ភ្នំពេញៈ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ​(CMAC) ដាក់​ផែនការ​រំដោះ​រាជធានី-ខេត្ត​ចំនួន​ ៦​ ជា​ខេត្ដ​ដែល​គ្មាន​ចម្ការមីន​ត្រឹម​ឆ្នាំ​ ២០២២​ នេះ​ដោយ​អាជ្ញាធរ​មីន​ និង​បញ្ជាការដ្ឋាន កងទ័ពជើងគោក​បាន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​បោសសម្អាត​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នេះ​។


លោក ហេង រតនា អគ្គនាយក​ CMAC ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃទី​ ១០ ខែកុម្ភៈ​ថា តាម​ផែនការ​ CMAC កំពុង​ព្យាយាម ដើម្បី​រំដោះ​តំបន់​ដែល​គ្មាន​គ្រាប់មីន​តែម្ដង​ក្នុង​នោះ​រួមមាន ខេត្ដ​កែប ខេត្ដ​កណ្ដាល រាជធានី​ភ្នំពេញ ខេត្ដ​ព្រះសីហនុ ខេត្ដ​កោះកុង និង​ខេត្ដ​កំពង់ចាម​ជា​ខេត្ដ​គ្មាន​គ្រាប់មីន​។

លោក​ថ្លែងថា​៖ «​ការរំដោះ​មីន​ក្នុង​ខេត្ដ​ទាំងនេះ គឺ​យើង​សំដៅ​ដល់​ចម្ការមីន​ដែលមាន​ក្នុង​ផែនទី​កំណត់ត្រា​ពហុកោណ​នៅក្នុង​ទិន្នន័យ​ជាតិ​។ ការរំដោះ​ឱ្យក្លាយ​ទៅ​ជា​ខេត្ដ​ដែល​គ្មាន​មីន​នេះ គឺ​យើង​សំដៅ​ចំពោះតែ​ចម្ការមីន​។ វា​អាច​នៅសល់​តំបន់​ដែលមាន​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដូចជា​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ជាដើម​ដែល​យើង​មិនទាន់​ធ្វើ​ក្នុង​ផែនការ​នេះ​ទេ​»​។


លោក​បញ្ជាក់ថា​៖ «​ការរំដោះ​នេះ​គឺ​យើង​និយាយ​ពី​គ្រាប់មីន​ប្រឆាំង​មនុស្ស​ដែល​យើង​បានដឹង និង​បានកំណត់​នៅក្នុង​ផែនទី​កំណត់ត្រា​ពហុកោណ​ក្នុង​ទិន្នន័យ​ជាតិ ដូច្នេះ​ឱ្យតែ​ជា​ចម្ការមីន​ប្រឆាំង​មនុស្ស​នៅក្នុង​ខេត្ត​ទាំងនោះ​គឺ​យើង​ប្រឹង​ធ្វើ​ឱ្យអស់​»​។

លោក ហេង រតនា ថ្លែងថា​តាម​ផែនការ CMAC នឹង​ខិតខំ​ប្រឹង​ធ្វើ​នៅក្នុង​ឆ្នាំ​ ២០២២ ​នេះ​ឱ្យអស់ ខណៈ​បច្ចុប្បន្ន​អាច​បញ្ចប់​ដំណាក់កាល​ដំបូង​នៅក្នុង​ខេត្ដ​កែប​នៅ​ពាក់កណ្ដាល​ខែកុម្ភៈ​នេះ ហើយ​រាជធានី​ភ្នំពេញ និង​ខេត្ដ​កណ្ដាល​អាច​បញ្ចប់​នៅក្នុង​ដំណាច់ខែ​នេះដែរ​។


កាលពី​ថ្ងៃទី​ ៩ ខែកុម្ភៈ លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី ​១ អាជ្ញាធរ​មីន និង​លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​មេបញ្ជាការ​កងទ័ព​ជើងគោក​បាន​អញ្ជើញ​ធ្វើជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​ស្តីពី​ការផ្សព្វផ្សាយ​លិខិត​របស់​គណៈរដ្ឋមន្ត្រី​លេខ​ ០៧ ស.ជ.ណ. និង​ការពង្រឹង​ភាពជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។

កិច្ចប្រជុំ​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​អភិបាលខេត្ត អភិបាលរង​ខេត្ត គណៈកម្មាធិការ​សកម្មភាព​មីន​ខេត្ត និង​ក្រុមការងារ​ផែនការ​សកម្មភាព​មីន​នៃ​រដ្ឋបាលខេត្ត​ចំនួន​ ១៥ ដែលមាន​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅតាម​បណ្តោយ​ព្រំដែន ព្រមទាំង​មាន​ការចូលរួម​ពី​មេបញ្ជាការរង មេបញ្ជាការ​បញ្ជាការដ្ឋាន មេបញ្ជាការ​យោធភូមិភាគ មេបញ្ជាការ​កងពលធំ មេបញ្ជាការ​កងពលតូច និង​នាយទាហាន ក្រោម​ចំណុះ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​។

