ភ្នំពេញៈ នៅក្នុង​រយៈពេល​ ៧០ ​ឆ្នាំកន្លងមក អូស្ត្រាលី ​និង​កម្ពុជា​សម្រេចបាន​រួមគ្នា​នូវ​សមិទ្ធផល​ជាច្រើន ដែល​វា​ជា​ដំណើរ​ដ៏​វែងឆ្ងាយ ហើយ​អូស្ត្រាលី​រីករាយ​រង់ចាំ​បន្ត​កិច្ចសហប្រតិបត្តិការ​នេះ​ជាមួយ​កម្ពុជា​នៅ​រយៈពេល​លើសពី​ ៧០ ​ឆ្នាំ​ទៅមុខទៀត​។


នេះ​ជា​ការលើកឡើង​របស់​លោក ផាប្លូ កាង ​(Pablo Kang) ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ក្នុង​ពិធី​ប្រារព្ធ​ទិវា​បុណ្យជាតិ​អូស្ត្រាលី និង​ខួប​ទី​ ៧០ ​ឆ្នាំ​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​អូស្ត្រាលី​នា​យប់​ថ្ងៃទី​ ២៦ ខែមករា ឆ្នាំ​ ២០២២​។ ពិធី​នេះ​មានការ​ចូលរួម​ពី​មន្ត្រី​រដ្ឋាភិបាល ស្ថាប័ន​ការទូត សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ដែល​ប្រារព្ធ​ធ្វើឡើង​នា​គេហដ្ឋាន​របស់លោក​។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «​ក្រឡេកមើល​ពី​សមិទ្ធផល​ជាច្រើន ដែល​អូស្ត្រាលី និង​កម្ពុជា​សម្រេចបាន​រួមគ្នា​ក្នុង​រយៈពេល​ ៧០ ​ឆ្នាំ​ចុងក្រោយ​នេះ យើង​ឃើញថា វា​ជា​ដំណើរ​ដ៏វែងឆ្ងាយ​។ អូស្ត្រាលី​រីករាយ​រង់ចាំ​បន្ត​កិច្ចសហប្រតិបត្តិការ​នេះ​ជាមួយ​កម្ពុជា​នៅ​រយៈពេល​ ៧០ ​ឆ្នាំ​បន្ត​ទៅមុខទៀត និង​រាប់​ឆ្នាំ​លើសពីនោះ​ទៅទៀត​»​។


លោក ផាប្លូ កាង បន្តថា៖ «​ឆ្នាំនេះ យើង​រីករាយ​រង់ចាំ​ជួយ​គាំទ្រ​អាទិភាព​របស់​កម្ពុជា នៅក្នុង​ឆ្នាំ​ដែល​កម្ពុជា​ជា​ប្រធាន​អាស៊ាន​។ លើសពីនេះ រឿងរ៉ាវ​របស់​យើង ជា​រឿងរ៉ាវ​នៃ​ការរីកចម្រើន​ទំនាក់ទំនង​ដ៏រឹងមាំ​រវាង​ប្រជាជន​ និង​ប្រជាជន និង​ជា​ទំនាក់ទំនង​រឹងមាំ និង​ឆ្ពោះទៅមុខ​។ យើង​មាន​មូលហេតុ​ធំចម្បងៗ​ជាច្រើន ដែល​ធ្វើឱ្យ​យើង​ប្រារព្ធ​ខួប​នេះ​ជាមួយគ្នា​»​។

ទិវា​បុណ្យជាតិ​អូស្ត្រាលី​ជា​ទិវា​ជាតិ​ផ្លូវការ​របស់​ប្រទេស​អូស្ត្រាលី​ដែល​ត្រូវបាន​ប្រារព្ធ​ជា​រៀងរាល់​ឆ្នាំ នៅ​ថ្ងៃទី​ ២៦ ខែមករា​។ ទិវា​បុណ្យជាតិ​អូស្ត្រាលី​ជា​ទិវា​មួយ ដើម្បី​ធ្វើ​ការគិត​អំពី​អត្ថន័យ​ក្នុង​នាម​ជា​ជនជាតិ​អូស្ត្រាលី ព្រមទាំង​ធ្វើការ​អបអរ​អូស្ត្រាលី​សហសម័យ​ និង​ទទួលស្គាល់​ប្រវត្តិសាស្ត្រ​ផងដែរ​។ វា​ជា​ឱកាស​មួយ​ដើម្បី​ឆ្លុះបញ្ចាំង គោរព​ និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រជាជន​អូស្ត្រាលី​ទាំងអស់​។


ស្ថានទូត​អូស្ត្រាលី​បាន​លើកឡើង​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ថា ឆ្នាំនេះ​ដោយសារ​កម្ពុជា​ និង​អូស្ត្រាលី​ធ្វើការ​ប្រារព្ធ​ខួប​ទី​ ៧០ ​ឆ្នាំ​នៃ​ទំនាក់ទំនង​ទ្វេភាគី ទិវា​បុណ្យជាតិ​អូស្ត្រាលី​ក៏​ជា​ឱកាស ដើម្បី​ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង​របស់​ប្រទេស​អូស្ត្រាលី​ជាមួយ​កម្ពុជា​ផងដែរ​។ ជនជាតិ​អូស្ត្រាលី​ជាង ៦៦ ០០០ នាក់​ដែលមាន​ដើមកំណើត​ខ្មែរ​បាន​ចូលរួមចំណែក​ជាខ្លាំង ដល់​លទ្ធិប្រជាធិបតេយ្យ​ពហុវប្បធម៌​ដ៏រស់រវើក​របស់​ប្រទេស​អូស្ត្រាលី​។

