ភ្នំពេញៈ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) រកឃើញ​ និង​កម្ទេចចោល​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ជាច្រើន​ប្រភេទ​ជិត​ ៣ ​លាន​គ្រាប់ ប្រមាណ​ ៧៥%​ នៃ​លទ្ធផល​សរុប​រួម​នៃ​សកម្មភាព​មីន​ទាំងមូល​ក្នុង​រយ:ពេល​ ៣០ ​ឆ្នាំ​មកនេះ និង​បាន​រំដោះ​ផ្ទៃដី​ជិត​ ២ ​ពាន់​គីឡូ​ម៉ែត្រក្រឡា​។


លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្ម​ភាព​កំចាត់មីន​កម្ពុជា (CMAC) បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់លោក​ក្នុង​ថ្ងៃ​ខួប​ទី​ ២៣​ នៃ​ទិវា​ជាតិ​យល់ដឹង​ពី​មីន​ ២៤ ​កុម្ភ:​ថា ឆ្នាំ​ ២០២២ ​នេះ CMAC​មាន​អាយុ​ ៣០​ ឆ្នាំ​ហើយ​ (១៩៩២-២០២២) ដែល​ក្នុង​រយ:ពេល​ ៣០ ​ឆ្នាំនេះ អង្គភាព​បាន​ឆ្លងកាត់​បទពិសោធ​ក្នុង​ការដោះស្រាយ​វិបត្តិ​ក្រោយ​សង្គ្រាម​លើ​បញ្ហា​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​រួមមាន​គ្រាប់មីន​ប្រឆាំង​មនុស្ស​។

លោក​ថា​៖ «​ក្នុងនោះ​មាន​ប្រមាណ​ ៤-៦​ លាន​គ្រាប់ គ្រាប់បែក​ចង្កោម​ទម្លាក់​ពី​យន្តហោះ​ប្រមាណ​ ៣០ ​លាន​កូនគ្រាប់ គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ (​ទម្ងន់​សរុប​ប្រមាណ​ ២​ លាន​ ៧៨ ​ម៉ឺន​តោន​)​ និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ដទៃ​យ៉ាងច្រើន​»​។


ក្នុង​ឆ្នាំ​ ២០២១​ កន្លងទៅ CMAC ​បានផ្តល់​ការអប់រំ​ដល់​ប្រជាពលរដ្ឋ​ជាង​ ៥០០ ០០០ ​ខ្នង​ផ្ទះ និង​មាន​ប្រជាពលរដ្ឋ​ជាង​ ១​ លាន​ ២ ​សែន​នាក់​ទទួល​បាន​សារ​អប់រំ​ដោយផ្ទាល់ ហើយ​ក្នុង​ឆ្នាំ​ ២០២២​ នេះ CMAC ​មាន​ផែនការ​អប់រំ​ផ្សព្វផ្សាយ​ដល់​ ៥៥០ ០០០ ​ខ្នង​ផ្ទះ និង​អាចមាន​ប្រជាពលរដ្ឋ​ប្រមាណ​ ១ ​លាន​ ៦ ​សែន​នាក់​នឹង​ទទួល​សារ​អប់រំ​ផ្ទាល់​។ នេះ​បើតាម​ការលើកឡើង​បន្ថែម​ពី លោក ហេង រតនា​។

លោក ហេង រតនា ថ្លែងថា​៖ «​សកម្មភាព​របស់​អង្គភាព​ស៊ីម៉ាក់​ទាំងអស់​សុទ្ធតែ​ធ្វើ​សមាហរណកម្ម​ជាមួយគ្នា​ទាំង​ការងារ​អប់រំ​យល់ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​មីន ការជួយ​គាំទ្រ​ជនពិការ​ដោយសារ​មីន កិច្ចប្រតិបត្តិការ​បោសសម្អាត​មីន និង​ការអភិវឌ្ឍ​សហគមន៍​ក្រោយ​បោសសម្អាត​មីន​រួច​ជាមួយ​ផែនការ​សមាហរណកម្ម​សេដ្ឋកិច្ច​សង្គម​របស់​រាជរដ្ឋាភិបាល​»​។


ដោយសារ​បញ្ហា​គ្រាប់មីន​ប្រឆាំង​មនុស្ស គឺ​ស្ថិត​នៅក្រោម​អនុសញ្ញា​អន្តរជាតិ​អូតាវ៉ា ដែលមាន​សមាជិក​ហត្ថលេខី​ចំនួន​ ១៦៤ ​ប្រទេស​ក្នុង​ចំនួន​នេះ​មាន​ប្រទេស​ចំនួន​ ១៣៣​ ជា​រដ្ឋ​សមាជិក ដោយ​បូករួម​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។

