទទួល​ផែន​ការ​ងារ​សេនាធិ​ការ​ឱ្យដឹង​នៅ​ថ្ងៃទី២៣ មករា ថា ប្រជា​ពលរដ្ឋ​ដែល​ពុល​អា​ហារ​កាលពី​យប់​ថ្ងៃ​ទី២២​មករា​ឆ្នាំ​២០២២​ គ្មាន​​ណា​ម្នាក់​រងគ្រោះ​ដល់​អាយុ​ជីវិត​ឡើយ។​ករណីនេះ​បើតាម​ក្រុម​គ្រូពេទ្យ​ស្រុក​ទឹក​ឈូ​បាន​សន្និដ្ឋាន​បឋម និង​ដាក់​ការសង្ស័យ​ថា ​អាច​បណ្តាល​មកពី​បន្លែ​មាន​បាញ់​ថ្នាំ​ដែល​លាង​សម្អាត​មិន​ទាន់​បាន​ស្អាត​ល្អ​។

លោក​ប្រាប់​ថា៖«បើ​តាម​ការសន្និ​ដ្ឋាន​ប​ឋ​ម​ពី​សមត្ថ​កិច្ច និង​គ្រូពេទ្យ​ថា​ក្រុម​ជនរ​ងគ្រោះ​ប្រហែលជា​អាច​ប៉ះ​ពាល់​បន្លែ​ទើប​នឹង​បាញ់​ថ្នាំថ្មីៗ​ អ៊ីចឹង​ពេល​ពួក​គាត់​ហូប​អាហារ​សាម​គ្គី​ជុំគ្នា​មាន​ញ៉ាំ​​ដាក់​ប៉ះបន្លែ​ដែល​កសិករ​ទើប

ដកយក​មក​លក់​ឱ្យ​អ្នក​ធ្វើ​ម្ហូប»​។

ជុំវិញ​បញ្ហា​នេះ​ដែរ​ អ្នកស្រី កែវ សុខុន ជា​ប្រធាន​ភូមិ ស្នំ​ប្រាំពីរ ​ក្នុង​ឃុំ មាក់​ប្រាង បាន​និយាយ​ប្រាប់​តាម​សម្តី​សាក្សី​នៅ​កន្លែង​កើត​ហេតុពីថ្ងៃទី២៣ ម​ករា ថា ​មុន​កើត​ហេតុ​មាន​ពលរដ្ឋ​ដែល​ធ្វើការ​នៅក្នុង​សហ​គ្រាស​ផលិត​ទឹក​បរិសុទ្ធ​១​កន្លែង​នោះ ​បាន​ធ្វើ​ពិធី​ជួបជុំ​ជាមួយ​កម្មករ​បុគ្គលិ​ក​ដើម្បី​ទទួល​ទាន​អាហារ​សាមគ្គី​ក្នុង​​សហ​គ្រាស​ផលិត​ទឹក​សុទ្ធ​នោះ។នៅ​ពេល​កំពុង​ជួប​ជុំគ្នា​រាំច្រៀង​សប្បាយ​នោះ​ក៏​ស្រាប់​តែ​អ្នកខ្លះ​មាន​អាការ​វិល​មុខ ឈឺ​ក្បាល ក្អួត​ចង្អោរ​ ហើយក៏​ធ្វើឱ្យ​ពិធី​ត្រូវ​បិទ​នៅពេ​ល​នោះ​តែម្ដង​។


អ្នក​ស្រី​ប្រធាន​ភូមិ​បន្ត​ថា ភ្លាមៗនោះ​អ្នក​ពុល​ប្រុស​ស្រី​ត្រូវបាន​ក្រុម​គ្រួសារ រួម​នឹង​កម្លាំង​នគរ​បាល​ឃុំ មាក់​ប្រាង​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេ​ទ្យបង្អែក​ស្រុក​ទឹក​ឈូ និងមណ្ឌល​សុខភាព​ឃុំ មាក់​ប្រាង​ ដើម្បី​ព្យា​បាល​បន្ទាន់។ជន​រង​គ្រោះ​ខ្លះ​ដែល​មាន​ស្ថាន​ភាព​ពុល​ស្រាល​ក៏ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅផ្ទះ​​វិញ​ក្រោយ​ទទួល​ការព្យា​បាល​ពី​ក្រុម​គ្រូពេទ្យ​។ប៉ុន្តែ​អ្នកជំងឺ​ខ្លះ​ដែល​មាន​ស្ថាន​ភាព​ពុល​ខ្លាំង​ក៏​នៅ​សម្រាក​ព្យា​បាល​បន្តទៀត​ តែ​អ្នក​ជំងឺ​នៅមាន​ចំនួន​មិន​ច្រើន​ទេ​។

បើតាម​អ្នកស្រី សុខុន ​«ខាង​សហ​គ្រាស​ទឹក​សុទ្ធ​គេ​ធ្វើ​ពិធី​ជប់លៀង​កូនចៅ​គេ​ហ្នឹង។ ខ្ញុំ​សួរ​ជនរ​ងគ្រោះ​គាត់​ថា​មិន​ដឹង​មកពី​ពុល​អាហារ​ណា​មួយ​ដែរ។ចំពោះ​អ្នក​សម្រាក​ពេទ្យ​សរុប​នៅ​សល់តែ​១៨​នាក់​ទេ​ តែ​ពួក​គាត់​ហាក់​មាន​អាការ​ធូរ​គ្រាន់​បើ​ច្រើន​អស់ហើ​យ»។​

អ្នក​ស្រី​ឱ្យដឹង​បន្ថែម​ថា បើតាម​ការ​សាក​សួរ អ្នកជំងឺ​ទាំង​អស់​នោះ​បាន​និយាយ​ប្រាប់​អ្នក​ស្រីថា ពួកគេ​នឹង​អាច​ចេញ​ពី​មន្ទីរ​ពេទ្យ​ទៅ​បម្រើ​ការ​ឱ្យ​សហ​គ្រាស​ទឹក​សុទ្ធ​បាន​ដូច​ធម្មតា​វិញ​ហើយ​៕