បន្ទាយមានជ័យៈ លោក ជា ស្លូញ អធិការនគរបាល​ស្រុក​ស្វាយចេក​ប្រាប់​នៅ​ថ្ងៃទី​ ២៦ មករា ថា គ្រាប់​ប្រភេទ DK82 ​មិល្លីម៉ែត្រ ចំនួន​ ១៥ ​គ្រាប់ គ្រាប់មីន​ចំនួន​ ១ ​គ្រាប់ និង​គ្រាប់​ប្រភេទ ៦០ ​មិល្លីម៉ែត្រ​ចំនួន​ ២​ គ្រាប់ ​ត្រូវបាន​មន្ត្រី​នៃ​អង្គភាព​កំចាត់មីន​ស៊ីម៉ាក់​ (CMAC) ​ប្រចាំខេត្ត​បន្ទាយមានជ័យ​កម្ទេចចោល​ហើយ ​កាលពី​ថ្ងៃទី​ ២៥ ​មករា ឆ្នាំ​ ២០២២ បន្ទាប់ពី​ពលរដ្ឋ​ប្រទះឃើញ​កប់​នៅក្នុង​ដី​ស្ថិតនៅ​ភូមិ​តាដួល ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។


លោក​បន្តថា​៖ «​គ្រាប់​យុទ្ធភណ្ឌ​ទាំងនោះ​ខាង​ស៊ីម៉ាក់​នៅ​ខេត្តបន្ទាយមានជ័យ​យកទៅ​កម្ទេចចោល​តាំងពី​ថ្ងៃ​ប្រទះឃើញ​។ ពេលណា​ដែល​យើង​មាន​បញ្ហា​ឃើញ​គ្រាប់​គឺ​យើង​រាយការណ៍​ទៅប្រាប់​គាត់​តែម្តង​»​។

លោក ដោក ខាំ នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ផ្គាំ​ឱ្យដឹង​នៅ​ថ្ងៃទី​ ២៦ ​មករា​ថា កាលពី​វេលា​ម៉ោងជាង​ ១០ ​ព្រឹក ថ្ងៃទី​ ២៥ ​មករា ឆ្នាំ​ ២០២២ ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​ សាំង ចាយ ភេទ​ប្រុស អាយុ ៣៥ ​ឆ្នាំ រស់នៅ​ភូមិ​តាដួល ឃុំ​ផ្គាំ ស្រុក​ស្វាយចេក​បាន​បើក​ត្រាក់ទ័រ​ទៅ​ដី​ភ្ជួរស្រែ​របស់គាត់​ចម្ងាយ​ប្រហែល​ជិត​ ១ ​គីឡូម៉ែត្រ​ពី​ភូមិ​។ ពេល​បុរស​ម្ចាស់​ស្រែ​កំពុង​ភ្ជួរ​ដី​ស្រាប់​តែ​ផាល​បាន​ចូក​គ្រាប់​ពី​ក្នុង​ដី​ភ្លាមៗ​នោះ​គាត់​បាន​ពន្លត់​ម៉ាស៊ីន​ហើយ​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​របស់លោក​។


លោក​បន្ថែមថា ក្រោយ​ទទួល​បាន​សេចក្តី​រាយការណ៍​មក លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ដល់ទី​តាំង​ស្រែ​នោះ​។ ពាក់ព័ន្ធ​ការងារ​ប្រមូល​គ្រាប់​នេះ​គឺ​កម្លាំង​នគរបាល​ស្រុក​ស្វាយចេក​តែង​សហការ​ជាមួយ​មន្ត្រី​ស៊ីម៉ាក់​ជាប្រចាំ​។

លោក ដោក ខាំ ថ្លែងថា​៖ «​បើទោះជា​កន្លែង​ខ្លះ​មាន​គ្រាប់​នៅ​សេសសល់​ក៏ពិតមែន​តែ​មិន​ដែលមាន​ពលរដ្ឋ​ណា​ម្នាក់​របួស​ ឬ​ស្លាប់​ដោយសារ​គ្រាប់​យុទ្ធភណ្ឌ​ទាំង​នោះទេ​។ ​មូលហេតុ​ដោយសារ​យើង​តែង​ផ្សព្វផ្សាយ​អប់រំ​ពី​បញ្ហា​គ្រោះថ្នាក់​ដោយ​គ្រាប់មីន​ដល់​ពលរដ្ឋ​»​។ គ្រាប់​នេះ​សល់​ពី ឆ្នាំ ១៩៨៩-១៩៩០ ​ជា​តំបន់​ប្រយុទ្ធ​៕