ភ្នំពេញៈ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បង្កើតអេហ្វ (App) ប្រព័ន្ធរាយការណ៍ឌីជីថលឈ្មោះថា «CMAC Helps» ដើម្បីបង្កើនភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការរាយការណ៍មកអង្គភាព CMAC នៅពេលជួបប្រទះគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដោយនឹងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២២ ខាងមុខនេះ។ នេះបើតាមលោក ហេង រតនា អគ្គនាយក CMAC។
លោក ហេង រតនា ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅថ្ងៃទី ២៤ កុម្ភៈថា អង្គភាព CMAC សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា ដើម្បីបង្កើនភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការរាយការណ៍មកអង្គភាព នៅពេលជួបប្រទះគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះអង្គភាព CMAC បានបង្កើតអេហ្វ (App) ដែលជាប្រព័ន្ធរាយការណ៍ឌីជីថល មានឈ្មោះថា «CMAC Helps» ហើយនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២២ ខាងមុខនេះ។
លោកថ្លែងថា តាមរយៈប្រព័ន្ធ អេហ្វ «CMAC Helps» នេះប្រជាពលរដ្ឋ គ្រាន់តែថតរូបគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬផ្តល់ព័ត៌មានអំពីទីតាំងដែលប្រទះឃើញ គ្រាប់មីន ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះរួចផ្ញើមកអង្គភាព CMAC តាមរយៈអេហ្វនេះ ក្រុមការងារអាចឆ្លើយតបបន្ទាន់ ឬធ្វើការទំនាក់ទំនងទៅភ្លាមដើម្បីបោសសម្អាត។ អេហ្វដែលជាប្រព័ន្ធរាយការណ៍ឌីជីថល «CMAC Helps»នេះ ប្រជាពលរដ្ឋគ្រាន់តែទាញយក (Download Application) ដែលមានស្លាកសញ្ញាlogo CMAC ដែលមានឈ្មោះថា «CMAC Helps» ទៅក្នុងទូរស័ព្ទដៃ (smart phone) ទាំងប្រភេទប្រភេទ Andriod និង iOS ជាការស្រេច។
លោកបញ្ជាក់ថា៖ «ក្រុមអ្នកបច្ចេកទេសនឹងផ្តល់ការពន្យល់លម្អិតនៅពេលឆាប់ៗនេះបន្ថែមទៀតលើការប្រើប្រាស់អេហ្វេប្រព័ន្ធរាយការណ៍នេះ»។
លោក ហេង រតនា បានឱ្យដឹងថា អេហ្វ ប្រព័ន្ធរាយការណ៍ឌីជីថល «CMAC Helps» នេះ បានផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដែលជួបប្រទះនូវបញ្ហាគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ដើម្បីងាយស្រួលបានទទួលព័ត៌មាន ដូចជា ការផ្ដល់ប្រឹក្សាយោបល់ភ្លាមៗក្នុងការបង្ការគ្រោះថ្នាក់ និងការឆ្លើយតបជួយសង្គ្រោះ។ អេហ្វនេះនឹងកាន់តែបង្កើតប្រសិទ្ធភាពក្នុងការផ្ដល់សេវាលើវិស័យមីនដល់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «តាមរយៈអេហ្វនេះ ប្រជាពលរដ្ឋនៅពេលឃើញគ្រាប់មីន ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកន្លែងណាមួយ ពលរដ្ឋអាចថតរូបភាពពីចម្ងាយ ហើយផ្ដល់ព័ត៌មានពីទីតាំងដែលឃើញគ្រាប់យុទ្ធភណ្ឌ ឬគ្រាប់មីននោះមកអង្គភាពស៊ីម៉ាក់ ដើម្បីឱ្យក្រុមការងារសម្របសម្រួលកម្លាំងឆ្លើយតបទាន់ពេលវេលា។ វិធីនេះមានភាពរហ័ស និងផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋជាងមុនលើការដោះស្រាយបញ្ហាមីននេះ»។
