ភ្នំពេញៈ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ហៅថា​ស៊ីម៉ាក់ (CMAC) និង​អង្គការ​បម្រើ​សកម្មភាព​កំចាត់មីន​ជប៉ុន (JMAS) ប្រចាំ​កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រួមគ្នា​ក្នុង​គម្រោង​ថវិកា​ជាង​ ៧១ ​ម៉ឺន​ដុល្លារ ដើម្បី​គាំទ្រ​ការអភិវឌ្ឍ​តំបន់​ក្រោយ​បោសសំអាត​មីន​។


កិច្ចព្រមព្រៀង​ត្រូវបាន​ចុះហត្ថលេខា​រវាង​លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ និង​លោក Yoshioka Yoshito ប្រធាន​អង្គការ JMAS ប្រចាំ​កម្ពុជា នា​ថ្ងៃទី​ ២៤ ខែកុម្ភៈ នៅ​ទីបញ្ជាការ​ស៊ីម៉ាក់​ភ្នំពេញ​។

ស៊ីម៉ាក់​បញ្ជាក់​ក្នុង​ហ្វេសប៊ុក​នា​ថ្ងៃទី​ ២៤ ខែកុម្ភៈ ថា​៖ «​ចំនួន​ថវិកា​ខាងលើនេះ នឹងត្រូវ​យកទៅអនុវត្ត​ក្នុង​គម្រោង​កម្មវិធី​សមាហរណកម្ម ការ​បោសសំអាត​មីន គាំទ្រ​ការអភិវឌ្ឍ​តំបន់​ក្រោយ​បោសសំអាត​មីន​រួច​នៅ​ខេត្តបន្ទាយមានជ័យ និង​គម្រោង​សមាហរណកម្ម ការបោសសម្អាត​គ្រាប់បែក​ចង្កោម គាំទ្រ​ការអភិវឌ្ឍ​សហគមន៍​នៅ​ខេត្តស្ទឹងត្រែង​»​។


ស៊ីម៉ាក់​បញ្ជាក់ថា តាម​ផែន​ការដែល​បានគ្រោង​ទុក អង្គភាព​ស៊ីម៉ាក់​នឹងដាក់​ពង្រាយ​កម្លាំង​ជាង ១០០ ​នាក់ ដែល​នឹងធ្វើ​ប្រតិបត្តិការ​លើ​ស្រុក​គោលដៅ​ចំនួន​ ៣ ​ក្នុង​ខេត្ត​បន្ទាយមានជ័យ គឺ​ស្រុក​ម៉ាឡៃ ស្រុក​អូជ្រៅ និង​ស្រុក​ស្វាយចេក និង​ស្រុក​គោលដៅ​ចំនួន​ ៣ ​ទៀត​ក្នុង​ខេត្តស្ទឹងត្រែង គឺ​ស្រុក​សេសាន ស្រុក​សៀមប៉ាង និង​ក្រុង​ស្ទឹងត្រែង ដែល​ផែនការ​នៃ​ការ​បោសសំអាត​ផ្ទៃដី​ប៉ះពាល់​គ្រាប់បែក​ចង្កោម​មាន​ចំនួន ១ ២០០ ហិកតា និង​ផ្ទៃដី​ចម្ការមីន​ចំនួន​ជាង ៤០០ ហិកតា​៕