ភ្នំពេញៈ មូលនិធិ​អន្តរជាតិ​សិង្ហបុរី (SIF) និង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត (KSFH) ដាក់​ដំណើរការ​គម្រោង​ពង្រឹង​សេវា​ថែទាំ​សុខភាព​ផ្លូវចិត្ត​ក្នុង​រាជធានី​ភ្នំពេញ ដោយ​រំពឹងថា​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​មនុស្ស​ប្រមាណ ៣ ​ម៉ឺន​នាក់ នៅត្រឹម​ឆ្នាំ​ ២០២៤​។


កិច្ចសហប្រតិបត្តិការ​រវាង​សិង្ហបុរី​-​កម្ពុជា​លើ​វិស័យ​សុខភាព​ផ្លូវចិត្ត​នេះ​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី​ ២៥ កុម្ភៈ ដែលមាន​រយៈពេល​ ២​ ឆ្នាំ ដើម្បី​ផ្តល់​លទ្ធភាព​ដល់​អ្នកឯកទេស​ថែទាំ​សុខភាព​មកពី​ប្រទេស​ទាំង​ ២ ធ្វើ​ការងារ​រួមគ្នា​ដើម្បី​បង្កើតឱ្យមាន​ភាពប្រសើរ​ឡើង ប្រកបដោយ​និរន្តរភាព​ក្នុង​ការថែទាំ​សុខភាព​ផ្លូវចិត្ត​។

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​ស្ថាប័ន​ទាំង​ ២ ឱ្យដឹងថា គម្រោង​កសាង​សមត្ថភាព​នេះ​មានបំណង​បង្កើន​សេវា​ថែទាំ​សុខភាព​ផ្លូវចិត្ត​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត និង​ស្ថាប័ន​ដែល​គាំទ្រ​វិស័យ​សុខាភិបាល​កម្ពុជា​ចំនួន ​២ ​ទៀត គឺ​មជ្ឈមណ្ឌល​សុខភាព​ផ្លូវចិត្ត​កុមារ និង​យុវវ័យ (Caritas-CCA-MH) ​និង​អង្គការ​ចិត្ត​សង្គម អន្តរវប្បធម៌ (TPO) ក្នុង​រយៈពេល​ ២​ ឆ្នាំ​ខាងមុខ អ្នកស្ម័គ្រចិត្ត​អន្តរជាតិ​សិង្ហបុរី (SIVs) ដែលជា​គ្រូពេទ្យ​អ្នកឯកទេស ដែល​រួមមាន​ក្រុមចម្រុះ​វិស័យ​នៃ​អ្នកអាជីព​ថែទាំ​សុខភាព​ផ្លូវចិត្ត មកពី​វិទ្យាស្ថាន​សុខភាព​ផ្លូវចិត្ត​សិង្ហបុរី នឹងធ្វើ​ការងារ​ដោយផ្ទាល់​ជាមួយ​គ្រូពេទ្យ​កម្ពុជា​ចំនួន ៥០ ​នាក់ ដើម្បី​ចែករំលែក​ចំណេះដឹង ជំនាញ និង​ការអនុវត្ត​ប្រសើរ​បំផុត​ក្នុង​វិស័យនេះ​។


សេចក្តី​ប្រកាស​រួម​ដដែល បាន​បញ្ជាក់ថា​៖ «​ក្នុងចំណោម​គ្រូពេទ្យ​កម្ពុជា​ទាំងនេះ​គ្រូពេទ្យ​ ១២ ​នាក់​នឹងត្រូវ​បានជ្រើសរើស​ឱ្យចូលរួម​ក្នុងការ​បណ្តុះបណ្តាល​បន្ថែម​ទៀត​ ដើម្បី​ទទួលបាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ក្លាយជា​គ្រូ​បណ្តុះបណ្តាល Master Trainers​។ គ្រូពេទ្យ​ទាំងនេះ​នឹង​ចូលរួម​ជាមួយ​អ្នកស្ម័គ្រចិត្ត​អន្តរជាតិ​សិង្ហបុរី (SIVs) ដើម្បី​បង្រៀន​គ្រូពេទ្យ​ផ្សេងទៀត​»​។

សេចក្តី​ប្រកាស​បន្ថែមថា​៖ «​គំរូ​បណ្តុះបណ្តាល​គ្រូ​បណ្តុះបណ្តាល​នេះ​នឹង​ផ្តល់​អំណាច​ដល់​ប្រជាពលរដ្ឋ​កម្ពុជា និង​អាចបង្កើត​ឱ្យមាន​ផលប៉ះពាល់​រយៈពេល​វែង និង​ប្រកបដោយ​និរន្តរភាព​ទៅលើ​សហគមន៍​កាន់តែ​ទូលំទូលាយ​។ យ៉ាងហោចណាស់​មនុស្ស ៣ ​ម៉ឺន​នាក់ ក្នុងប្រទេស​កម្ពុជា​ត្រូវបាន​រំពឹងថា នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ការបញ្ចប់​គម្រោង​នេះ​នៅក្នុង​ឆ្នាំ​ ២០២៤»​។


