ភ្នំពេញៈ ក្រសួងបរិស្ថានណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរបរិស្ថានរាជធានី-ខេត្តចាត់វិធានការចាំបាច់មួយចំនួន ដើម្បីគ្រប់គ្រងគុណភាពខ្យល់ឱ្យបានល្អ ខណៈលទ្ធផលពីស្ថានីយត្រួតពិនិត្យបង្ហាញស្ថានភាពគុណភាពខ្យល់មានការធ្លាក់ចុះគួរឱ្យបារម្ភ ពិសេសកម្រិតកំហាប់ភាគល្អិតនិចល PM10 និង PM 2.5 អាចកើនឡើងលើសកម្រិតស្តង់ដានៅបណ្តាខេត្តមួយចំនួន ដែលអាចបង្កផលប៉ះពាល់សុខភាពប្រជាពលរដ្ឋ។
សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន នាថ្ងៃទី ៣១ មករា ឱ្យដឹងថា តាមលទ្ធផលនៃការអនុវត្តតាមដានគុណភាពខ្យល់ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ ដែលក្រសួងបរិស្ថានបានដំឡើងនៅតាមបណ្តារាជធានី-ខេត្ត ទូទាំងប្រទេសបង្ហាញថាស្ថានភាព គុណភាពខ្យល់មានការធ្លាក់ចុះគួរឱ្យបារម្ភ។ ជាពិសេសកម្រិតកំហាប់ភាគល្អិតនិចល PM10 និង PM 2.5 អាចកើនឡើងលើសកម្រិតស្តង់ដានៅបណ្តាខេត្តមួយចំនួនដែលជាហានិភ័យបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
PM2.5 គឺជាភាគល្អិតនិចលតូចៗនៅក្នុងខ្យល់ ដែលមានអង្កត់ផ្ចិតតូចជាង ២,៥ មីក្រុង។ ភាគល្អិតនិចលនេះមានប្រភពមកពីការដុតឥន្ធនៈហ្វូស៊ីល និងកម្ទេចធូលីផ្សេងៗ។ កម្រិតកំហាប់ភាគល្អិតនេះស្ថិតក្នុងកម្រិតស្តង់ដា ៥០ អាចបង្កឱ្យប៉ះពាល់ដល់សុខភាព ប៉ុន្តែនៅគ្រប់រាជធានី-ខេត្តមិនទាន់មានខេត្តណាមួយមានការកើនឡើងដល់កម្រិតស្តង់ដានៅឡើយទេ។ ទោះយ៉ាងណាមានខេត្តចំនួន ៤ មានការកើនឡើងដល់កម្រិតក្រោម ៥០ ក្នុងនោះខេត្តសៀមរាប មានកម្រិត ៤៣.៩០ ខេត្តព្រះវិហារមានកម្រិត ៤១.២១ ខេត្តស្ទឹងត្រែងមាន ៤១.៤៣ និងខេត្តមណ្ឌលគិរី មាន ៤០.០៩។ នេះបើតាមសេចក្តីជូនដំណឹងពីក្រសួងបរិស្ថាន។
ក្រសួងបញ្ជាក់ថា ប្រភព និងសកម្មភាពសំខាន់ៗដែលជាហេតុបង្កឱ្យមានកម្រិតកំហាប់ភាគល្អិតនិចល PM10 និង PM 2.5 មានការកើនឡើងនេះ រួមមាន ការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្មពីយានយន្តប្រើប្រាស់ប្រេងម៉ាស៊ូត និងពីចំហេះឥន្ធនៈផ្សេងៗទៀត។ រីឯ ភ្លើងឆេះព្រៃ ការដុតព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំរាម និងសំណល់រឹងនៅទីចំហ និងការឆេះសំរាមទីលានចាក់សំណល់ ការហុយធូលីពីការដ្ឋានសំណង់ជាដើម ក៏ជាហេតុបង្កឱ្យមានកម្រិតកំហាប់ ភាគល្អិតនិចលនេះកើនឡើងដែរ។
