កុង​កោះៈ អាជ្ញាធរ​ខេត្តកោះកុង និង​អង្គការ​អុក​ស្វា​ម​ណូ​វី​ប (Oxfam Novib) ពិភាក្សា​រក​ដំណោះស្រាយ​ករណី​វិវាទ​រវាង​ប្រជាពលរដ្ឋ «​ក្រុម ២០០​គ្រួសារ​» នៅ​ឃុំ​ជីខ​លើ ស្រុកស្រែ​អំបិល ជាមួយ​ក្រុមហ៊ុន​ទទួល​ទិញ​ស្ករស​ម្រេច​ពី​កម្ពុជា ថេត អេ​ន ឡាយ ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស​។


​ជំនួប​ពិភាក្សា​នេះ ធ្វើឡើង​រវាង លោក សុខ សុ​ទ្ធី អភិបាលរង​ខេត្តកោះកុង និង​លោកស្រី ភាព សោភ័ណ នាយិកា​អង្គការ​អុក​ស្វា​ម​ណូ​វី​ប (Oxfam Novib) រួម​ជាមួយនឹង​អង្គការ​ដៃគូ មជ្ឈមណ្ឌល​អប់រំ​ច្បាប់ សម្រាប់​សហគមន៍​(CLEC)​ផងដែរ នា​ថ្ងៃទី​៣ ខែកុម្ភៈ​។

​រដ្ឋបាល​ខេត្តកោះកុង បញ្ជាក់​ក្នុង​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី​៣ ខែកុម្ភៈ​ថា​៖«​គោលបំណង​នៃ​ជំនួប​នេះ គឺ​ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព នៃ​ការចរចា​រក​ដំណោះស្រាយ លើ​ករណី​វិវាទ​របស់​ប្រជាពលរដ្ឋ ក្រុម ២០០​គ្រួសារ​។ ក្នុងជំនួប​ខាងលើ គឺ​ទទួលបាន​នូវ​វឌ្ឍន​ភាពជា​លទ្ធផល​វិជ្ជមាន ដែល​គ្រប់ភាគី​ពាក់ព័ន្ធ សម្រេច​បង្ហាញ​នូវ​សុ​ឆន្ទៈ​ក្នុងការ​ដោះស្រាយ​បញ្ចប់​ករណី​»៕