កំពង់ធំៈ លោក​ទេសរដ្ឋមន្ត្រី​ គន់ គីម អនុប្រធាន​ និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​បាន​បញ្ជាក់ថា នៅពេល​ខាងមុខ​ឆាប់ៗ​នេះ លោក​គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ប្រវែង​ ១២​ គីឡូម៉ែត្រ ហើយនឹង​រៀបចំ​បណ្ដាញ​ប្រព័ន្ធ​រំដោះ​ទឹក និង​ប្រឡាយទឹក​សម្រាប់​អតីតយុទ្ធជន​នៅក្នុង​ខេត្តកំពង់ធំ​។


លោក​ទេសរដ្ឋមន្ត្រី​ គន់ គីម ​បាន​ថ្លែង​បែបនេះ ខណៈពេល​ដែល​លោក​បាន​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ជីវភាព​រស់នៅ​របស់​បងប្អូន​អតីតយុទ្ធជន​ ១៤១ ​គ្រួសារ​កាលពី​ថ្ងៃទី​ ២៦ ខែមករា​នេះ ក្រោយ​ពេលដែល​បងប្អូន​ទាំងនោះ​ទទួលបាន​លើដី​សម្បទាន​សង្គមកិច្ច​ពី​រដ្ឋាភិបាល​នៅក្នុង​ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ​កាលពី​ឆ្នាំ​ ២០២១​ កន្លងមក​។ បន្ទាប់ពី​ទទួលបាន​ដី​សម្បទាន​សង្គមកិច្ច​របស់​រាជរដ្ឋាភិបាល ដើម្បី​អាច​រស់នៅ​ប្រកបមុខរបរ និង​ដាំ​ដុះ​ដំណាំ​ផ្សេងៗ អតីតយុទ្ធជន​កាន់​តែមាន​ជីវភាព​ធូរធារ​ជាង​មុន​។ នេះ​បើ​យោងតាម​ក្រសួង​ព័ត៌មាន​។

អតីតយុទ្ធជន​មួយ​គ្រួសារ​ទទួលបាន​ផ្ទះ​ថ្មី​ ១ ​ខ្នង និង​ដីសម្បទាន​សង្គមកិច្ច​ ១ ហិកតា​កន្លះ ដើម្បី​ដាំ​ដំណាំ​បង្កបង្កើនផល ចិញ្ចឹមសត្វ​ដោះស្រាយ​ជីវភាព​គ្រួសារ​។ ប៉ុន្តែ​មកដល់​បច្ចុប្បន្ននេះ តំបន់​នោះ​នៅ​មិនទាន់មាន​ផ្លូវ ទឹកស្អាត និង​អគ្គិសនី សម្រាប់​ប្រើប្រាស់​នៅឡើយ​។


សមាគម​អតីតយុទ្ធជន​កម្ពុជា​ក៏បានផ្តល់​ដីសម្បទាន​សង្គមកិច្ច​ជូន​អតីត​កងកម្លាំង​ប្រដាប់អាវុធ​ និង​គ្រួសារ​ចំនួន​ ៦២៨ ​គ្រួសារ​ដែលមាន​ផ្ទៃដី​សរុប​ទំហំ​ ៩២៤​ ហិកតា ស្ថិតនៅ​ភូមិ​សាយ ឃុំ​ព្រងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ផងដែរ​កាលពី​ឆ្នាំ​ ២០២១​។

យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​ ២០២១ ​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បានឱ្យដឹងថា ក្រសួង​បាន​ចុះ​ពិនិត្យ​ទីតាំង​ដី​ដែល​រដ្ឋបាលខេត្ត​ព្រះវិហារ​ស្នើសុំ​កាត់​ទំហំ​សរុប​ ៦ ៣៨៤ ​ហិកតា ចេញពី​ដែនជម្រក​សត្វព្រៃ​ឆែប​ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ និង​ធ្វើ​អនុបយោគ​ជា​ដី​ឯកជន​របស់​រដ្ឋ​សម្រាប់​គោលដៅ​សម្បទាន​ដី​សង្គមកិច្ច​ជូន​គ្រួសារ​យោធិន​នៃ​កងពលតូច​អន្តរាគមន៍​លេខ​ ៧​។ បន្ថែម​លើ​នេះ ក្រុមការងារ​ក្រសួង​បាន​ចុះ​ពិនិត្យ​ទីតាំង​ដី​ដែល​រដ្ឋបាល​ខេត្តពោធិ៍សាត់​ស្នើសុំ​អនុ​ប​យោគ​ដី​ទំហំ​ ១ ១៣០ ​ហិកតា កាត់ ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​ ២០០២ និង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ សម្រាប់​អនុវត្ត​គម្រោង​សម្បទាន​ដី​សង្គមកិច្ច​ជូន​អតីត​កងកម្លាំង​ និង​គ្រួសារ​៕