លោក រតនា បានឱ្យដឹងថា ការបង្កើត ប្រព័ន្ធរាយការណ៍ឌីជីថលឈ្មោះថា «CMAC Helps» នេះគឺក្រុមការងារបច្ចេកទេសរបស់អង្គភាពស៊ីម៉ាក់បានស្រាវជ្រាវបង្កើតឡើងរយៈពេលជិត ១ ឆ្នាំមកហើយ ដែលនឹងត្រៀមប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ១ ខែមីនា ខាងមុខនេះ។
លោកបានអំពាវនាវដល់ភាគីពាក់ព័ន្ធ និងបណ្ដាញផ្សព្វផ្សាយចូលរួមជួយផ្សព្វផ្សាយអំពីប្រព័ន្ធរាយការណ៍ឌីជីថលឈ្មោះថា «CMAC Helps» នេះ ដើម្បីឱ្យប្រជាពលរដ្ឋបានដឹងទាញយកកម្មវិធីនេះដាក់នៅក្នុងទូរស័ព្ទ និងប្រើប្រាស់សេវានេះក្នុងការគាំទ្រលើការកាត់បន្ថយការគាំរាមកំហែង គ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងប្រទេសកម្ពុជា។
បើតាមអង្គភាព CMAC សកម្មភាពអប់រំផ្សព្វផ្សាយយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន បានចាប់កំណើតនៅឆ្នាំ ១៩៩៥ ដែលកាលនោះ ទោះបីជាអង្គការសហប្រជាជាតិ (UN) បានបញ្ចប់ការបោះឆ្នោតក្នុងឆ្នាំ ១៩៩៣ ហើយរាជរដ្ឋាភិបាលថ្មីបានដំណើរការដឹកនាំប្រទេសតាមគន្លងថ្មីក៏ដោយ ក៏សង្គ្រាមស៊ីវិលរវាងពួកខែ្មរក្រហមដែលមិនព្រមចូលរួមបោះឆ្នោត បន្តប្រយុទ្ធជាមួយកម្លាំងរាជរដ្ឋាភិបាលកាន់តែខ្លាំងក្លាឡើង ជាពិសេសតំបន់តាមព្រំដែនកម្ពុជា-ថៃ។
កាលនោះទាំងកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋបានទទួលរងគ្រោះថ្នាក់ដោយសារគ្រាប់មីនប្រមាណជាង ៤ ០០០ នាក់ ក្នុង ១ ឆ្នាំៗ ហើយទុក្ខវេទនាដោយសារគ្រាប់មីនដ៏ធ្ងន់ធ្ងរបំផុតនេះបានជំរុញឱ្យអង្គភាព CMAC បង្កើនសកម្មភាពអប់រំការយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន កាន់តែសកម្មថែមទៀតពី ១ ឆ្នាំ ទៅ ១ ឆ្នាំ។
ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃសោកនាដកម្មដោយសារគ្រាប់មីននៅកម្ពុជា និងបណ្តាប្រទេសមួយចំនួនទៀត ជាហេតុនាំឱ្យមានចលនាអន្តរជាតិដ៏ធំមួយក្នុងការបង្កើតអនុសញ្ញាអន្តរជាតិស្តីពីការហាមប្រាមការប្រើប្រាស់ ការស្តុកទុក ការដឹកជញ្ជូនគ្រាប់មីនប្រឆាំងមនុស្សត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៧ នៅក្រុងអូតាវ៉ា ប្រទេសកាណាដា ដែលបច្ចុប្បន្នមានរដ្ឋហត្ថលេខីចំនួន ១៦៤ ប្រទេស និងរដ្ឋសមាជិកចំនួន ១៣៣ ប្រទេស។
CMAC បានឱ្យដឹងថា សមិទ្ធផលនេះគឺជាប្រវត្តិសាស្ត្រដែលសកម្មភាពនៃទិវាអប់រំផ្សព្វផ្សាយពីគ្រោះថ្នាក់ដោយសារមីននៅកម្ពុជា ដែលចាប់កំណើតនៅឆ្នាំ ១៩៩៥ ជាចលករយ៉ាងសកម្មបំផុតក្នុងការរួមចំណែកបង្កើតឱ្យមានអនុសញ្ញាអន្តរជាតិនេះឡើង។
នៅឆ្នាំ ១៩៩៩ អង្គភាព CMAC ដែលមានលោកនាយករដ្ឋមន្ត្រីជាប្រធាន បានសម្រេចបង្កើតទិវាជាតិអប់រំផ្សព្វផ្សាយយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីននេះឡើង សំដៅពង្រឹងការងារអប់រំផ្សព្វផ្សាយ និងជំរុញការចូលរួមពីប្រជាពលរដ្ឋឱ្យក្លាយជាម្ចាស់លើបញ្ហាគ្រាប់មីនទាំងអស់គ្នា។ ផ្អែកទៅលើទស្សនវិស័យវែងឆ្ងាយ និងយុទ្ធសាស្ត្ររបស់សម្តេចតេជោក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីននេះ អង្គភាព CMAC បានធ្វើសកម្មភាពយ៉ាងសកម្ម ហើយប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន គ្រប់ស្រទាប់បានផ្លាស់ប្តូរឥរិយាបថ និងបានចូលរួមនៅក្នុងចលនានេះ។
