ភ្នំពេញៈ ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម លោក​ អ៊ិត សំហេង បានឱ្យដឹងថា គិត​ត្រឹម​ឆ្នាំ​ ២០២១ រាជរដ្ឋាភិបាល​តាមរយៈ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប.ស.ស​)​ បាន​ចំណាយ​ទឹកប្រាក់​សរុប​ចំនួន​ ១១៣ ពាន់ ៦០៦​ លាន ៤០០ ​សែន​រៀល ឬ​ជាង​ ២៨​ លាន​ដុល្លារ​ផ្តល់ជូន​កម្មការិនី​ដែល​បាន​សម្រាលកូន​។


លោក​បានលើកឡើង​កាលពី​ថ្ងៃទី​ ១១ ខែកុម្ភៈ ឆ្នាំ ​២០២២​ ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​សម្រេចបាន​ប្រចាំ​ឆ្នាំ​ ២០២១ និង​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​ ២០២២ របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម​ដែល​បាន​​រៀបចំ​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​អនឡាញ​។

លោក អ៊ិត សំហេង បានឱ្យដឹងថា គិត​ត្រឹម​ឆ្នាំ ​២០២១ ប.ស.ស បាន​បើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល​សម្រាប់​កម្មករនិយោជិត​ជា​ស្ត្រី​សម្រាលកូន​សរុប​ចំនួន ២៨២ ០៧៣ ​នាក់​មាន​កូន​សរុប ២៨៤ ០១៦ នាក់ ដែល​បាន​ចំណាយ​ទឹកប្រាក់ ១១៣ ពាន់ ៦០៦ ​លាន ៤០០​ សែន​រៀល​។


ដោយឡែក​សម្រាប់​ឆ្នាំ​ ២០២១ មាន​កម្មករនិយោជិត​ជា​ស្ត្រី​សម្រាលកូន ៦៥ ៨៧១ ​នាក់​មាន​កូន​ចំនួន ៦៦ ៣៣៥ ​នាក់ ចំណាយ​ប្រាក់ឧបត្ថម្ភ​ចំនួន ២៦​ ពាន់ ៥៣៤​ លាន​រៀល​។

ការផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​កម្មការិនី​ក្រោយពេល​សម្រាលកូន​ដោយ​ផ្តល់ជូន​កូន​ចំនួន ១ ​នាក់ ថវិកា ៤០ ម៉ឺន​រៀល​, កូន​ចំនួន ២ នាក់ ថវិកា ៨០ ម៉ឺន​រៀល និង​កូន​ចំនួន​ ៣ នាក់ ថវិកា ១ លាន ២ សែន​រៀល ព្រមទាំង​ទទួលបាន​ថវិកា​បន្ថែមចំនួន ៥ លាន​រៀល​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា​ផ្ទាល់​ចំពោះ​អ្នក​ដែល​សម្រាល​បានកូន​ភ្លោះ​ ៣​ នាក់​។


លោក អ៊ិត សំហេង បាន​ថ្លែង​នៅក្នុង​ពិធី​នេះ​ថា លោក​ពិតជា​មាន​មោទនៈភាព​ណាស់​នូវ​អ្វីដែល​ ប.ស.ស បាន​ខិតខំ​សម្រេចបាន «​ស្របទៅតាម​គោលនយោបាយ​ដ៏ត្រឹមត្រូវ និង​ឈ្លាសវៃ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ទោះបីជា​ស្ថិតក្នុង​ស្ថានភាព​ដ៏​លំបាក​ក្នុង​បរិបទ​កូវីដ​ ១៩ ក៏ដោយ​»​។

លោក​ថា​៖ «​ក្នុងការ​អនុវត្ត​ការងារ​កន្លងមក ប.ស.ស បាន​ចាត់ទុក​ខ្លួន​ជា​អ្នក​បម្រើសេវា​សង្គម​ជូន​ដល់​មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ និង​អតីតយុទ្ធជន ព្រមទាំង​កម្មករនិយោជិត តាមរយៈ​ការផ្ដល់សេវា​សាធារណៈ​ប្រកប​ដោយ​ភាពទន់ភ្លន់​ក្រមសីលធម៌ មនសិការ​វិជ្ជាជីវៈ និង​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​»​។

លោក​ អ៊ិត សំហេង ថា សមិទ្ធផល​ទាំងនេះ​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​កាន់តែច្បាស់​អំពី​ការរីកចម្រើន​នៃ​ការអនុវត្ត​របប​សន្តិសុខ​សង្គម​នៅ​កម្ពុជា​ ដើម្បី​ឈានទៅរក​ប្រព័ន្ធ​មួយ​ដែលមាន​លក្ខណៈ​ជា​សកល​នាពេល​ខាងមុខ​។