ដោយពិនិត្យឃើញនូវបញ្ហាទាំងនេះ និងដើម្បីកែលម្អគុណភាពខ្យល់នៅតាមរាជធានី-ខេត្ត ក្រសួងបរិស្ថានបានជម្រាបជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរបរិស្ថានរាជធានី-ខេត្តនូវវិធានការមួយចំនួន។ ទី ១ ត្រូវចាត់វិធានការទប់ស្កាត់ភ្លើងឆេះព្រៃ និងការដុតសំរាម សំណល់រឹងនៅតាមទីចំហ ការឆេះនៅតាមទីលានចាក់សំណល់។ ទី ២ ត្រូវចាត់វិធានការទប់ស្កាត់ការហុយធូលីពីការដ្ឋានសំណង់ និងការដ្ឋានកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងធូលីហុយនៅតាមដងផ្លូវ។ ទី ៣ ធ្វើការសម្អាតអនាម័យនៅតាមដងផ្លូវ និងទីសាធារណៈ។ ទី ៤ អប់រំប្រជាពលរដ្ឋកុំឱ្យដុតសំរាម និងសំណល់រឹង ដុតស្មៅ គល់ជញ្ជ្រាំង និងសំណល់កសិកម្មផ្សេងៗទៀត។
ក្រសួងបញ្ជាក់ថា៖ «សូមរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរបរិស្ថានរាជធានី-ខេត្ត មានវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់»។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថានថ្លែងថា ស្ថានភាពគុណភាពខ្យល់នៅកម្ពុជានៅតែមានកម្រិតក្រោមស្តង់ដាមានគុណភាពល្អ បើទោះបីជាកម្រិតកំហាប់ភាគល្អិតនិចលមានការកើនឡើង ជាពិសេសកំហាប់ប៉ារ៉ាម៉ែត្រភាគល្អិតនិចល PM10 និង PM 2.5 បន្តិចក៏ដោយ។
លោក ភក្ដ្រា ថ្លែងថា ការបំពុលខ្យល់កំពុងក្លាយជាបញ្ហាប្រឈមផ្នែកបរិស្ថានក្នុងតំបន់ និងពិភពលោក ដែលផលប៉ះពាល់ពីការបំពុលខ្យល់មានលក្ខណៈធំធេង។ ដោយសារតែសារធាតុបំពុលខ្យល់អាចសាយភាយបានឆ្ងាយ បង្កឱ្យមានការបំពុលឆ្លងដែនរួមផ្សំនឹងឥទ្ធិពលពីកត្តាអាកាសធាតុ និងភូមិសាស្ត្រ បានធ្វើឱ្យការបំពុលខ្យល់ក្លាយជាបញ្ហាប្រឈមចំពោះសុខភាព ដែលទាមទារឱ្យគ្រប់ប្រទេសទាំងអស់មានការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាបំពុលខ្យល់។ ប្រភពនៃការបំពុលខ្យល់មានការកើនឡើងជាលំដាប់តាមរយៈមធ្យោបាយធ្វើដំណើរ។ ការប្រើប្រាស់ថាមពលក្នុងដំណើរការផលិតកម្ម សេវាកម្ម និងលំនៅឋាន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ បណ្តាលឱ្យមានកំណើននៃការបញ្ចេញឧស្ម័នបំពុលបរិយាកាស។
លោកថ្លែងថា៖ «ជាវិធានការនៃការកាត់បន្ថយការបំពុលខ្យល់ ក្រសួងបរិស្ថានបានផ្តួចផ្តើមរៀបចំផែនការខ្យល់ស្អាតកម្ពុជា ដោយមានកិច្ចសហការផ្តល់បច្ចេកទេស និងហិរញ្ញវត្ថុពីកម្មវិធីភាពជាដៃគូស្តីពីខ្យល់ស្អាតអាស៊ីប៉ាស៊ីហ្វិកនៃកម្មវិធីបរិស្ថានសហប្រជាជាតិ និងវិទ្យាស្ថានបរិស្ថានស្តុកហូលម៍នៃប្រទេសស៊ុយអ៊ែត»។
