ភ្នំពេញៈ ក្រសួងសុខាភិបាលបានក្រើនរំឭកប្រជាពលរដ្ឋឱ្យមានការការពារខ្លួនពីការចម្លងជំងឺកូវីដ ១៩ ជំងឺផ្តាសាយបក្សី និងការបង្ការការពុលចំណីអាហារ ឬពុលស្រា ក្នុងឱកាសរៀបចំសែនដូនតា និងនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ។
តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី ២៤ មករាបានឱ្យដឹងថា ជារៀងរាល់ឆ្នាំ បងប្អូនប្រជាពលរដ្ឋមួយចំនួនបានប្រារព្ធពិធីសែនដូនតាផ្សេងៗដែលមានការទិញទំនិញ និងចរាចរនូវបសុបក្សីច្រើន ដែលអាចមានហានិភ័យនៃការចម្លងនូវវីរុសផ្ដាសាយបក្សី ដែលមាននៅលើសត្វ និងនៅក្នុងបរិស្ថាន មកមនុស្សបានគ្រប់ពេលវេលា ប្រសិនបើមិនមានការបង្ការបានត្រឹមត្រូវទេនោះ។
ក្រសួងបានលើកឡើងទៀតថា ចំពោះជំងឺដង្កាត់ផ្សេងៗ និងការពុលចំណីអាហារ ឬពុលស្រាសក៏តែងតែសង្កេតឃើញកើតមានឡើងនៅតាមតំបន់ ឬទីតាំងមួយចំនួននៅក្នុងប្រទេសដែលយើងទាំងអស់គ្នាត្រូវបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ដោយបុគ្គលម្នាក់ៗត្រូវខិតខំថែរក្សាការពារសុខភាពឱ្យបានល្អប្រសើរនៅគ្រប់កាលៈទេសៈ។
ក្រៅពីបារម្ភនឹងបាតុភាពទាំងនេះក្រសួងក៏បានលើកឡើងពីស្ថានភាពនៃការចម្លងវីរុសកូវីដ ១៩ ជាពិសេសប្រភេទអូមីក្រុងដែលកំពុងតែចរាចរយ៉ាងសកម្មនៅតាមបណ្ដាប្រទេសលើសកលលោក ហើយកម្ពុជាបានរកឃើញជាបន្តបន្ទាប់នូវករណីវិជ្ជមានវីរុសកូវីដ ១៩ ដែលមានប្រភេទអូមីក្រុងនេះដែរ។ ក្រសួងសុខាភិបាលបានលើកឡើងថា ជំងឺនេះ គឺនៅតែតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តការយកចិត្តទុកដាក់ការពារខ្លួនឱ្យបានហ្មត់ចត់ជាប់ជានិច្ច បើទោះកម្ពុជាបានគ្រប់គ្រងស្ថានភាពឆ្លងរាលដាលបានល្អប្រសើរក៏ដោយ។
ក្រសួងបានបញ្ជាក់ថា៖ «ក្រសួងសុខាភិបាល សូមលើកទឹកចិត្តឱ្យប្រជាជនទូទៅ អនុវត្តតាមដំបូន្មានសាមញ្ញដើម្បីការពារខ្លួន និងក្រុមគ្រួសារ និងសូមជូនពរឱ្យបុគ្គលគ្រប់រូបទាំងអស់គ្នាជួបនូវសុខភាពល្អ និងចៀសផុតនូវជំងឺកូវីដ ១៩ និងជំងឺដង្កាត់ផ្សេងៗ»។
ជាមួយគ្នានោះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលក៏បានអំពាវនាវ និងក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការការពារសុខភាពពីការចម្លងជំងឺកូវីដ ១៩ ជាពិសេសប្រភេទអូមីក្រុង ជំងឺផ្តាសាយបក្សី និងជំងឺផ្សេងៗទៀត។ បន្ថែមពីនេះ លោកថាក្នុងឱកាសរៀបចំសែនដូនតា និងនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ជនគ្រប់រូបគួររួមគ្នាបង្ការសុខភាពដែលអាចបណ្តាលមកពីការពុលចំណីអាហារ ឬពុលស្រាស នៅក្នុងការរស់នៅជាប្រចាំថ្ងៃរបស់ខ្លួនផងដែរ។
លោក ម៉ម ប៊ុនហេង ក៏បានណែនាំគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសពលរដ្ឋទាំងអស់ត្រូវអនុវត្តវិធានការមួយចំនួនឱ្យបានខ្ជាប់ខ្ជួន ដូចជា ការពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ឬជែល និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពី ១ ម៉ែត្រកន្លះឡើង និងកុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា ជាដើម។