លោក​ ផាប្លូ កាង​មាន​ប្រសាសន៍​ថា៖ «​នាពេល​ចាប់ផ្តើម​ទំនាក់ទំនង​របស់​យើង ក៏ដូចជា​ពេលនេះ ទំនាក់ទំនង​រវាង​ប្រជាជន​កម្ពុជា​ និង​ប្រជាជន​អូស្ត្រាលី​បាន​ពង្រឹង​ទំនាក់ទំនង​របស់​យើង​។ យើង​បាននិងកំពុង​ធ្វើការ​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​ពង្រឹង​ទំនាក់ទំនង​របស់​យើង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​កំណើន​ប្រកបដោយ​ចីរភាព និង​រក្សា​ស្ថិរភាព និង​លទ្ធិប្រជាធិបតេយ្យ​»​។

នាឱកាស​នោះដែរ​លោក ឯកអគ្គរាជទូត​ក៏បាន​រំលេច​ឡើង​ពី​ការជួយ​គាំទ្រ​លើ​ប្រព័ន្ធ​សុខាភិបាល​ពី​ប្រទេស​អូស្ត្រាលី​មកដល់​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជា​យូរ​មកហើយ រួមទាំង​ក្នុង​អំឡុងពេល​មាន​ជំងឺ​រាតត្បាត​ដោយ​កូវីដ ​១៩ ​នេះ​ផងដែរ​។

លោក​ថា អូស្ត្រាលី​បានផ្តល់​ថវិកា​ចំនួន ៣៥,៧ លាន​ដុល្លារ ដើម្បី​ជួយ​ដល់​ការទទួលបាន​វ៉ាក់សាំង និង​ជួយ​ដល់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​របស់​ជាតិ​នៅក្នុង​ប្រទេស​កម្ពុជា​។ អូស្ត្រាលី​បានផ្តល់​វ៉ាក់សាំង Pfizer-BioNtech ចំនួន​ជាង​ ២,៣៥ លាន​ដូស​ផងដែរ ដើម្បី​ជួយ​ការពារ​ប្រជាជន​កម្ពុជា​ពី​វីរុស​នេះ​។

លោក ផាប្លូ កាង បាន​ថ្លែងថា៖ «​យើង​ក៏​កំពុងធ្វើការ​ជាមួយ អង្គការ​យូនីសេហ្វ​អង្គការ​សុខភាព​ពិភពលោក និង​ក្រសួងសុខាភិបាល ដើម្បី​ចែករំលែក​ព័ត៌មាន​ត្រឹមត្រូវ​អំពី​ជំងឺ​កូវីដ​ ១៩ និង​អំពី​វ៉ាក់សាំង​នៅ​ទូទាំងប្រទេស​កម្ពុជា​ព្រមទាំង​ទិញ​សឺ​រ៉ាំ​ង ផ្តល់​ដំបូន្មាន​បច្ចេកទេស និង​ធានាថា ជន​មាន​ពិការភាព និង​ក្រុម​-​ងាយ​រងគ្រោះ​ផ្សេងទៀត ត្រូវបាន​រួមបញ្ចូល​នៅក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ​»​។

លោក លី ធុជ ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​ ១ របស់​អាជ្ញាធរ​មីន​ដែល​បាន​ចូលរួម​ក្នុង​ទិវា​បុណ្យជាតិ​អូស្ត្រាលី និង​ខួប​ទី​ ៧០ ​ឆ្នាំ​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​អូស្ត្រាលី​នេះ​បាន​លើកឡើងថា ការបង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​រវាង​កម្ពុជា និង​អូស្ត្រាលី​តាំងពី​ឆ្នាំ ១៩៥២ បាន​ឈាន​ចូលដល់​ដំណាក់កាល​នៃ​មិត្តភាព​ជា​ប្រវត្តិសាស្ត្រ​។

លោក​ថ្លែងថា៖ «​ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​កត់សម្គាល់ថា ទោះបី​ជា​ប្រទេស​ទាំង​ ២ ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន​ក៏ដោយ​ក៏​ទំនាក់ទំនង​ស្និទ្ធស្នាល​ និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​របស់​យើង​បាន​សាកល្បង​ពេលវេលា ហើយ​ត្រូវបានធ្វើ​ឱ្យមាន​ភាពចម្រុះ​ និង​ពង្រឹង​យ៉ាង​ធំធេង​លើ​វិស័យ​ជាច្រើន​រាប់​ចាប់ពី​ការអភិវឌ្ឍ​នយោបាយ សន្តិសុខ​ និង​សេដ្ឋកិច្ចសង្គម​សម្រាប់​យើង​»​។

លោក លី ធុជ មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​ឃើញ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​ដ៏​រឹងមាំ​នៃ​ប្រទេស​ទាំង​ ២ ដែល​ពង្រឹង​បន្ថែមទៀត​នូវ​មូលដ្ឋានគ្រឹះ​នៃ​ទំនាក់ទំនង​ដ៏យូរអង្វែង​ និង​កិច្ចសហប្រតិបត្តិការ​ដែលមាន​ផលប្រយោជន៍​ទៅវិញទៅមក​។

ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ ២០២២ កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ធ្វើការ​យ៉ាងជិតស្និទ្ធ​ជាមួយ​រដ្ឋ​សមាជិក​អាស៊ាន និង​អូស្ត្រាលី​ក្នុង​ការពង្រឹង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​លើ​គ្រប់​ជ្រុងជ្រោយ​រវាង​អាស៊ាន និង​អូស្ត្រាលី​ដើម្បី​ជំរុញ​ទំនាក់ទំនង​កាន់តែ​ទូលំទូលាយ និង​ផ្តល់​ផលប្រយោជន៍​ទៅវិញ​ទៅមក ព្រមទាំង​រក្សា និង​លើកកម្ពស់​សន្តិភាព សន្តិសុខ វិបុលភាព​​ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុង​តំបន់​៕