ភ្នំពេញៈ ចាប់ពី​ថ្ងៃទី​ ២១ ខែកុម្ភៈ ឆ្នាំ​ ២០២២ នេះ​តទៅ សាលា​រាជធានី​ភ្នំពេញ បានដាក់​ឱ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន​នូវ​ស្រឡាង​ចម្លង​កោះពេជ្រ​-​កោះនរា ឆ្លងកាត់​ទន្លេបាសាក់ ក្នុង​ព្រំប្រទល់​ខណ្ឌចំការមន និង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ចាប់ពី​ព្រឹក​រហូតដល់​យប់​។


លោក ឃួង ស្រេង អភិបាល​រាជធានី-ភ្នំពេញ​បាន​ចេញ​សេចក្តី​ជូនដំណឹង​នា​ថ្ងៃទី​ ១៨ ខែកុម្ភៈ​ពី​ការដាក់ឱ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន​ស្រឡាង​ចម្លង​កោះពេជ្រ-​កោះនរា ឆ្លងកាត់​ទន្លេ​បាសាក់ ក្នុង​ព្រំប្រទល់​ខណ្ឌចំការមន និង​ខណ្ឌ​ច្បារអំពៅ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បានអនុញ្ញាត​ជូន​ក្រុមហ៊ុន​ជលយាន​ចម្លង​អរិយក្សត្រ អាន សំអន ធ្វើ​អាជីវកម្ម​ស្រឡាង​ចម្លង​អ្នកដំណើរ រួមទាំង​មធ្យោបាយ​យានយន្ត​គ្រប់​ប្រភេទ​ឆ្លងកាត់​ទន្លេបាសាក់​ជា​បណ្តោះ​អាសន្ន​ចាប់ពី​ថ្ងៃទី​ ២១ ខែ កុម្ភៈ ឆ្នាំ​ ២០២២ នេះ​តទៅ ដោយ​ចាប់ផ្តើម​ពី​ម៉ោង​ ៦:០០​ នាទី​ព្រឹក​ដល់​ម៉ោង​ ១៩:០០ ​នាទី​យប់ ជា​រៀងរាល់ថ្ងៃ​។


លោក ឃួង ស្រេង បាន​លើកឡើងថា៖ «​ការដាក់ឱ្យ​ដំណើរការ​ស្រឡាង​នេះ​ជា​បណ្តោះអាសន្ន ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឆ្លងកាត់​ស្ពាន​ព្រះមុនីវង្ស ដែល​តែងតែ​ជួបប្រទះ​នូវ​ការកកស្ទះ​ចរាចរណ៍​ជា​ញឹកញាប់ និង​ដោយសារតែ​ស្ពាន​កោះពេជ្រ-​កោះនរា​កំពុងតែ​ដំណើរការ​សាងសង់​ផងដែរ​នោះ​»​។ លោក​ថា ប្រជាពលរដ្ឋ​អាច​ចូលរួម​ធ្វើដំណើរ​តាម​ស្រឡាង​ចម្លង​នេះ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅលើ​ដង​ស្ពាន​ព្រះមុនីវង្ស​។

លោក ជា រឿន ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​កោះនរា​បានបង្ហាញ​នូវ​ក្តីសប្បាយ​រីករាយ​បន្ទាប់ពី​ទទួលដំណឹង​ពី​ការដាក់ឱ្យ​ប្រើប្រាស់​ស្រឡាង​ចម្លង​នេះ ដោយសារ​លោក​មានការ​ធុញទ្រាន់​នឹង​ការកកស្ទះ​ចរាចរណ៍​ដែល​លោក​ជួប​ស្ទើរតែ​រាល់ថ្ងៃ​។ លោក​បាន​ថ្លែងថា៖ «​ខ្ញុំ​នឹង​សាកល្បង​ជិះ​ស្រឡាង​នេះ​ថា​តើ​វា​នឹង​ជួយ​សម្រួល​ដល់ពេល​វេលា​ច្រើនជាង​កាលពេល​ដែល​ខ្ញុំ​ជិះ​ម៉ូតូ​តាមផ្លូវ​ជាតិ​ឬ​យ៉ាងណា​។ ប្រសិនបើ​ពេលវេលា​ខុសគ្នា​ច្រើន ខ្ញុំ​នឹង​ដូរ​មក​ប្រើ​ស្រឡាង​ចម្លង​នេះ ច្រើនជាង​ធ្វើ​ដំណើរ​តាមផ្លូវ​ជាតិ​វិញ​»​។


ចំណែក​លោក ចាន់ តារា ពលរដ្ឋ​រស់នៅ​ភូមិ​បឹង​ឈូក សង្កាត់​និរោធ​ខណ្ឌ​ច្បារអំពៅ មាន​សុទិដ្ឋិនិយម​តិចតួច​ប៉ុណ្ណោះ​ទៅលើ​ការប្រើប្រាស់​ស្រឡាង​សម្រាប់​សម្រួល​ចរាចរណ៍​នៅ​តំបន់​នេះ​។ លោក​ថា ការឡើង​ចុះ​ស្រឡាង​អាច​ចំណាយពេល​រង់ចាំ​យូរ ដែល​ធ្វើឱ្យ​អ្នកដំណើរ​ខ្លះ មិនអាច​ចាំបាន ហើយ​ការធ្វើដំណើរ​តាម​ស្រឡាង​អាច​មាន​ហានិភ័យ ប្រសិនបើ​មាន​ផ្ទុក​យានយន្ត​ធំៗ និង​ដឹក​ធ្ងន់​។

លោក​បាន​ប្រាប់ថា​៖ «​ខ្ញុំ​នឹង​រង់​ចាំមើល​ជាមុនសិន​ថា នៅពេល​ដាក់​ដំណើរការ​នេះ អាចជួយ​កាត់បន្ថយ​ការកកស្ទះ​បាន​កម្រិតណា ហើយ​សុវត្ថិភាព​នៃ​ការធ្វើដំណើរ​តាម​ស្រឡាង​នេះ ត្រូវ​បាន​ធានា​កម្រិតណា​។ យ៉ាងណាមិញ​ខ្ញុំ​សូម​អរគុណ​ដល់​អាជ្ញាធរ ក៏​ដូចជា​រាជរដ្ឋាភិបាល ដែល​បាន​ពិចារណា​លើ​បញ្ហា​នេះ និង​បាន​ខិតខំ​រក​វិធី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​នេះ​»​។

គួរបញ្ជាក់​ផងដែរ ស្ពាន​ខ្សែកាប្លិ៍​បេតុង​តភ្ជាប់​ពី​តំបន់​អភិវឌ្ឍន៍​កោះនរា​ទៅកាន់​ទីក្រុង​រណប​កោះពេជ្រ​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​តាំងពី​ខែតុលា​ឆ្នាំ​ ២០២០ ដោយ​នឹង​ប្រើប្រាស់​រយៈពេល​សាងសង់​ប្រមាណ ៣៥ ខែ​។ ស្ពាន​នេះ​មាន​បណ្តោយ​ប្រវែង ៨២៤ ​ម៉ែត្រ និង​ទទឹង​ប្រវែង ២៤,៥ ​ម៉ែត្រ និង​មាន​សសរ​ខ្សែកាប្លិ៍ កម្ពស់ ៦០ ​ម៉ែត្រ​ចំនួន ២ ​ដើម ដែលមាន​ចម្លាក់​ក្បាច់​ខ្មែរ​៕

វីដេអូ៖