តាម​ការរំពឹងទុក គម្រោង​ ២ ឆ្នាំនេះ សិក្ខាកាម​កម្ពុជា​ភាគច្រើន គឺជា​គ្រូពេទ្យ​វិកលវិទ្យា​ និង​គ្រូពេទ្យ​សង្គ្រោះបន្ទាន់ ហើយក៏​មាន​គ្រូពេទ្យ​ចិត្តវិទ្យា គិលានុប្បដ្ឋាក​បុគ្គលិក​សង្គម និង​គ្រូពេទ្យ​ទូទៅ​ផងដែរ​ ខណៈ​ការបណ្តុះបណ្តាល​នេះ​នឹង​ផ្តោតលើ​របៀប​គ្រប់គ្រង​ការសង្គ្រោះបន្ទាន់​ផ្នែក​វិកលវិទ្យា និង​ព្យាបាល​អ្នកជំងឺ​ដែលមាន​បញ្ហា​ផ្លូវ​អារម្មណ៍ និង​ថប់​អារម្មណ៍​។

អ្នកនាង Lee Huay Leng ​ប្រធាន​មូលនិធិ SIF បាន​និយាយថា ខណៈ​ដែល​មនុស្ស​កាន់តែ​ច្រើនឡើង​មាន​ជំងឺផ្លូវចិត្ត មាន​តម្រូវការ​ជាបន្ទាន់​សម្រាប់​សហគមន៍​នៅ​ទូទាំង​ពិភពលោក​ក្នុង​ការតភ្ជាប់ និង​រួមគ្នា​ដោះស្រាយ​ការមាក់ងាយ និង​កង្វះ​ការយល់ដឹង​អំពី​សុខភាព​ផ្លូវចិត្ត​។ អ្នកនាង​និយាយថា ដូច្នេះ​មូលនិធិ SIF មាន​ក្តីរីករាយ​ក្នុង​ការដាក់​ដំណើរការ​គំនិត​ផ្តួចផ្តើម​ថែទាំ​សុខភាព​ផ្លូវចិត្ត​រយៈពេល ២ ​ឆ្នាំ​នៅ​កម្ពុជា​ជាមួយ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត​។

អ្នកនាង​បញ្ជាក់ថា​៖ «​យើង​កំពុង​នាំយកមក​រួមគ្នា​នូវ​អ្នកឯកទេស​ផ្នែក​ថែទាំ​សុខភាព​មកពី​ប្រទេស​សិង្ហបុរី និង​កម្ពុជា ដើម្បី​ចែករំលែក​ជំនាញ ចំណេះដឹង​និង​ការ​អនុវត្ត​ប្រសើរ​បំផុត ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​យ៉ាងហោចណាស់ ៣ ​ម៉ឺន​នាក់​នៅត្រឹម​ឆ្នាំ​ ២០២៤​។ គម្រោង​នេះ​ក៏​ធ្វើ​ដើម្បី​រំឭក​ខួប​ទី​ ២០ ​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​មូលនិធិ SIF និង​ប្រជាជន​កម្ពុជា​ផងដែរ ដើម្បី​ធ្វើឱ្យមាន​ការផ្លាស់ប្តូរ​វិជ្ជមាន និង​ធ្វើឱ្យ​ជីវិត​រស់នៅ​កាន់តែ​ប្រសើរ​»​។

លោកស្រី​សាស្ត្រាចារ្យ ចក ធីតា វេជ្ជបណ្ឌិត​ឯកទេស​វិកល​វិទ្យា ដែលជា​អនុប្រធាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត និយាយថា សុខភាព​ផ្លូវចិត្ត គឺជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​នៅ​កម្ពុជា ដោយ​មនុស្ស​ជាច្រើន​រងគ្រោះ​ដោយ​ស្ងៀមស្ងាត់​។ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត មាន​កិត្តិយស​ដែល​បានធ្វើ​ការងារ​ជាមួយ​មូលនិធិ SIF សម្រាប់​គម្រោង​ពង្រឹង​សេវា​សុខភាព​ផ្លូវចិត្ត​។ លោកស្រី​បន្តថា​៖ «​យើង​រំពឹងថា​នឹងមាន​កិច្ចសហប្រតិបត្តិការ​សំខាន់​កាន់តែច្រើន​ថែមទៀត​ជាមួយ SIF នៅ​ឆ្នាំ​ខាងមុខ​»៕