ក្នុង​រយ​:​ពេល ​៣០ ​ឆ្នាំ​មកនេះ អង្គភាព​ស៊ីម៉ាក់ រកឃើញ​ និង​កម្ទេចចោល​គ្រាប់មីន​ និង​គ្រាប់​គ្រប់​ប្រភេទ​ជិត ​៣ ​លាន​គ្រាប់ ដែលមាន​ប្រមាណ ​៧៥% ​នៃ​លទ្ធផល​សរុប​រួម​នៃ​សកម្មភាព​មីន​ទាំងមូល និង​បាន​រំដោះ​ផ្ទៃដី​ជិត ​២ ​ពាន់​គីឡូ​ម៉ែត្រក្រឡា​។​


​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​) បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក ក្នុង​ថ្ងៃ​ខួប​ទី​២៣​ នៃ​ទិវា​ជាតិ​យល់ដឹង​ពី​មីន​ ២៤ កុម្ភ​: ថា ឆ្នាំ​ ២០២២​ នេះ អង្គភាព​ជាតិ​ស៊ីម៉ាក់​មាន​អាយុ ​៣០ ​ឆ្នាំ​ហើយ ​(១៩៩២-២០២២) ដែល​ក្នុង​រយ​:​ពេល​ ៣០​ ឆ្នាំនេះ អង្គភាព​បាន​ឆ្លងកាត់​បទពិសោធន៍​ក្នុងការ​ដោះស្រាយ​វិបត្តិ​ក្រោយ​សង្គ្រាម​លើ​បញ្ហា​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​រួមមាន​គ្រាប់មីន​ប្រឆាំង​មនុស្ស​។​

​លោក​ថា៖ «​ក្នុងនោះ​មាន ប្រមាណ ​៤-៦​ លាន​គ្រាប់ គ្រាប់បែក​ចង្កោម​ទម្លាក់​ពី​យន្តហោះ​ប្រមាណ ​៣០​ លាន​កូនគ្រាប់ គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ ​(​ទម្ងន់​សរុប​ប្រមាណ​ ២​ លាន ​៧៨​ ម៉ឺន​តោន​) និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ដទៃ​យ៉ាងច្រើន​»​។​


​ក្នុង​ឆ្នាំ​ ២០២១​ កន្លងទៅ អង្គភាព​ស៊ីម៉ាក់​បានផ្តល់​ការអប់រំ​ដល់​ជាង ​៥០០ ០០០​ ខ្នង​ផ្ទះ និង​មាន​ប្រជាពលរដ្ឋ​ជាង​ ១ ​លាន​ ២ ​សែន​នាក់ ​ទទួលបាន​សារ​អប់រំ​ដោយផ្ទាល់ ហើយ​ក្នុង​ឆ្នាំ ​២០២២ ​នេះ អង្គភាព​ស៊ីម៉ាក់​មាន​ផែនការ​អប់រំ​ផ្សព្វផ្សាយ​ដល់ ​៥៥០ ០០០​ ខ្នង​ផ្ទះ និង​អាចមាន​ប្រជាពលរដ្ឋ​ប្រមាណ​ ១ ​លាន ​៦ ​សែន​នាក់ ​នឹង​ទទួល​សារ​អប់រំ​ផ្ទាល់​។ នេះ​បើតាម​ការលើកឡើង​បន្ថែម​ពី លោក ហេង រតនា​។​

​លោក ហេង រតនា បានឱ្យដឹងថា៖ «​សកម្មភាព​របស់​អង្គភាព​ស៊ីម៉ាក់​ទាំងអស់​សុទ្ធតែ​ធ្វើ​សមាហរណកម្ម​ជាមួយគ្នា ទាំង​ការងារ​អប់រំ​យល់ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​មីន ការជួយ​គាំទ្រ​ជនពិការ​ដោយសារ​មីន កិច្ចប្រតិបត្តិការ​បោសសំអាត​មីន និង​ការអភិវឌ្ឍ​សហគមន៍​ក្រោយ​បោសសំអាត​មីន​រួច ជាមួយ​ផែនការ​សមាហរណកម្ម​សេដ្ឋកិច្ចសង្គម​របស់​រា​ជ​រដ្ឋាភិបាល​»​។


​ដោយសារ​បញ្ហា​គ្រាប់មីន​ប្រឆាំង​មនុស្ស គឺ​ស្ថិតនៅក្រោម​អនុសញ្ញា​អន្តរជាតិ​អូ​តា​វ៉ា ដែលមាន​សមាជិក​ហត្ថលេខី​ចំនួន​១៦៤​ប្រទេស ក្នុង​ចំនួន​នេះ​មាន​ប្រទេស​ចំនួន​១៣៣​ជា​រដ្ឋ​សមាជិក ដោយ​បូក​រួមទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។

​លោក ហេង រតនា បាន​បន្ថែមថា រាជរដ្ឋាភិបាល​ក្នុងនាម​ជា​រដ្ឋ​សមាជិក​មួយ​សកម្ម​បាន​ប្តេជ្ញា​អនុវត្ត​អនុសញ្ញា​នេះ​យ៉ាង​ពេញលេញ​ដោយ​អនុម័ត​ផែនការ​យុទ្ធសាស្ត្រ​កម្ពុជា​គ្មាន​គ្រាប់មីន​នៅ​ចុងឆ្នាំ​២០២៥​។ ដូចនេះ​គោលដៅ​សំខាន់​គឺ​តម្រង់ទិស​សម្រេច​បញ្ហា​គ្រាប់មីន​ប្រឆាំង​មនុស្ស​មួយ​នេះ​ឱ្យ​ខាន​តែ​បាន​ត្រឹម​ឆ្នាំ​២០២៥​។ ដោយសារ​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​មាន​ទំហំធំធេង ដូចនេះ​មិនអាច​សម្រេចបាន​គ្រប់​ទិដ្ឋភាព​បញ្ហា​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​ក្នុង​រយ​:​ពេល​ដូចគ្នា​នោះទេ​។

​លោក​ថា ៖ «​ផ្អែក​តាម​ផែនការ​របស់​រាជរដ្ឋាភិបាល អង្គភាព​ស៊ីម៉ាក់​បានដាក់​ចេញ​ផែនការ​យុទ្ធសាស្ត្រ​៤​ឆ្នាំ​(២០២២-២០២៥) រំដោះ​ផ្ទៃដី​រង​ផលប៉ះពាល់​ដោយសារ​គ្រាប់មីន​ប្រឆាំង​មនុស្ស​ដែល​បានដឹង​និង​មានកំណត់​ត្រា​ក្នុង​ទិន្នន័យ​ជាតិ​ចំនួន​ជាង​៧០០​គីឡូម៉ែត្រ​ក្រឡា លើ​ចំនួន​នៅសល់​ប្រមាណ​៨០០​គីឡូម៉ែត្រ​ក្រឡា​គឺ​ប្រមាណ​៩០%​នៃ​បញ្ហា​គ្រាប់មីន​ដែល​សល់​»៕​