ភ្នំពេញៈ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​) និង​ទីភ្នាក់ងារ​សហប្រតិបតិ្តការ​អន្តរជាតិ​ជប៉ុន (JICA) ចុះហត្ថលេខា​លើ​កំណត់ហេតុ​ដើម្បី​សាងសង់​អគារ​នៅ​វិទ្យាស្ថាន​ហ្វឹកហ្វឺន​សកម្មភាព​កំចាត់មីន​ស៊ីម៉ាក់​នៅ​ខេត្តកំពង់ឆ្នាំង និង​សារមន្ទីរ​សន្តិភាព​ស៊ីម៉ាក់​នៅ​ខេត្តសៀមរាប​។


ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា នា​ថ្ងៃទី​ ១៨ ខែកុម្ភៈ លោក ហេង រតនា អគ្គនាយក​អង្គភាព​ស៊ីម៉ាក់​វាយតម្លៃ​ខ្ពស់​ចំពោះ​ការទទួល​ខុសត្រូវ​របស់​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ (Consultant) និង​ក្រុមការងារ​បច្ចេកទេស JICA ដែល​បាន​ខិតខំ​បំពេញ​កិច្ចការ​ប្រកបដោយ​កិច្ចសហការ​គ្នា​យ៉ាង​ស្អិតរមួត និង​ភាតរភាព យោគយល់​គ្នា​។

លោក​ថ្លែងថា​៖ «​នេះ​បង្ហាញ​អំពី​ការបេ្តជ្ញាចិត្ត​យ៉ាង​មុត​ស្រួច​ ដើម្បី​បុព្វហេតុ​មនុស្សធម៌ និង​ភាព​រីកចម្រើន​របស់​កម្ពុជា​»​។ នេះ​បើ​យោងតាម​ហ្វេសប៊ុក​ស៊ីម៉ាក់​នា​ថ្ងៃទី​ ១៩ កុម្ភៈ​។


អង្គភាព​ស៊ីម៉ាក់ សង្ឃឹមថា អគារ​ទាំងឡាយ​ដែល​ស្ថិតនៅ​វិទ្យាស្ថាន​បច្ចេកទេស​សកម្មភាព​កំចាត់មីន​ខេត្ត​កំពង់ឆ្នាំង និង​សារមន្ទីរ​សន្តិភាព​សកម្មភាព​មីន​នៅ​ខេត្តសៀមរាប​នឹង​ត្រូវ​ឈរ​ខ្ពស់ត្រដែត​ ឡើង​ដើម្បី​បម្រើ​តម្រូវការ​វិស័យ​មីន​នៅ​កម្ពុជា បន្ត​ពី​ឆ្នាំ ​២០២៥ ទៅមុខទៀត ក្នុង​គោលដៅ​ពង្រឹង​សមត្ថភាព​អង្គភាព​ស៊ីម៉ាក់​ឱ្យ​បន្ត​បេសកកម្ម ដើម្បី​ដោះស្រាយ​វិបត្តិ​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​យូរអង្វែង​៕