បច្ចុប្បន្ន​ក្រសួង​ការងារ​បានរៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត​ចប់សព្វគ្រប់​ហើយ​សម្រាប់​ដាក់ឱ្យ​ដំណើរការ​នូវ​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន ប៉ុន្តែ​ដោយសារតែ​ផលប៉ះពាល់​នៃ​វិបត្តិ​ជំងឺ​កូវីដ ​១៩ ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម កំពុង​ពិនិត្យ​សម្រេច​កាលបរិច្ឆេទ​នៃ​ការដាក់ឱ្យ​ដំណើរការ​នូវ​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន សម្រាប់​កម្មករនិយោជិត​ដែល​ស្ថិតនៅក្រោម​បទប្បញ្ញត្តិ​ច្បាប់​ស្តីពី​ការងារ​។ នាឱកាស​នោះ​ផងដែរ សម្រាប់​ទិសដៅ​អនុវត្ត​បន្ត បេឡា​ជាតិ​សន្តិសុខ​សង្គម និង​ស្ថាប័ន អង្គភាព ក៏ដូចជា​ដៃគូ​អភិវឌ្ឍន៍​នានា លោក អ៊ិត សំហេង បានស្នើ​ឱ្យ​បន្ត​ចូលរួមចំណែក​ក្នុង​ការពង្រឹង​ការអនុវត្ដ​របប​សន្ដិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ ពង្រឹង​ការអនុវត្ដ​របប​សន្ដិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព ជំរុញ​ការដាក់​ឱ្យ​ដំណើរការ ផ្នែក​ប្រាក់​សោធន​ឱ្យ​ខាងតែបាន​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ ២០២២ នេះ​។

លោក​បាន​ថ្លែងថា៖ «​បេឡា​ជាតិ​សន្តិសុខ​សង្គម និង​ស្ថាប័ន អង្គភាព ក៏ដូចជា​ដៃគូ​អភិវឌ្ឍន៍​នានា ត្រូវ​ពង្រឹង​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម​សម្រាប់​មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ និង​អតីតយុទ្ធជន និង​ការអនុវត្ត​ការថែទាំ​សុខភាព​តាម​ប្រព័ន្ធ​មូលនិធិ​សមធម៌​សុខាភិបាល​សម្រាប់​កម្មករ​និយោជិត​ក្រៅ​ប្រព័ន្ធ និង​ការផ្តល់​ប្រាក់ឧបត្ថម្ភ​បន្ថែម​សម្រាប់​កម្មករនិយោជិត​ជា​ស្ត្រី​នៅពេល​សម្រាលកូន​»​។

បើតាម​លោក អ៊ុក សមវិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​បេឡា​ជាតិ សន្ដិសុខ​សង្គម បានឱ្យដឹងថា បច្ចុប្បន្ន​បេឡា​ជាតិ​សន្តិសុខ​សង្គម បាន​ដំណើរការ​របប​សន្តិសុខ​សង្គម ផ្នែក​ថែទាំ​សុខភាព និង​ផ្នែក​ហានិភ័យ​ការងារ ទាំង​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ​។

លោក​បញ្ជាក់ថា គិត​ត្រឹម​ឆ្នាំ ២០២១ ដែល​ក្នុងនោះ​សម្រាប់​វិស័យ​ឯកជន​បាន​ចុះបញ្ជី​សរុប​ចំនួន ១៧ ៣១៧ សហគ្រាស ដែលមាន​សមាជិក​សរុប​ចំនួន ២ ៣០៥ ៩៥៨ ​នាក់ និង​ផ្នែក​ថែទាំ​សុខភាព​ចំនួន ១៤ ៦៨៩ ​សហគ្រាស​មាន​សមាជិក​ចំនួន ២ ៣០៥ ៩៥៨​ នាក់​។

ចំណែក​វិស័យ​សាធារណៈ​បាន​ចុះបញ្ជី​ផ្នែក​ថែទាំ​សុខភាព​សរុប​ចំនួន ៣៨ ​ស្ថាប័ន មាន​សមាជិក​សរុប ៣៩៨ ៧៤០ ​នាក់ និង​ផ្នែក​ហានិភ័យ​ការងារ​ចំនួន ៣៥​ ស្ថាប័ន មាន​សមាជិក​សរុប ២៤៨ ៨៩២​ នាក់​។

លោក អ៊ុក សមវិទ្យា បាន​បន្តថា គិត​មកដល់​ពេលនេះ បេឡា​ជាតិ​សន្តិសុខ​សង្គម​បាន​ផ្តល់​តាវកាលិក​ជូន​សមាជិក​របស់ខ្លួន ចំពោះ​ផ្នែក​ហានិភ័យ​ការងារ​ចំនួន ១០,៦៨ ​ប៊ីលាន​រៀល និង​ផ្នែក​ថែទាំ​សុខភាព​ចំនួន ១៥៦,២០ ​ប៊ីលាន​រៀល​៕