បច្ចុប្បន្ននេះ ទាំងប្រជាពលរដ្ឋទាំងអាជ្ញាធរមូលដ្ឋាន ទាំងកងកម្លាំងប្រដាប់អាវុធ ជាពិសេសកងកម្លាំងប៉ុស្តិ៍នគរបាលជាតិ និងអាជ្ញាធរមីន ប្រតិបត្តិករកម្ចាត់មីន បានរួមកម្លាំងគ្នា និងបានដំណើរការភារកិច្ចរបស់ខ្លួនយ៉ាងមានប្រសិទ្ធភាព។ ជាក់ស្តែងក្នុងឆ្នាំ ២០២១ កន្លងទៅ អង្គភាព CMAC បានផ្តល់ការអប់រំបានជាង ៥០០ ០០០ ខ្នងផ្ទះ និងមានប្រជាពលរដ្ឋជាង ១,២ លាននាក់ ទទួលបានសារអប់រំដោយផ្ទាល់ ហើយក្នុងឆ្នាំ ២០២២ នេះ អង្គភាព CMAC មានផែនការអប់រំផ្សព្វផ្សាយដល់ ៥៥០ ០០០ ខ្នងផ្ទះ និងអាចមានប្រជាពលរដ្ឋប្រមាណ ១,៦ លាននាក់នឹងទទួលបានសារអប់រំផ្ទាល់។
CMAC បានឱ្យដឹងថា មកទល់ឆ្នាំ ២០២២ នេះ អង្គភាពជាតិស៊ីម៉ាក់មានអាយុ ៣០ ឆ្នាំ ហើយ (១៩៩២-២០២២)។ ក្នុងរយ:ពេល ៣០ ឆ្នាំនេះ អង្គភាពបានឆ្លងកាត់បទពិសោធក្នុងការដោះស្រាយវិបត្តិក្រោយសង្គ្រាម លើបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាម រួមមាន គ្រាប់មីនប្រឆាំងមនុស្ស ដែលមានប្រមាណ ៤-៦ លានគ្រាប់ គ្រាប់បែកចង្កោមទម្លាក់ពីយន្តហោះប្រមាណ ៣០ លានកូនគ្រាប់ គ្រាប់បែកទម្លាក់ពីយន្តហោះ (ទម្ងន់សរុបប្រមាណ ២ លាន ៧៨ ម៉ឺនតោន) និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រាប់ប្រភេទដទៃយ៉ាងច្រើន។
ក្នុងរយ:ពេលនេះ អង្គភាព CMAC សម្រេចរំដោះផ្ទៃដីជិត ២ ពាន់គីឡូម៉ែត្រការ៉េ រកឃើញ និងកម្ទេចចោលគ្រាប់មីន និងគ្រាប់គ្រប់ប្រភេទជិត ៣ លានគ្រាប់គឺប្រមាណ ៧៥ ភាគរយនៃលទ្ធផលសរុបរួមនៃសកម្មភាពមីនទាំងមូល។ សកម្មភាពរបស់អង្គភាព CMAC ទាំងអស់ សុទ្ធតែធ្វើសមាហរណកម្មជាមួយគ្នា ទាំងការងារអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន ការជួយគាំទ្រជនពិការដោយសារមីន កិច្ចប្រតិបត្តិការបោសសម្អាតមីន និងការអភិវឌ្ឍសហគមន៍ក្រោយបោសសម្អាតមីនរួច ជាមួយផែនការសមាហរណកម្មសេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។
បើតាម CMAC ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមមានទំហំធំធេង ដូចនេះ មិនអាចសម្រេចបានគ្រប់ទិដ្ឋភាពបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមក្នុងរយៈពេលដូចគ្នានោះទេ។
ផ្នែកតាមផែនការរបស់រាជរដ្ឋាភិបាល អង្គភាព CMAC បានដាក់ចេញផែនការយុទ្ធសាស្ត្រ ៤ ឆ្នាំ (២០២២-២០២៥) រំដោះផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់មីនប្រឆាំងមនុស្ស ដែលបានដឹង និងមានកំណត់ត្រាក្នុងទិន្នន័យជាតិចំនួនជាង ៧០០ គីឡូម៉ែត្រការ៉េលើចំនួននៅសល់ប្រមាណ ៨០០ គីឡូម៉ែត្រការ៉េ គឺប្រមាណ ៩០ ភាគរយនៃបញ្ហាគ្រាប់មីនដែលនៅសេសសល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
វីដេអូ៖