ភ្នំពេញៈ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង បរិស្ថាន អះអាង​ថា ជ្រូកពោន ឬ​ជ្រូកព្រុល​ដែល​ស្ថិត​ក្នុង​បញ្ជី​ក្រហម IUCN ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​នៅ​លើ​ពិភពលោក​កំពុង​បន្ត​មាន​វត្តមាន​នៅ​កម្ពុជា ប៉ុន្តែ​មិនមាន​ការ​សិក្សា​លម្អិត​អំពី​ចំនួន​សត្វ​នេះ​ឡើយ។ សត្វនេះ​មាន​នៅ​តាម​តំបន់​ព្រៃ​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា ពិសេស​នៅ​ភាគនិរតី ភាគឦសាន និង​ភាគ​ខាងជើង​ប្រទេស។


លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃ​ទី ៥ ខែ​កុម្ភៈ​នេះ​ថា ជ្រូកពោន ឬ​ជ្រូកព្រុល ដែល​ជា​ប្រភេទ​សត្វ​ក្នុង​ក្រុម​មាន​ដោយ​កម្រ ស្ថិត​ក្នុង​បញ្ជី​ក្រហម IUCN ដែល​ថា ជា​ប្រភេទ​ងាយ​រងគ្រោះ បន្ត​មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា ជាមួយ​ប្រភេទ​សត្វ​កម្រៗ​ផ្សេង​ទៀត​ដូចជា៖ សត្វដំរី ខ្ទីង ទន្សោង ឈ្លូសយក្ស ខ្លារខិន ខ្លាពពក ជាដើម។

លោក​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បញ្ជាក់​ថា៖ «មិនមាន​ការ​សិក្សា​ឱ្យ​បាន​លម្អិត អំពី​ចំនួន​សត្វជ្រូក​ពោន នៅ​លើ​ពិភព​លោក និង​នៅ​កម្ពុជា​នោះ​ទេ តែ​អ្វី​ដែល​កត់សម្គាល់​ជ្រូកពោន​មាន​នៅ​តាម​តំបន់​ព្រៃធម្មជាតិ​របស់​ប្រទេស​កម្ពុជា ពិសេស​នៅ​ភាគ​និរតី ភាគឦសាន និង​ភាគខាង​ជើង​ប្រទេស​កម្ពុជា។ របាយ​ប្រជាសាស្ត្រ​របស់​សត្វ​ជ្រូកពោន ក៏​មាន​ផងដែរ​នៅ​ប្រទេស​ចិន កម្ពុជា មីយ៉ាន់ម៉ា វៀតណាម និង​កោះស៊ូមាត្រា​ ប្រទេស​ឥណ្ឌូនេស៊ី»។


លោក​បន្តថា ជ្រូកពោន បច្ចុប្បន្ន​កំពុង​រងគ្រោះ​ដោយសារ​តែ​ការ​បរបាញ់ ការ​ដាក់​អន្ទាក់ ដើម្បី​យក​សាច់​និង​យក​សំណាក​ធ្វើ​អាជីវកម្ម​ដោយ សារ​តែ​ពលរដ្ឋ​មួយ​ចំនួន​មាន​ជំនឿ​ថា ខ្លាញ់​ជ្រូក​ពោន​អាច​យក​ទៅ​ធ្វើ​ថ្នាំ​បុរាណ​ជាដើម។

លោកថ្លែងថា៖ «សូមចូលរួម​ទាំងអស់​គ្នា ដើម្បី​បញ្ឈប់​ការ​បរិភោគ​សាច់​សត្វព្រៃ ការ​ប្រើប្រាស់​ផលិតផល​ពី​សត្វព្រៃ ការ​ជួញដូរ​សត្វព្រៃ ដែល​សុទ្ធសឹង អាច​បង្ក​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​មនុស្ស ហើយ​ងាកមក​ចូលរួម​ការពារ និង​ថែរក្សា​ធនធាន​ធម្មជាតិ​របស់​កម្ពុជា ឱ្យ​នៅស្ថិតស្ថេរ​សម្រាប់​អនាគត​យើង និង​កូនចៅ​យើង​ទាំងអស់»។