បន្ថែមពីនេះ លោក បានណែនាំឱ្យសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត បន្ទាប់ពីការប៉ះពាល់សត្វ បោចសម្អាតបសុបក្សី ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ ព្រមទាំងប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ និងចំណីអាហារដែលមានសុវត្ថិភាពល្អ និងចម្អិនម្ហូបអាហាឱ្យបានឆ្អិនល្អ មុននឹងបរិភោគ។
លោកបានបញ្ជាក់ថា៖ «គួរត្រូវចៀសវាង ការចូលទៅកន្លែងចិញ្ចឹមសត្វ ឬប៉ះពាល់ផ្ទាល់ជាមួយសត្វនៅតាមកសិដ្ឋាន ចិញ្ចឹមសត្វ និងទីផ្សារបក្សីរស់ ឬចូលកន្លែងសត្តឃាត ឬប៉ះពាល់ជាមួយផ្ទៃណាមួយដែលកខ្វក់ ឬប្រឡាក់ដោយលាមកសត្វបសុបក្សី ឬសត្វដទៃទៀត។ ចៀសវាងប្រជ្រៀតគ្នានៅពេលទិញម្ហូបអាហារទិញសាច់ ឬបក្សីរស់ ឬសម្ភារនានា ជាពិសេសត្រូវចេះត្រៀមលក្ខណៈទុកជាមុនពីចម្ងាយចៀសវាងការកកស្ទះ ឬការកកកុញ មនុស្សច្រើន នៅតាមទីផ្សារ ឬហាង ឬក្នុងថ្ងៃនៃពិធីនានាជាដើម»។
ចំពោះអាជ្ញាធរ ខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាលឃុំ/សង្កាត់ លោក បានណែនាំឱ្យចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំការអនុវត្តវិធានការការពារខាងលើ ជាពិសេសនៅតាមកសិដ្ឋាន ទីផ្សារលក់សត្វបសុបក្សីរស់ដោយមានការត្រួតពិនិត្យការអនុវត្តវិធានការការពារឱ្យបានហ្មត់ចត់ ដើម្បីចៀសផុតពីការផ្ទុះចេញនូវជំងឺផ្ដាសាយបក្សីក្នុងសហគមន៍របស់ខ្លួន។ ក្នុងនោះក៏ត្រូវត្រួតពិនិត្យចំពោះវិធានការ ៣ការពារ ៣កុំ និងវិធានការសុវត្ថិភាពចំណីអាហារ និងការត្រួតពិនិត្យទីតាំងបិតស្រាស ឬផលិតស្រាស ហើយអ្នករៀបចំ ឬអ្នកផលិតស្រាស ត្រូវអនុវត្តតាមក្បួនបច្ចេកទេសត្រឹមត្រូវ ដោយមិនយកសារធាតុមេតាណុលមកលាយធ្វើជាស្រាសនោះឡើយ។
លោកបានបញ្ជាក់ថា៖ «បើសង្ស័យថា មានឆ្លងវីរុសផ្ដាសាយបក្សី ដោយមានរោគសញ្ញាទូទៅរួមមាន គ្រុនក្តៅលើសពី ៣៨,៥ អង្សាសេ ក្អក និងពិបាកដកដង្ហើម និងមានប្រវត្តិប៉ះពាល់សត្វបសុបក្សីឈឺ ឬស្លាប់ក្នុងអំឡុងពេល ១៤ ថ្ងៃមុនចេញរោគសញ្ញា សូមទូរស័ព្ទមកលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ និងប្រញាប់ទៅកាន់មន្ទីរពេទ្យដែលនៅជិតលោកអ្នក»។
សូមជម្រាបថា គិតត្រឹមថ្ងៃទី ២៤ មករា កម្ពុជាមានឆ្លងជំងឺកូវីដ ១៩ ចំនួនជាង ១២ ម៉ឺនករណីក្នុងនោះករណីឆ្លងវីរុសប្រភេទអូមីក្រុងចូលសហគមន៍សរុបមាន ២១៤ ករណី ខណៈជំងឺកូវីដ ១៩ បានសម្លាប់ពលរដ្ឋកម្ពុជាជាង ៣ ០០០ នាក់ ប៉ុន្តែរហូតមកទល់ពេលនេះ កម្ពុជានៅមិនទាន់រកឃើញអ្នកស្លាប់ដោយសារវីរុសប្រភេទថ្មីអូមីក្រុងនៅឡើយទេ។
ចំពោះកំណើតអត្រាចាក់វ៉ាក់សាំងកូវីដ ១៩ នៅកម្ពុជាវិញ គិតត្រឹមថ្ងៃទី ២៣ ខែមករា មានប្រជាជនអាយុពី ១៨ ឆ្នាំឡើង ចំនួន ១០១,៩១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០ លាននាក់ និងមានកុមារ-យុវវ័យអាយុពី ១២ ឆ្នាំ ទៅក្រោម ១៨ ឆ្នាំ មាន ៩៩,៤២% ធៀបនឹងប្រជាជនគោលដៅ ១ ៨២៧ ៣៤៨ នាក់ ខណៈកុមារអាយុពី ៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំមាន ១០៥,៧៨% ធៀបនឹងប្រជាជនគោលដៅ ១ ៨៩៧ ៣៨២ នាក់ ហើយកុមារអាយុ ៥ ឆ្នាំមាន ១០៥,០៥% ធៀបនឹងប្រជាជនគោលដៅ ៣០៤ ៣១៧ នាក់៕