លោកបន្ថែមថា៖ «ហើយថ្មីៗនេះ ក្រសួងបរិស្ថានបានចេញផ្សាយផែនការខ្យល់ស្អាតកម្ពុជា ដែលជាឯកសារយុទ្ធសាស្ត្រជាតិសំដៅកំណត់សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលខ្យល់នៅប្រទេសកម្ពុជា»។
បើតាមលោកនេត្រ ភក្ត្រា ឯកសារជាយុទ្ធសាស្ត្រនេះបានផ្តល់នូវទិដ្ឋភាពសំខាន់ៗ រួមមាន ស្ថានភាពគុណភាពខ្យល់ (បច្ចុប្បន្ន និងនិន្នាការក្នុងឆ្នាំ ២០៣០)។ ប្រភពបំពុលខ្យល់សំខាន់ៗ លិខិតបទដ្ឋានគតិយុត្ត និងវិធានការកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលបរិយាកាសតាមវិស័យ។ នេះជាលើកទី ១ ហើយដែលការបញ្ចេញសារធាតុបំពុលបរិយាកាស បង្កផលប៉ះពាល់ដល់សុខភាពត្រូវបានវាស់វែងក្នុងកម្រិតជាតិ និងវិធានការកាត់បន្ថយការបំពុលបរិយាកាសត្រូវបានដាក់អនុវត្តក្នុងគោលបំណងលើកកម្ពស់គុណភាពខ្យល់ ការពារ សុខភាពសាធារណៈ និងបរិស្ថានត្រូវបានកំណត់ជាក់លាក់។
ផែនការខ្យល់ស្អាតកម្ពុជាត្រូវបានរៀបចំឡើងដោយធ្វើសមាហរណកម្មជាមួយគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជា សារាចរលេខ ១ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ។ អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេង ដើម្បីដាក់ចេញជាវិធានការកាត់បន្ថយការបញ្ចេញសារធាតុបំពុលខ្យល់។ នេះបើតាមលោក ភក្ដ្រា។
ប្រទេសកម្ពុជា ក៏ដូចបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀតដែរ ការកើនឡើងជាលំដាប់នូវមធ្យោបាយធ្វើដំណើរ ការប្រើប្រាស់ថាមពលក្នុងដំណើរការផលិតកម្ម សេវាកម្ម និងលំនៅឋាន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ បណ្តាលឱ្យមានកំណើននៃការបញ្ចេញឧស្ម័នបំពុលបរិយាកាសនៅកម្ពុជា។
ជាក់ស្ដែង តាមទិន្នន័យតាមដានគុណភាពខ្យល់របស់ក្រសួងបរិស្ថានបង្ហាញថានៅទីក្រុងភ្នំពេញជារៀងរាល់ឆ្នាំ កំហាប់ PM2.5 ជាមធ្យមកើនឡើងពី ១៣.៥៩ មីក្រូក្រាមក្នុង ១ ម៉ែត្រគុបក្នុងឆ្នាំ ២០១៧ និង ១៩.២៦ មីក្រូក្រាមក្នុង ១ ម៉ែត្រគុប ក្នុងឆ្នាំ ២០១៨។ វាបានកើនឡើងដល់ ២១.១២ មីក្រូក្រាមក្នុង ១ ម៉ែត្រគុប ក្នុងឆ្នាំ ២០១៩ ហើយឆ្នាំ ២០២១ ស្ថានភាពខ្យល់មានភាពល្អប្រសើរស្ថិតក្រោមបន្ទាត់ស្តង់ដាជាតិ (២៥ មីក្រូក្រាមក្នុង ១ ម៉ែត្រគុប)។