លោក លី ធុជ បាន​ថ្លែង ដោយ​វាយតម្លៃ​ខ្ពស់​ចំពោះ​កងទ័ព​ជើងគោក​ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​ពលី​គ្រប់​បែបយ៉ាង ដើម្បី​ចូលរួម​រំដោះ​ប្រទេសជាតិ​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​ការពារ​សុខសន្តិភាព ជូន​ជាតិ​មាតុភូមិ​។ ជាងនេះ​ទៅទៀត កងទ័ព​ជើងគោក​បាន​ចូលរួម​យ៉ាងសកម្ម​ជា​កម្លាំង​បោសសម្អាត​មីន​/​គ្រាប់ ចាប់តាំងពី​ឆ្នាំ​ ១៩៧៩ ដើម្បី​ផ្តល់​សុវត្ថិភាព​ដល់​ប្រជាជន​ដែល​បាន​វិលត្រឡប់​ពី​របប​ប្រល័យ​ពូជសាស្ត្រ និង​ពី​សេចក្តីស្លាប់​។

លោក​ថ្លែងថា​៖ «​ឆ្នាំ​ ២០២២ ​នេះ អាជ្ញាធរ​មីន​បាន​ទទួល​ការអនុញ្ញាត​ដ៏ខ្ពង់ខ្ពស់​បំផុត​ពី​សម្តេច​តេជោ នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​ដ៏មាន​សារៈសំខាន់ ដើម្បី​អបអរសាទរ​ពិធី​រំឭក​ខួប​លើក​ទី​ ៣០ ​ឆ្នាំ​នៃ​ការងារ​បោសសម្អាត​មីន​មនុស្សធម៌​ក្រោម​អធិបតីភាព​របស់​សម្តេច​តេជោ​»​។

លោក លី ធុជ លើកឡើងថា ជាមួយ​នឹង​សមិទ្ធផល​គួរ​ជា​ទីមោទនៈ​នេះ​កម្ពុជា នៅ​បន្ត​ធ្វើដំណើរ​លើផ្លូវ​ដ៏វែងឆ្ងាយ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង និង​យកចិត្ត​ទុកដាក់​ដោះស្រាយ​នូវ​បញ្ហា​សេសសល់​លើ​ផ្ទៃដី​រង​ការគំរាម​កំហែង​ដោយសារ​មីន​/​គ្រាប់​ប្រមាណ ២០១៧ គីឡូម៉ែត្រ​ក្រឡា​ក្នុង​នោះ​ផ្ទៃដី​មីន​ប្រមាណ ៧៨៨ គីឡូម៉ែត្រ​ក្រឡា​នឹងត្រូវ​បញ្ចប់​ ដើម្បី​ឱ្យ​កម្ពុជា​សម្រេច​នូវ​គោលដៅ​របស់ខ្លួន​គ្មាន​មីន​ត្រឹម​ឆ្នាំ​ ២០២៥​។

លោក ហ៊ុន ម៉ាណែត បាន​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​នៃ​ការងារ​បោសសម្អាត​មីន​នៅ​កម្ពុជា​រយៈពេល​ជិត ៣០ ​ឆ្នាំ​នេះ ព្រមទាំង​បានចាត់ទុក​ការងារ​បោសសម្អាត​មីន​/​គ្រាប់ ពិតជា​មាន​សារៈសំខាន់​ណាស់ ក្នុង​ការចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​របស់​ប្រជាជន និង​ការអភិវឌ្ឍ​ប្រទេស​ជាតិ ក៏ដូចជា​ការស្តារ​លទ្ធភាព​ឡើងវិញ​នូវ​ទីតាំង​អតីត​សមរភូមិ​ឱ្យមាន​ការអភិវឌ្ឍ​។

លោក ហ៊ុន ម៉ាណែត បាន​ថ្លែងថា​៖ «​កងទ័ព​ជើងគោក​បាន​ចូលរួម​ជាច្រើន​ក្នុង​ដំណើរការ​រៀបចំ​ផែនការ​បោសសម្អាត​មីន​/​គ្រាប់​នៅ​ថ្នាក់ក្រោម​ជាតិ​នាពេល​កន្លងមក ហើយ​បន្ទាប់ពី​ទទួល​បាន​នូវ​គោលការណ៍​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​តាម​លិខិត​របស់​គណៈរដ្ឋមន្ត្រី​លេខ ០៧ ស.ជ.ណ. កងទ័ពជើងគោក​នឹង​ចាប់ផ្តើម​ចូលរួម​ជា​កងកម្លាំង​បោសសម្អាត​មីន​/​គ្រាប់​មនុស្សធម៌ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មីន ដើម្បី​ពន្លឿន​ដល់​ការងារ​បោសសម្អាត​មីន​ឱ្យ​អស់​ត្រឹម​ឆ្នាំ​ ២០២៥»៕