លោកបន្ថែមថា សត្វជ្រូក​ប្រភេទ​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ របស់​កម្ពុជា តាម​រយៈម៉ាស៊ីន​ថតស្វ័យ​ប្រវត្តិ ដែល​នេះជា​មោទនភាព​របស់​កម្ពុជា និង​ស័ក្តិសម ដែល​ពិភព​លោក​ទទួល​ស្គាល់​ថា ជា​ប្រទេស​ដែល​សម្បូរ​ដោយ​ធនធាន​ជីវៈចម្រុះ។ ដោយសារ​តែកម្ពុជា មាន​សុខសន្តិភាព​ពេញលេញ កម្ពុជា​មាន​ឱកាស​គ្រប់គ្រាន់ ដើម្បី​គិតគូរ និង​រៀបចំ​ផែនការ​សកម្មភាព​ផ្សេងៗ​បន្ថែម​ទៀត ក្នុង​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ ដែល​កម្ពុជា​មាន។

បច្ចុប្បន្ននេះ ស្ថានភាព​នៃ​ការ​ការពារ​និង អភិរក្ស​ធនធាន​ធម្មជាតិ​មាន​ភាព​ល្អ​ប្រសើរ ព្រៃឈើ​និង​សត្វព្រៃ​ត្រូវ​បាន​ការពារ។ សត្វព្រៃ​កម្រៗ មួយ​ចំនួន​បន្ត​មាន​វត្តមាន និង​ខ្លះ​ទៀត​មាន​ស្ថិភាព និង​ខ្លះ​មាន​ការ​កើនឡើង និង​ខ្លះទៀត នៅតែ​បន្ត​ថយចុះ នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិកម្ពុជា។

យោង​តាម​ការ​សិក្សា​របស់​អ្នក​ជំនាញ​បាន​ឱ្យ​ដឹង​ថា ជ្រូកពោន​មាន​ប្រវែង​ក្បាល-ដងខ្លួន​ពី ៦៥០-១០៤០ម.ម ទម្ងន់​ពី ៧-១៤ គីឡូក្រាម កន្ទុយ​មាន​ប្រវែង​ចន្លោះ​ពី ១២០-១៧០ម.ម ជើងក្រោយ ១១៥-១៣៤ម.ម។ វា​ជា​សត្វ​ដែល​មាន​មាឌ​ធំ ជើង​ធំៗ និង​មាន​ក្រចកមាំកោងវែង​ពណ៌ស ច្រមុះ​រាងទ្រ​វែង​ដូច​សត្វជ្រូក។

ជាទូទៅ វា​មាន​សម្បុរ​លឿង​ខ្ចី ប្រផេះ ឬ ខ្មៅ ដែល​ប្រែប្រួល​ទៅ​តាម​រដូវកាល ផ្នែក​លើ​ខ្នង​មាន​ពណ៌​ក្រម៉ៅ​ជាង​ផ្នែក​ខាងក្រោម។ នៅ​លើក្បាល​មាន​ឆ្នូត​ពណ៌ ចេញ​ពី​ត្រចៀក​កាត់​តាម​ភ្នែក​រហូត​ដល់​ចុង​ច្រមុះ និង​មាន​ឆ្នូត​ខ្មៅ​នៅ​សង្ខាង​ភ្នែក​ដល់​ត្រចៀក បន្ទាប់មក​មាន​ឆ្នូត​ស​កាត់តាម​ថ្ពាល់​ផ្នែក​ខាង​លើ។ ទ្រូង​និង​ត្រចៀក​មាន​ពណ៌ស។

ចំណែក​លក្ខណៈ​ជីវសាស្ត្រ៖ ជ្រូកពោន ជា​សត្វ​រស់នៅ​តែ​នៅ​លើ​ដី តាម​រូង ឬ​ក្រហែង​ថ្ម និង​រកស៊ី​នៅ​ពេល​យប់។ សត្វជ្រូកពោន មិន​សូវពូកែ​ភ្នែក និង​ត្រចៀក​ទេ វា​ប្រើ​ច្រមុះ​ហិត​ក្លិន​ច្រើន​ជាង។ ការ​រក​ចំណី ចាប់​ផ្តើម​ចេះ​នៅ​ពេល​ព្រលប់​ដែល​អាហារ​របស់​វា​គឺ​មើម​រុក្ខជាតិ ឬសឈើ ជន្លេន សត្វល្អិត និង​សត្វ​តូចៗ។ វា​អាច​មាន​កូន​ពី ២ ទៅ ៣ក្បាល៕