ភ្នំពេញៈ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា WCS គ្រោង​ដាក់​ឯកសារ​ច្បាប់ ស្តីពី​ការសុំ​ចុះបញ្ជី​សហគមន៍​នេសាទ​ចំនួន​ ៥ ទៅ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៅ​សប្តាហ៍​ទី​ ៣ ​នៃ​ខែកុម្ភៈ​នេះ បន្ទាប់ពី​បាន​ចុះ​កិច្ចព្រមព្រៀង​ពី​ទីកន្លែង​នេសាទ និង​មានការ​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​កាលពី​សប្តាហ៍​មុន​។


លោក សោម ស៊ីថា ប្រធាន​គម្រោង​អភិរក្ស​ប្រចាំខេត្ត​កោះកុង និង​ទន្លេសាប​នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា WCS ថ្លែង​នៅ​ថ្ងៃទី​ ៨ ខែកុម្ភៈ​ថា ក្នុង​សប្តាហ៍​កន្លងទៅ អង្គការ WCS សហការ​ជាមួយ​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍​នេសាទ​នៃ​រដ្ឋបាល​ជលផល​បានរៀបចំ​ពិធី​ចុះ​កិច្ចព្រមព្រៀង​កន្លែង​នេសាទ​សហគមន៍​ចំនួន ​៥ ដើម្បី​គ្រប់គ្រង និង​អភិរក្ស​ធនធាន​ជលផល ជាពិសេស​អណ្តើក​ហ្លួង និង​ក្រពើ​ត្រី​ប្រកបដោយ​និរន្តរភាព​។ ក្រោយពី​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​រួច​អង្គការ គ្រោង​ដាក់​លិខិត​ផ្លូវច្បាប់​នោះ​ទៅកាន់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៅ​សប្តាហ៍​ក្រោយ​។ លោក​ថ្លែងថា​៖ «​ឥឡូវនេះ​យើង​ដល់​ដំណាក់កាល​ចុងក្រោយ បន្ទាប់ពី​យើង​ចុះ​កិច្ចព្រមព្រៀង​កន្លែង​នេសាទ​របស់​សហគមន៍​មួយៗ​ជាមួយ​អាជ្ញាធរ ជាមួយ​ស្រុក​ដឹងឮ​អស់ហើយ​យើង​នឹង​ជូន​លិខិត​ហ្នឹង​ទៅ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​ចុះបញ្ជី​ស្របច្បាប់​របស់​សហគមន៍​ទាំង​ ៥​ ហ្នឹង​»​។

លោក​បញ្ជាក់ថា សហគមន៍​នេសាទ​ទាំង ៥ ​ដែល​គ្រោង​ស្នើសុំ​ចុះបញ្ជី​នោះ​មាន ទី​ ១ សហគមន៍​នេសាទ​អភិវឌ្ឍន៍​ទឹកប៉ោង​អូរជ្រៅ​មាន​សមាជិក​ចូលរួម​សរុប​ចំនួន ​៤៩២​ នាក់ ​(​ស្រី​ ១៨៨ ​នាក់​) ស្ថិតក្នុង​ឃុំ​បឹងព្រាវ ស្រុកស្រែ​អំបិល គ្របដណ្ដប់​លើ​ផ្ទៃដី ១៧៦,៥០ ​ហិកតា​។ ទី​ ២ សហគមន៍​នេសាទ​សាលា​ម្នាង មាន​សមាជិក​ចូលរួម​ ១៧៨ ​នាក់ ​(​ស្រី​ ៧៨ ​នាក់​) ស្ថិតក្នុង ឃុំ​បឹងព្រាវ ស្រុកស្រែ​អំពិល គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ ៨១ ​ហិកតា​។


ទី​ ៣ សហគមន៍​នេសាទ​ព្រះអង្គកែវ​មាន​សមាជិក​ចូលរួម​ ៤៩៧ ​នាក់ ​(​ស្រី​ ២៥៧​ នាក់ )​ស្ថិតក្នុង​ឃុំ​ដងពែង ស្រុកស្រែ​អំបិល គ្របដណ្ដប់​លើ​ផ្ទៃដី​ ៧៥០ ​ហិកតា​។ ទី​ ៤ សហគមន៍​នេសាទ​បាក់អង្រុត មាន​សមាជិក​ចូលរួម​ ៣៣៣ ​នាក់​ (​ស្រី​ ១៨២ ​នាក់​) ស្ថិតក្នុង​ឃុំ​ដងពែង ស្រុកស្រែ​អំពិល គ្របដណ្ដប់​លើ​ផ្ទៃដី​ ៥៤០​ ហិកតា និង​ទី​ ៥ សហគមន៍​នេសាទ​សាមគ្គី​ព្រែក​កំពង់សីលា មាន​សមាជិក​ចូលរួម​ ៤៦៣​ នាក់​ (​ស្រី​ចំនួន​ ២៣៣​ នាក់​) មាន​ ៤​ ភូមិ ក្នុង​ឃុំ​កំពង់សិលា និង​ឃុំ​ចំការហ្លួង ស្រុក​កំពង់សិលា ខេត្ត​ព្រះសីហនុ គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ ៤៦៦ ​ហិកតា​។

