ភ្នំពេញៈ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​) និង​ទីភ្នាក់ងារ​សហប្រតិបតិ្តការ​អន្តរជាតិ​ជប៉ុន (JICA)​ ចុះ​ហត្ថលេខា​លើ​កំណត់ហេតុ​លើ​គំនូស​ប្លង់​បច្ចេកទេស​សំណង់​អគារ​ដែល​ត្រូវ​សាងសង់​នៅ​វិទ្យាស្ថាន​ហ្វឹកហ្វឺន​សកម្មភាព​កម្ចាត់​មីន​ស៊ីម៉ាក់​នៅ​ខេត្តកំពង់ឆ្នាំង និង​សារមន្ទីរ​សន្តិភាព​ស៊ីម៉ាក់​នៅ​ខេត្តសៀមរាប​។


ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​នា​ថ្ងៃទី​ ១៨ ​កុម្ភៈ លោក ហេង រតនា អគ្គនាយក​អង្គភាព​ស៊ីម៉ាក់​វាយតម្លៃ​ខ្ពស់ ចំពោះ​ការទទួល​ខុសត្រូវ​របស់​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ (Consultant) និង​ក្រុម​ការងារ​បច្ចេកទេស JICA ដែល​បាន​ខិតខំ​បំពេញ​កិច្ចការ​ប្រកប​ដោយ​កិច្ច​សហការគ្នា​យ៉ាង​ស្អិតល្មួត និង​ភាតរភាព យោគយល់​គ្នា​។ លោក​ថា​៖ «​នេះ​បង្ហាញ​អំពី​ការ​បេ្តជ្ញាចិត្ត​យ៉ាង​មុត​ស្រួច​ដើម្បី​បុព្វហេតុ​មនុស្សធម៌ និង​ភាព​រីកចម្រើន​របស់​កម្ពុជា​»​។ នេះ​បើ​យោងតាម​ហ្វេសប៊ុក​ស៊ីម៉ាក់​នា​ថ្ងៃទី​ ១៩ កុម្ភៈ​។

ស៊ីម៉ាក់​សង្ឃឹមថា អគារ​ទាំងឡាយ ដែល​ស្ថិតនៅ​វិទ្យាស្ថាន​បច្ចេកទេស​សកម្មភាព​កម្ចាត់មីន​ខេត្តកំពង់ឆ្នាំង និង​សារមន្ទីរ​សន្តិភាព​សកម្មភាព​មីន​នៅ​ខេត្តសៀមរាប​នឹងត្រូវ​ឈរ​ខ្ពស់ត្រដែត​ឡើង ដើម្បី​បម្រើ​តម្រូវការ​វិស័យ​មីន​នៅ​កម្ពុជា បន្ត​ពី​ឆ្នាំ​ ២០២៥ ទៅមុខទៀត​ក្នុង​គោលដៅ​ពង្រឹងសមត្ថភាព​អង្គភាព​ស៊ីម៉ាក់​ឱ្យ​បន្ត​បេសកកម្ម ដើម្បី​ដោះស្រាយ​វិបត្តិ​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​យូរអង្វែង​។


លោក ហេង រតនា ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នា​ថ្ងៃទី​ ២០ ខែកុម្ភៈ​ថា នេះ​គឺជា​របាយការណ៍​កំណត់​ហេតុ​លើ​ការសិក្សា​ស្រាវជ្រាវ​ព័ត៌មាន​ដែល​កំណត់​តម្រូវ​របស់​អង្គភាព​ស៊ីម៉ាក់​សម្រាប់​ការសាងសង់​អគារ​នាពេលខាងមុខ​។

លោក​ថា​៖ «​ជា​របាយការណ៍​អ្នកបច្ចេកទេស​។ Consultant ដែល​គេ​សិក្សា​វាយតម្លៃ [​សម្រាប់​]​ តម្រូវការ​របស់​យើង [​អគារ​] ​រាង​ម៉េច​អី​ម៉េច ហើយ​សាងសង់​របៀប​ម៉េច អីចឹង​អាហ្នឹង​គេ​សិក្សា​ហើយ​បាន​យកទៅឱ្យ​រដ្ឋាភិបាល​-​ជប៉ុន​សម្រេច​»​។


លោក ហេង រតនា ថ្លែងថា ការសាងសង់​អគារ​ទាំងនេះ​គឺ​ដោយសារតែ​តម្រូវការ​របស់​អង្គភាព​ស៊ីម៉ាក់​ដែល​នឹង​ប្រើប្រាស់​អគារ​ទាំងនេះ ដើម្បី​បម្រើ​ការងារ​ហ្វឹកហ្វឺន​របស់​អង្គភាព​ស៊ីម៉ាក់​ទៅ​ថ្ងៃមុខ​ទៀត​។

កាល​ថ្ងៃទី​ ១០ ​កុម្ភ: លោក រតនា បាន​ជួបពិភាក្សា​ជាមួយ​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​ជប៉ុន​របស់ JICA ក្នុង​ការចុះ​សិក្សា​វាយតម្លៃ​ពី​ទីតាំង តម្រូវការ និង​រូបរាង​អគារ​ផ្សេងៗ ដែល​នឹងត្រូវ​សាងសង់​នៅ​ខេត្ត​កំពង់ឆ្នាំង និង​ខេត្តសៀមរាប​។

អង្គភាព​ស៊ីម៉ាក់​បាន​បញ្ជាក់ថា សម្រាប់​អគារ​សារមន្ទីរ​នៅ​ខេត្តសៀមរាប​ដែលមាន​រាង​គ្រាប់មីន​ធំជាងគេ​លើ​ពិភពលោក គឺ​សម្រាប់​បង្ហាញ​ពិភពលោក​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ពី​ប្រទេស​មាន​គ្រាប់មីន​ប្រឆាំង​មនុស្ស​ច្រើនជាងគេ​លើ​លោក​មកជា​ប្រទេស​ដែល​គ្មាន​គ្រាប់​មីន​ប្រឆាំង​មនុស្ស​នៅត្រឹម​ចុង​ឆ្នាំ​ ២០២៥៕