បើទោះបីជាកំហាប់ភាគល្អិតនិចលស្ថិតក្រោមបន្ទាត់ស្តង់ដាជាតិ (២៥ មីក្រូក្រាមក្នុង ១ ម៉ែត្រគុប) ក៏ដោយ ប៉ុន្តែនិន្នាការនៃការកើនឡើងកំហាប់សារធាតុបំពុលខ្យល់ពី ១ ឆ្នាំ ទៅ ១ ឆ្នាំ ក្នុងបរិយាកាស គឺមានកម្រិតគួរឱ្យកត់សម្គាល់ ដែលទាមទារការយកចិត្តទុកដាក់ក្នុងការចាត់វិធានការកាត់បន្ថយ។
ខណៈមានជំងឺមួយចំនួនដែលបណ្តាលមកពីការប៉ះពាល់ជាមួយភាគល្អិតនិចលក្នុងរយៈពេលវែង ដូចជាប៉ះពាល់ដល់ទារក (កើតមុនកំណត់ទម្ងន់មិនគ្រប់) ជំងឺផ្លូវដង្ហើមចំពោះកុមារក្រិនសរសៃឈាម ការវិវឌ្ឍប្រព័ន្ធប្រសាទ និងសមត្ថភាពខួរក្បាល គឺការបំពុលខ្យល់បណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើនចំពោះសុខភាពសាធារណៈបរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ច។
បើយោងតាមអង្គការសុខភាពពិភពលោក ការបំពុលខ្យល់សាធារណៈបានសម្លាប់មនុស្សប្រមាណ ៤,២ លាននាក់ជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក ដែលតំបន់ប៉ាស៊ីហ្វិកខាងលិច និងអាស៊ីអាគ្នេយ៍ជាតំបន់ដែលរងផលប៉ះពាល់ច្រើនជាងគេ (WHO ឆ្នាំ ២០១៦)។
លោក ភក្ដ្រា បានអំពាវនាវដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរបរិស្ថានរាជធានី-ខេត្ត ដាក់វិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរក្សាបាននូវគុណភាពខ្យល់ល្អប្រសើរដល់ពលរដ្ឋកម្ពុជា។
លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបឱ្យដឹងថា ក្រោយទទួលបានសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន មន្ទីរបានបន្តផ្សព្វផ្សាយព័ត៌មាននេះទៅបណ្តាស្រុកនៅទូទាំងខេត្ដ ហើយបណ្ដាស្រុកបានបន្តផ្សព្វផ្សាយណែនាំដល់ភូមិឃុំ ដល់ប្រជាពលរដ្ឋក្នុងការទប់ស្កាត់ការធ្វើសកម្មភាពបង្កឱ្យមានការបំពុលខ្យល់នេះ។
លោកបានថ្លែងថា៖ «កាលពីម្សិលមិញ [ថ្ងៃទី ៣១ ខែមករា] តាមស្រុកមួយចំនួនបានចេញសេចក្ដីជូនដំណឹងបន្តដល់ភូមិ- ឃុំ និងបងប្អូនប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ការដុតជញ្ជ្រាំង ការដុតកាកសំណល់សំរាម សំណល់រឹងជាដើម»។
ទាក់ទងនឹងភាពល្អិតនិចល PM2.5 ក្នុងបរិយាកាសនៅខេត្ដសៀមរាបកើនឡើងដល់កម្រិត ៤៣.៩០ កាលពីថ្ងៃទី ៣០ ខែមករា និងធ្លាក់ចុះមកនៅក្រោមកម្រិត ៣០ នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២។ លោក ស៊ុន គង់ បញ្ជាក់ថា ភាគល្អិតនិចលក្នុងបរិយាកាសក្នុងខេត្ដសៀមរាបកើនឡើងភាគច្រើន គឺដោយសារការដុតជញ្ជ្រាំង និងសំណល់សំរាមរបស់ប្រជាពលរដ្ឋ៕