លោក​ ទី យោង មេឃុំ​ដងពែង ស្រុកស្រែ​អំបិល ថ្លែង​នៅ​ថ្ងៃទី ៨ ខែកុម្ភៈ​ថា កាលពី​អាទិត្យ​មុន​ខាង​អង្គការ WCS និង​អ្នក​ជំនាញ​ខាង​រដ្ឋបាល​ជលផល​ខេត្ត​បាន​ចុះទៅ​ធ្វើ​កិច្ចព្រមព្រៀង​នៅ​សាលាឃុំ​ចំការ​ហ្លួង ស្រុក​កំពង់សិលា​។ លោក​ថា ការចុះ​កិច្ចព្រមព្រៀង​នេះ គឺ​ដើម្បី​បង្កើត​កន្លែង​នេសាទ​សម្រាប់​ប្រជាពលរដ្ឋ​ចូលរួម​ដើម្បី​ថែរក្សា​សិន ហើយ​ទៅ​ថ្ងៃមុខ​នឹង​ចងក្រង​បង្កើតជា​សហគមន៍​នេសាទ​។


លោក​ថ្លែងថា​៖ «​គេ​មិនទាន់​បង្កើតជា​សហគមន៍​នៅឡើយ​ទេ គេ​គ្រាន់តែ​ឱ្យ​ប្រជាពលរដ្ឋ​ហ្នឹង​ចែកជា​ក្រុមៗ ដើម្បី​ឱ្យជួយ​ការពារ​សិន​ទេ ហើយ​គេ​នឹងធ្វើ​លក្ខខន្តិកៈ​អី​ត្រឹមត្រូវ​បញ្ជូន​ទៅ​ក្រសួង​ដើម្បី​បង្កើតជា​សហគមន៍​នេសាទ​ពេល​ក្រោយ​។ ​ឥឡូវ​ហ្នឹង​គេ​ការពារ​តាម​ដងព្រែក ឃ្លាត​ពី​ដងព្រែក​ទៅ​ ៣០​ ម៉ែត្រ​មាន​និយាម​ការ​របស់គេ កន្លែង​ខ្លះ​គេ​ទុកឱ្យ​ប្រជាពលរដ្ឋ កន្លែង​ខ្លះ​គេ​ការពារ​សម្រាប់​កន្លែង​​អណ្តើក​ហ្លួង​»​។

លោក​ សុញ ពៅ ប្រធាន​សហគមន៍​បាក់អង្រុត នៅ​ឃុំ​បឹងព្រាវ ស្រុកស្រែ​អំពិល ថ្លែង​នៅ​ថ្ងៃទី ៨ ខែកុម្ភៈ​ថា សហគមន៍​របស់លោក​បានធ្វើការ​ល្បាត​ថែរក្សា​អភិរក្ស​តំបន់​បាក់​អង្រុត​ជា​រៀងរាល់​ថ្ងៃ ដើម្បី​ការពារ​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ​។ អំឡុងពេល​ចុះ​ល្បាត​បាន​ជួប​បទល្មើស​នេសាទ​ជាច្រើន ប៉ុន្តែ​មិនមាន​អ្វី​ដើម្បី​ទប់ស្កាត់​ ព្រោះ​សហគមន៍​មិនទាន់​ត្រូវបាន​ចុះបញ្ជី ហើយ​គ្មាន​ឧបករណ៍​សម្ភារ​បច្ចេកទេស​គ្រប់គ្រាន់ ចំណែក​សមត្ថកិច្ច​រដ្ឋបាល​ជលផល​ចុះ​ល្បាត​មាន​ពេល​កំណត់​។

លោក​ថ្លែងថា​៖ «​ការល្បាត​យើង​ជួប​បទល្មើស​ច្រើនណាស់​កំពុង​ផ្ទុះ​ខ្លាំង​មែនទែន ដោយសារ​យើង​អត់​ទាន់​មានអី​ទប់ស្កាត់​គាត់​។ ខាង​ជលផល ១ ​ខែ​គាត់​ចុះ​ជាមួយ​ខ្ញុំ​បាន​ ១​ ដង​ ឬ​ ២​ ដង​អស់ហើយ ចំណែក​ពលរដ្ឋ​ដែល​គាត់​ចូល​រួមមាន​គ្រប់គ្រាន់​ ប៉ុន្តែ​យើង​អត់​ទាន់​មាន​ឧបករណ៍​បច្ចេកទេស​ផ្សេងៗ ខ្វះ​ថវិកា និយាយ​រួម​ខ្វះ​គ្រប់មុខ​»​។

លោក សេង ប៊ុណ្ណា នាយខណ្ឌ​រដ្ឋបាល​ជលផល​ស្តីទី​ខេត្ត​កោះកុង ថ្លែង​នៅ​ថ្ងៃទី​ ៨ ខែកុម្ភៈ​ថា កម្លាំង​សមត្ថកិច្ច​រដ្ឋបាល​ជលផល​តែង​ឆ្លៀត​ទៅ​បង្ក្រាប​បទល្មើស​នេសាទ​ដែល​ប្រើ​ឧបករណ៍​ឆក់ និង​ឧបករណ៍​មួយ​ចំនួន​ផ្សេងទៀត ដែល​រំខាន​ដល់​ការរស់នៅ​របស់​អណ្តើកហ្លួង និង​ក្រពើ​ត្រី​។

លោក​បាន​ថ្លែងថា​៖ «​យើង​ចុះ​ទៅជា​បន្តបន្ទាប់​រហូត​ ប៉ុន្តែ​យូរៗ​ជួប​ម្តង បទល្មើស​ភាគច្រើន​គឺ​ប្រើ​ឧបករណ៍​ឆក់ ដែល​ពេល​យើង​ចុះ ខ្លះ​ក៏​រត់ចោល​ឧបករណ៍​ឆក់ អាហ្នឹង​មាន​ជួប​ច្រើន ក្រៅពីនោះ​មាន​មង​ដាក់​កាត់​ទទឹង​ព្រែក ហើយ​សូម្បីតែ​សន្ទូច​ដែល​ដាក់​ទៅ​កៀក​នឹង​តំបន់​អណ្តើក​ហ្លួង​ហ្នឹង​ក៏​យើង​ហាមឃាត់​ដែរ​»៕