ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញរូបភាពនៃការរីកចម្រើនជឿនលឿន ដែលមានសំណង់អគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស និងផ្លូវថ្នល់ខ្វាត់ខ្វែងកាន់តែច្រើននៅក្នុងរាជធានី-ភ្នំពេញដែលលោកថា ការរីកចម្រើនទាំងអស់នេះ មិនអាចកើតឡើងបានឡើយ បើប្រទេសមិនមានសន្តិភាព «ដូច្នេះសន្តិភាពគឺជាតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ»។
តាមរយៈហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី នៅថ្ងៃទី ២៧ ខែមករា បានបង្ហោះរូបភាព ៧ សន្លឹក ដែលបង្ហាញពីភាពរីកចម្រើនក្នុងការអភិវឌ្ឍនៅរាជធានីភ្នំពេញ។ អមជាមួយរូបភាពនោះ លោកបានសរសេរមានខ្លឹមសារថា នេះគឺទិដ្ឋភាពមួយចំនួននៃរាជធានីភ្នំពេញ ដែលជាបេះដូងរបស់កម្ពុជាថតពីលើអាកាសនៅក្នុងខែមករា ឆ្នាំ ២០២២។ បច្ចុប្បន្ននេះ វាពិតជាខុសគ្នាដាច់ស្រឡះពីអតីតកាល ហើយទៅអនាគតក៏នឹងកាន់តែរីកដុះដាលច្រើន និងល្អៗជាងនេះថែមទៀត។
លោក ហ៊ុន សែន បន្តថា៖ «តាមរយៈទិដ្ឋភាពនេះបានបង្ហាញឱ្យឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះទីក្រុងភ្នំពេញបាននិងកំពុងផ្លាស់ប្តូរមុខមាត់យ៉ាងលឿន តាមរយៈវត្តមានអគារខ្ពស់ៗកប់ពពក ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់កាន់តែច្រើននៅក្នុងទីក្រុងនៃប្រទេសកំពុងមានការអភិវឌ្ឍមួយនេះ»។
បើតាមលោកនាយករដ្ឋមន្ត្រីការបង្ហាញវត្តមានអគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ បានកើតឡើងជាបន្តបន្ទាប់ កាន់តែច្រើនទាំងអស់នេះ គឺបានឆ្លុះបញ្ចាំងពីសមិទ្ធផលធំៗរបស់កម្ពុជាដែលសម្រេចបាន និងមិនធ្លាប់មានពីមុនមក ក្នុងខណៈពេលដែលកម្ពុជាកំពុងទទួលបានសុខសន្តិភាពពេញលេញទូទាំងប្រទេស។
លោកសរសេរទៀតថា៖ «ការរីកចម្រើនទាំងអស់នេះ មិនអាចកើតឡើងបានឡើយ បើប្រទេសយើងមិនមានសន្តិភាព។ ដូច្នេះ សន្តិភាព គឺជាតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ ហើយប្រជាពលរដ្ឋគ្រប់រូបត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បីទទួលបានការអភិវឌ្ឍប្រទេសជាតិរបស់យើងឱ្យកាន់តែរីកចម្រើនខ្លាំងថែមទៀត»។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញបានផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្នក្នុងពិធីបើកការដ្ឋាន សាងសង់ស្ពានអាកាសផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
រដ្ឋបាលរាជធានីភ្នំពេញបានឱ្យបានដឹងថា នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២ ចាប់ពីម៉ោង ៦ ព្រឹក រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំពិធីបើកការដ្ឋានសាងសង់ ស្ពានអាកាស ផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ក្រោមវត្តមានលោក ហ៊ុន សែន។ ដើម្បីឱ្យកម្មវីធីខាងលើប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងមានរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានី-ភ្នំពេញនឹងធ្វើការផ្អាកចរាចរណ៍នៅជុំវិញទីតាំងប្រារព្ធពិធី។
រដ្ឋបាលរាជធានីបញ្ជាក់ថា៖ «យានយន្តគ្រប់ប្រភេទដែលចរាចរតាមផ្លូវជាតិលេខ ៥ ចូលរាជធានីភ្នំពេញត្រូវបង្វែរទិសចរាចរណ៍តាមស្ពានព្រែកព្នៅ ឬតាមផ្លូវលេខ ៥៩៨។ ចំពោះយានយន្តចេញពីរាជធានីភ្នំពេញត្រូវបញ្ចៀសចរាចរណ៍ឡើងស្ពានមិត្តភាពកម្ពុជា-ជប៉ុនហើយយានយន្តដែលធ្វើដំណើរឆ្លងកាត់ ស្ពានដែកបេឡេត្រូវបង្វែរទិសតាមផ្លូវជាតិលេខ ៦ ឬមហាវិថីអូស៊ីអាយស៊ី ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិនវិញ»។
លោក មាស ចាន់ឌី ទីប្រឹក្សាជាន់ខ្ពស់អង្គការ CAMSAFE ថ្លែងនៅថ្ងៃទី ២៧ ខែមករាថា ការកើនឡើងចំនួនស្ពានអាកាសថ្មីមានសារៈសំខាន់ច្រើនចំពោះវិស័យសុវត្ថិភាពចរាចរណ៍។ លោកថ្លែងថា៖ «វាបានកាត់បន្ថយការប្រឈមមុខគ្រោះថ្នាក់របស់អ្នកថ្មើរជើង ព្រោះអ្នកថ្មើរជើង គេចាត់ទុកជាអ្នកដែលងាយរងគ្រោះថ្នាក់នៅក្នុងការធ្វើដំណើរ ព្រោះផ្នែកថ្មើរជើងតូច ពិបាកមើលឃើញ ដូច្នេះការធ្វើស្ពានអាកាស វាមានប្រយោជន៍សំខាន់ក្នុងការលើកកម្ពស់សុវត្ថិភាពរបស់ថ្មើរជើង»។
មួយវិញទៀតកាលណាមានស្ពានអាកាសរំហូរចរាចរណ៍មានលក្ខណៈល្អប្រសើរឡើង ប៉ុន្តែអ្វីដែលសំខាន់គឺការយល់ដឹង និងការនិយមប្រើប្រាស់របស់ពលរដ្ឋជាអ្នកថ្មើរជើង។ បច្ចុប្បន្ន ប្រជាជនកម្ពុជាអាចនឹងមិនសូវយល់អំពីតម្លៃនៃការប្រើប្រាស់ស្ពានអាកាសព្រោះគេទម្លាប់ឆ្លងតាមចិត្ត មិនងាយដើរទៅរកកន្លែងដែលមានស្ពានអាកាសសម្រាប់ដើរឆ្លងនោះទេ។
លោក មាស ចាន់ឌី បញ្ជាក់ថា៖ «ខ្ញុំគិតថា អាហ្នឹងជារឿងក្រោយទេ សំខាន់មានស្ពានសិន ព្រោះបើយើងមានហើយ យើងធ្វើការអប់រំគាត់បន្តទៀត ថ្ងៃមុខទៅគាត់នឹងប្រើប្រាស់របស់ហ្នឹងហើយ។ ខ្ញុំឃើញស្ពានអាកាសនៅស្រុកយើងមានច្រើនដែរ ប៉ុន្តែប្រជាពលរដ្ឋយើងអ្នកខ្លះគាត់មិននិយមប្រើ ឧទាហរណ៍ដូចជានៅផ្សារដើមគស្ពានស្អាតតែអត់មានអ្នកឆ្លង ពលរដ្ឋគាត់ទម្លាប់ឆ្លងកាត់ផ្លូវតែកន្លែងចាស់ដែលគាត់ធ្លាប់ឆ្លង»៕