ភ្នំពេញៈ អគ្គនាយកអង្គភាពស៊ីម៉ាក់លោក ហេង រតនា បានឱ្យដឹងថា មេពូជសុនខហិតមីនចំនួន ៤ សម្បុកបង្កើតកូនបាន ៣៤ ក្បាលកាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ នឹងត្រូវបង្ហាត់ហ្វឹកហ្វឹនឱ្យក្លាយទៅជាសុនខមានជំនាញខាងហិតមីន សម្រាប់បម្រើឱ្យវិស័យមីននៅកម្ពុជា និងបរទេស ដើម្បីសុខភាពសុវត្ថិភាពសង្គមមនុស្ស។
លោក ហេង រតនា ប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ១៧ ខែកុម្ភៈថា តាមពិតមេពូជសុនខហិតមីនទាំង ៤ នេះបង្កើតកូនបាន ៣៥ ក្បាល ប៉ុន្តែជាអកុសលបានស្លាប់មួយទៅវិញនៅសល់ ៣៤ ក្បាល ។ ស៊ីម៉ាក់នឹងបន្តហ្វឹកហ្វឺន ជ្រើសរើសសុនខណាដែលអាចមានសមត្ថភាពបន្តភារកិច្ចដោះមីន និងស្រាវជ្រាវរកមីននៅក្នុងប្រទេសកម្ពុជា និងត្រៀមយកទៅដោះមីននៅក្រៅប្រទេសផងដែរ។
បច្ចុប្បន្ននេះ អង្គភាពស៊ីម៉ាក់មានកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាប្រទេសមួយចំនួន ដូចជាពេលថ្មីៗនេះ ប្រទេស Serbia បានឯកភាពទិញសុនខជំទង់ ចំនួន ៦ ក្បាល និងមួយទៀតប្រទេសមួយចំនួនក៏បានទាក់ទងមកអង្គភាពស៊ីម៉ាក់ ដើម្បីទិញសុនខយកទៅបង្កើតក្រុមថ្មីនៅក្នុងប្រទេសរបស់ពួកគេ។
លោកថ្លែងថា៖ « អ៊ីចឹងកូនសុនខតូចៗទាំងនេះ យើងនឹងខិតខំហ្វឹកហ្វឺនជ្រើសរើសសុនខណា ដែលអាចឆ្លើយតបនឹងសេចក្តីត្រូវការចាំបាច់ដែលគេចង់បាន។ ប៉ុន្តែសុនខមួយចំនួនក៏ត្រូវបានផ្តល់ឱ្យប្រជាពលរដ្ឋដែលស្រឡាញ់ យកទៅចិញ្ចឹមជាលក្ខណៈគ្រួសារក៏មានដែរ»។
បើតាមលោក ហេង រតនា កម្ពុជាកាលពីមុនបាននាំយកសុនខហិតមីននេះ មកពីប្រទេសដទៃ សម្រាប់ផ្គត់ផ្គង់ និងប្រើប្រាស់សម្រាប់ស្រាវជ្រាវ និងហិតមីននៅក្នុងប្រទេស។ ប៉ុន្តែបច្ចុប្បន្ននេះកម្ពុជាមានសមត្ថភាពមិនត្រឹមតែអាចផ្គត់ផ្គង់ និងធានានិរន្តភាពនៅក្នុងប្រទេសទេ គឺកម្ពុជាអាចផ្តល់ទៅឱ្យប្រទេសដទៃទៀតដើម្បីជួយបម្រើការងារនៅក្នុងវិស័យមីនដែលនេះ គឺជាមោទនភាពមួយដែលកម្ពុជាអាចពង្រឹងភាពជាម្ចាស់នៅក្នុងប្រទេស និងទំនាក់ទំនង និងកិច្ចសហការជាមួយប្រទេសខាងក្រៅ។
លោកបញ្ជាក់ទៀតថា បច្ចុប្បន្ននេះកម្ពុជាមានសុនខ ៩៨ ក្បាលដែលកំពុងប្រើប្រាស់ និងប្រតិបត្តិការនៅតាមការដ្ឋាននានា និងត្រៀមប្រមាណ ៧០ ក្បាលទៀតសម្រាប់ឆ្នាំ ២០២២ នេះ ព្រោះឆ្នាំនេះ អង្គភាពស៊ីម៉ាក់បានធ្វើការកែទម្រង់ថ្មី ដោយបង្កើនសមត្ថភាពស្រាវជ្រាវ និងដោះមីនពី ១២០ គីឡូម៉ែត្រក្នុង ១ ឆ្នាំៗ ទៅ ២០០ គីឡូម៉ែត្រក្នុង ១ ឆ្នាំៗវិញ ដែលក្នុងនោះនឹងត្រូវដាក់បញ្ចូលសុនខមួយចំនួនទៅក្នុងប្រតិបត្តិការនេះ។
តាមរបាយការណ៍របស់អង្គភាពស៊ីម៉ាក់បង្ហាញថា សុនខហិតមីនត្រូវបានបង្កើតឡើង និងនាំចូលផ្តល់ការគាំទ្រដល់អង្គភាពស៊ីម៉ាក់ ដោយកងទ័ពប្រទេសស៊ុយអែតកាលពីឆ្នាំ ១៩៩៦ ក្នុងកម្រិតហ្វឹកហ្វឺនសាកល្បងប្រើប្រាស់សុនខហិតមីននៅកម្ពុជា និងបានបញ្ចប់គម្រោងនៅឆ្នាំ ២០០២។ ប៉ុន្ដែ ស៊ីម៉ាក់បានចាប់ផ្ដើមពង្រឹងភាពជាម្ចាស់ និងភាពជាដៃគូនៃកម្មវិធី សុនខហិតមីនចាប់ពីឆ្នាំ ២០០២ រហូតទទួលបានភាពជោគជ័យ និងរឹងមាំតែម្ដងនៅអំឡុងឆ្នាំ ២០១៦។
របាយការណ៍បន្តថា បច្ចុប្បន្ន ស៊ីម៉ាក់ បានកែប្រែស្ថានភាពពីទិញ ឬសុំសុនខពីបរទេសមកប្រតិបត្តិការនៅកម្ពុជាក្លាយជាអ្នកផ្គត់ផ្គង់សុនខទៅអន្តរជាតិ និងគាំទ្រកិច្ចប្រតិបត្តិការក្នុងប្រទេសផងដែរ។ លើសពីនេះទៀត សុនខហិតមីន បាននិងកំពុងរួមចំណែកយ៉ាងធំធេងក្នុងការរំដោះផ្ទៃដីដែលមានមីននៅក្នុងប្រទេសកម្ពុជា។ សុនខ មានជំនាញហិតមីន ដែលកប់ដី និងសារធាតុផ្ទុះផ្សេងៗ។ សុនខហិតមីន មិនត្រឹមតែជួយដល់ការងាររបស់ ស៊ីម៉ាក់ ប៉ុណ្ណោះទេ ថែមទាំងចូលរួមជាមួយសមត្ថកិច្ចក្នុងការស្រាវជ្រាវរកនូវសារធាតុញៀន និងរកនូវជនសង្ស័យទៀតផង៕