លោក ហេង រតនា បាន​បន្ថែមថា រាជរដ្ឋាភិបាល​ក្នុងនាម​ជា​រដ្ឋ​សមាជិក​មួយ​សកម្ម​បាន​ប្តេជ្ញា​អនុវត្ត​អនុសញ្ញា​នេះ​យ៉ាង​ពេញលេញ​ដោយ​អនុម័ត​ផែនការ​យុទ្ធសាស្ត្រ​កម្ពុជា​គ្មាន​គ្រាប់មីន​នៅ​ចុងឆ្នាំ​ ២០២៥​។ ដូចនេះ​គោលដៅ​សំខាន់​គឺ​តម្រង់ទិស​សម្រេច​បញ្ហា​គ្រាប់មីន​ប្រឆាំង​មនុស្ស​មួយ​នេះ​ឱ្យ​ខាងតែ​បាន​ត្រឹម​ឆ្នាំ​ ២០២៥​។ ដោយសារ​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​មាន​ទំហំធំធេង ដូចនេះ​មិនអាច​សម្រេចបាន​គ្រប់​ទិដ្ឋភាព​បញ្ហា​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​ក្នុង​រយ:ពេល​ដូចគ្នា​នោះទេ​។

លោក​ថា​៖ «​ផ្អែក​តាម​ផែនការ​របស់​រាជរដ្ឋាភិបាល អង្គភាព​ស៊ីម៉ាក់​បានដាក់​ចេញ​ផែនការ​យុទ្ធសាស្ត្រ​ ៤ ​ឆ្នាំ​ (២០២២-២០២៥) រំដោះ​ផ្ទៃដី​រងផលប៉ះពាល់​ដោយសារ​គ្រាប់មីន​ប្រឆាំង​មនុស្ស​ដែល​បានដឹង និង​មាន​កំណត់ត្រា​ក្នុង​ទិន្នន័យ​ជាតិ​ចំនួន​ជាង​ ៧០០ ​គីឡូម៉ែត្រ​ក្រឡា​លើ​ចំនួន​នៅសល់​ប្រមាណ​ ៨០០ ​គីឡូម៉ែត្រ​ក្រឡា​គឺ​ប្រមាណ​ ៩០%​ នៃ​បញ្ហា​គ្រាប់មីន​ដែល​សល់​»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ទៅកាន់​ជន​រួមជាតិ​ក្នុងឱកាស​ប្រារព្ធ​ខួប​លើក​ទី​ ២៣ នៃ​ទិវា​ជាតិ​យល់ដឹង​អំពី​មីន​ថា ទោះបី​ចំនួន​ជន​រងគ្រោះ​ដោយសារ​គ្រាប់​មិនទាន់​ផ្ទុះ​នៅក្នុង​ប្រទេស​បាន​ថយ​ចុះមក​នៅត្រឹមតែ​ជាង ៤០ ​នាក់​នៅក្នុង​ឆ្នាំ​ ២០២១ ក្នុង​រយៈពេល​ជាង ២៥ ​ឆ្នាំនេះ​ក៏ដោយ ក៏​រាជរដ្ឋាភិបាល​នៅតែ​ចាត់ទុកជា​រឿង​ទុក្ខសោក និង​សោកស្ដាយ​បំផុត​សម្រាប់​ប្រទេស​ជាតិ​។ លោក​ថា ថ្វីបើ​វិស័យ​សកម្មភាព​មីន បាននិង​កំពុង​ទទួល​លទ្ធផល​ដ៏ធំធេង​យ៉ាង​ណាក៏ដោយ កម្ពុជា​ត្រូវ​ធ្វើការ​បោសសម្អាត​ផ្ទៃដី​ដែលមាន​មីន​ចំនួន ៧៩៤ ​គីឡូម៉ែត្រ​ការ៉េ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​រួមទាំង​គ្រាប់បែក​ចង្កោម​ចំនួន ១ ២៤០ ​គីឡូម៉ែត្រ​ការ៉េ​បន្ថែមទៀត​ ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​តាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​កម្ពុជា​មួយ​គ្មាន​មីន​ឆ្នាំ ២០២៥​។ លោក​ថា​៖ «​ការងារ​អប់រំ​កាត់បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅតែ​ជា​កិច្ចការ​ដ៏ចាំបាច់​មួយ​ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់ និង​ផលប៉ះពាល់​អវិជ្ជមាន​ដោយសារ​គ្រឿងផ្ទុះ​នៅតាម​សហគមន៍​ដែល​យើង​ត្រូវតែ​យកចិត្ត​ទុកដាក់​»៕