​ក្រចេះ៖ អង្គការ WCS សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ក្រចេះ នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តក្រចេះ​បាន​លែង​កូន​កន្ធាយ​ក្បាល​កង្កែប​ចំនួន​ ៥១ ​ក្បាល​ផ្សេងទៀត​ ចូលក្នុង​ទីជម្រក​ធម្មជាតិ​តាម​ដង​ទន្លេមេគង្គ​ស្ថិតក្នុង​ស្រុក​សំបូរ​ខេត្តក្រចេះ​។ នេះ​បើ​យោងតាម​អង្គការ ​WCS​ នៅ​ថ្ងៃ​សុក្រ​ ទី ​១៨ ​ខែកុម្ភៈ​នេះ​។


​ពិ​ធិ​លែង​នេះ​បានរៀបចំ​ធ្វើឡើង​នៅក្នុង​ឃុំ​កំពង់ចាម ស្រុក​សំបូរ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោក​កែន សេរី​រដ្ឋា នាយក​អង្គការ WCS ប្រចាំ​កម្ពុជា លោក​អ៉ិ​ន ហ៊ុល អនុប្រធាននាយកដ្ឋាន​អភិរក្ស​ជលផល លោក ម៉ុក ពន្លក នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ក្រចេះ ក្រុម​ការពារ​សម្បុក សហគមន៍ និង​អង្គការ WCS​។

​កូន​កន្ធាយ​(​ឬ​ល្មិច​)​ទាំងនោះ ត្រូវបាន​ក្រុម​ការពារ​សម្បុក​សហគម​ន៍ ប្រមូលយក​ពីលើ​ឆ្នេរ​ខ្សាច់​តាម​បណ្តោយ​ដង​ទន្លេមេគង្គ​ក្រោយពី​វា​បាន​ញាស់​ចេញពី​សម្បុក​ភ្លាម​។ បន្ទាប់មក ពួកគេ​បាន​យក​វា​ទៅ​ចិញ្ចឹម​ថែទាំ​រយៈពេល​ពី​២​ទៅ​៤​សប្តាហ៍​បន្តទៀត ទើប​លែង​ចូលក្នុង​ទីជម្រក​ធម្មជាតិ​របស់​វា​វិញ​។


​រៀងរាល់ឆ្នាំ​កន្ធាយ​ក្បាល​កង្កែប​ចាប់ផ្តើម​បង្ក​កំណើត​ចន្លោះ​ពី​ខែវិច្ឆិកា ដល់ ខែមិថុនា​។ ក្នុង​រដូវ​ពង​កូន​ឆ្នាំនេះ គិត​ត្រឹម​ពាក់កណ្តាល​ខែកុម្ភៈ ឆ្នាំ​២០២២ ក្រុម​ការពារ​សម្បុក​ស​ហគ​មន៍​បាន​រកឃើញ​សម្បុក​ពង​កន្ធាយ​ក្បាល​កង្កែប​ចំនួន​២៨​សម្បុក​ហើយ ដែលមាន​ពង​សរុប​ចំនួន ៨២៣​ពង​។ ចំនួន​នេះ កើន​លើស​៥០% បើ​ធៀប​ទៅនឹង​រដូវ​ពង​កូន​ឆ្នាំ ២០២០-២០២១ ក្នុង​រយៈពេល​ដូចគ្នា​៕​

វីដេអូ៖