កំពង់ធំៈ លោក​ គន់ គីម អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ប្រាប់​សមាគម​អតីតយុទ្ធជន​ខេត្តកំពង់ធំ ឱ្យ​ចុះ​ពិនិត្យ​រកមើល​សមាជិក​ណា​ដែល​មិនមាន​ដី​ និង​ផ្ទះ ដើម្បី​ស្នើសុំ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន សាងសង់​ជូន​ពួកគាត់​។


​លោក​បាន​ថ្លែង​ដូច្នេះ​ក្នុង​ពិធី​ប្រគល់​ផ្ទះ​ចំនួន ​១៥០​ ខ្នង ជូន​ដល់​អតីតយុទ្ធជន ស្ថិតនៅ​ខេត្តកំពង់ធំ​នៅ​ថ្ងៃទី​ ១០ ខែកុម្ភៈ​។

​នាយកដ្ឋាន​ព័ត៌មាន ក្រសួងការពារជាតិ បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​ ១០ ខែកុម្ភៈ​ថា​៖ «​ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម បាន​ណែនាំ​ឱ្យ​សមាគម​អតីតយុទ្ធជន​ខេត្ត ចុះ​ពិនិត្យ​រកមើល​សមាជិក ដែល​អត់​ដី​អត់​ផ្ទះ​ពិតប្រាកដ ដើម្បី​គោរព​ស្នើសុំ​សម្តេច តេ​ជោ ហ៊ុន សែន សាងសង់​ជូន​ពួកគាត់​បន្ថែមទៀត ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ របស់​ពួកគាត់​»​។


​លោក​ គន់ គីម​ លើកឡើងថា ការធ្វើ​ដូច្នេះ​គឺ​ដើម្បី​បង្ហាញ​ពី​ការយក​ចិ​ត្ដ​ទុកដាក់​របស់​រដ្ឋាភិបាល ក្នុងការ​តបស្នង​ដល់​អតីតយុទ្ធជន ដែល​បាន​លះបង់​«​សាច់​ស្រស់​ឈាម​ស្រស់​» ដើម្បី​ស្វែងរក សន្តិភាព​ជូន​ដល់​ប្រទេសជាតិ​។

​លោក​បាន​ផ្តាំផ្ញើ​ដល់​អតីតយុទ្ធជន ដែល​ទើប​បានទទួល​ផ្ទះ​ថ្មី​នេះ​ឱ្យ​ខិតខំ​ដាំ​ដំណាំ​ចិញ្ចឹមសត្វ លើ​ផ្ទៃដី​ដែលមាន​ស្រាប់ ដើម្បី​ជួយ​ជីវភាព​គ្រួសារ​។


​សេចក្តីប្រកាស​ព័ត៌មាន​ដកស្រង់​សំដី​លោក សោម ស៊ុន ប្រធាន​សមាគម​អតីតយុទ្ធជន​ខេត្តកំពង់ធំ​ថ្លែង​ក្នុង​ពិធី​នេះ​ថា បច្ចុប្បន្ន​នៅ​ទូទាំង​ខេត្តកំពង់ធំ មាន​សមាជិក​ជា​អតីតយុទ្ធជន​សរុប ៣ ១២០​ នាក់ ហើយ​ចាប់តាំងពី​ឆ្នាំ​២០១៦​ដល់​២០២១​សមាគម​អតីតយុទ្ធជន​ខេត្ត​នេះ បាន​សាង​សង់ផ្ទះ​ជូន​ដល់​អតីតយុទ្ធជន​ក្រីក្រ​លើដី​សម្បទាន​សង្គមកិច្ច​១៤២​ខ្នង​៕