ឧត្តរមានជ័យៈ ក្រសួងការពារជាតិគ្រោងសាងសង់ «ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះអន្លង់វែង» នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំ ២០០ ក្នុងស្រុកអន្លង់វែងនៅខែមីនា ខណៈមន្ត្រីថា ស្តូបនេះនឹងបង្កើតតឹកតាងដល់មនុស្សជំនាន់ក្រោយបានរៀនសូត្រពីប្រវត្តិសាស្ត្រ និងបង្កើតអត្តសញ្ញាណជាតិ ស្មារតីស្នេហាជាតិ និងការចូលរួមការពារទឹកដី។
សេចក្តីប្រកាសនាយកដ្ឋាន ព័ត៌មាននៃក្រសួងការពារជាតិ បញ្ជាក់នាថ្ងៃទី ៧ ខែកុម្ភៈថា៖ «ស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ អន្លង់វែង គ្រោងនឹងប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២២ ខាងមុខនេះ»។
ក្នុងឱកាសចុះត្រួតពិនិត្យ និងកំណត់ទីតាំងសាងសង់ស្តូបនេះកាលពីថ្ងៃទី ៦ ខែកុម្ភៈ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងថា រដ្ឋាភិបាលមានគម្រោងសាងសង់ស្តូបនេះយូរហើយ បន្ទាប់ពីសម្រេចបាននូវការសាងសង់វិមានឈ្នះ ឈ្នះ នៅរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
លោកថ្លែងថា៖ «យើងមានចក្ខុវិស័យមួយគឺត្រូវតែធ្វើអ្វីមួយមិនមែនមានមហិច្ឆតាធ្វើដូចកាលពីសម័យពីបុរាណធ្វើប្រាសាទរាប់ម៉ឺននោះទេ។ មិនមែនរបៀបនឹងទេ តែនឹងធ្វើក្នុងសភាពមួយបញ្ជាក់ឱ្យឃើញថា សម័យតេជោដែលនាំមកនូវសន្តិភាពនេះគឺមានរឿងរ៉ាវច្រើនដែលត្រូវបរិយាយ និងបញ្ជាក់។
មិនត្រឹមតែដល់ប្រជាជនប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺដល់ពិភពលោកទាំងមូលដែលសព្វថ្ងៃនេះគេកំពុងផ្ដោតការយកចិត្តទុកដាក់លើសន្តិភាពយូរអង្វែងមួយផ្នែក ហើយមួយផ្នែកទៀតគឺការឯកភាពជាតិដ៏ពេញលេញ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា»។
លោក ទៀ បាញ់ ធ្លាប់បានថ្លែងក្នុងពិធីប្រកាសសមាសភាពក្រុមការងារសាងសង់ស្តូបនេះកាលពីខែមករាថា ស្តូបនេះគ្រោងសាងសង់ឡើង ដើម្បីបង្ហាញពីវប្បធម៌កតញ្ញូដឹងគុណ ចងចាំរំឭកដល់វីរភាព ស្នាដៃ និងភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំ។
លោកថ្លែងថា៖ «ថ្នាក់ដឹកនាំបានស្វែងរកសន្តិភាពដោយបានចំណាយសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាពបង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិ ដែលបញ្ជាក់ពីសច្ចភាពប្រវត្តិសាស្ត្រពិត ដែលបានកើតចេញលើកដំបូងនោះគឺដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត ២០ មិថុនា ១៩៧៧ ទើបមានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាបន្តបន្ទាប់»។
លោក ទៀ បាញ់ បន្ថែមថា ស្តូបនេះជាទីកន្លែងសម្រាប់មនុស្សជំនាន់ក្រោយសិក្សាស្វែងយល់ប្រវត្តិសាស្ត្រពិតរបស់ខេត្តឧត្តរមានជ័យ។ លោកក៏បានរំឭកពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលកម្ពុជាបានឆ្លងកាត់សង្គ្រាមដែលបានបង្កភាពមហន្តរាយ និងភាពឈឺចាប់ខ្លោចផ្សារបស់ប្រជាជនកម្ពុជាក៏ដូចជាខេត្តឧត្តរមានជ័យដែលបាននិងកំពុងបន្សល់នូវស្លាកស្នាមនៅមិនទាន់រលុបបាត់អស់នៅឡើយ។
លោក ណឹម សុវត្ថិ ទីប្រឹក្សាពិសេសលោក ទៀ បាញ់ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិបានថ្លែងថា មកទល់ពេលនេះមានមនុស្សរាប់ពាន់នាក់បានចូលមកសិក្សានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ ភ្នំ ២០០ នេះ ទោះបីតំបន់នេះមិនទាន់មានអគារស្កឹមស្កៃក៏ដោយ។
លោកថ្លែងថា៖ «ការរៀបចំស្តូប ឈ្នះ ឈ្នះ នៅទីនេះគឺក្រុមការងារខ្លឹមសារបានត្រៀមដោយបានកត់ទុកនូវធាតុចូល និងឯកសារជាច្រើនរួមទាំងប្រតិបត្តិករដែលត្រូវរៀបចំឱ្យទៅជាចម្លាក់ដែលនឹងបង្កើតតឹកតាងសម្រាប់មនុស្សជំនាន់ក្រោយមករៀនសូត្របង្កើតនូវអត្តសញ្ញាណជាតិ បង្កើតនូវស្មារតីស្នេហាជាតិ បង្កើតនូវការចូលរួមក្នុងការការពារនូវបូរណភាពទឹកដី»។
លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិមិនអាចទាក់ទង ដើម្បីសុំការបញ្ជាក់បន្ថែមបានទេកាលពីថ្ងៃទី ៨ ខែកុម្ភៈ។
វិមានឈ្នះ-ឈ្នះបាន និងកំពុងតែសាងសង់ឡើងនៅតាមរាជធានីខេត្តមួយចំនួនក្នុងនោះមានរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងខេត្តកោះកុង ហើយរដ្ឋាភិបាលក៏គ្រោងនឹងសាងសង់នៅតាមបណ្ដាខេត្តនានាជាបន្តបន្ទាប់ទៀតផងដែរ៕