ភ្នំពេញៈ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍បានលើកឡើងថា មូលបទនៃខួបលើកទី ១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំនេះបង្ហាញថា សមភាពយេនឌ័រ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាននោះឡើយ។
លោកស្រីថ្លែងដូចនេះនាឱកាសនៃការអបអរសាទរខួបលើកទី ១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២២ ក្រោមមូលបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» នាថ្ងៃទី ១ ខែមីនា ដែលបានរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា នាវិទ្យាស្ថានជាតិអប់រំ។
លោកស្រី ម៉ែន សំអន បានមានប្រសាសន៍ថា៖ «ប្រធានបទឆ្នាំនេះ ពិតជាប្រធានបទមួយដែលមានខ្លឹមសារយ៉ាងជ្រាលជ្រៅដែលបានបង្ហាញថា សមភាពយេនឌ័រមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយជាគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។
លោក ស្រី ក៏បានបន្តថា វាក៏ជាការរួមចំណែកយ៉ាងពិតប្រាកដចំពោះការលើកកម្ពស់ការចូលរួមរបស់ស្ត្រីដើម្បីលើកតម្កើងសមភាពយេនឌ័រក្នុងព្រះរាជាណាចក្រកម្ពុជា ដោយផ្សារភ្ជាប់ទៅនឹងចលនាយ៉ាងសកម្មរបស់នារីទូទាំងពិភពលោកផងដែរ។
ចំពោះនារីទាំងអស់នៅលើពិភពលោក ថ្ងៃ ៨ មីនា គឺជាព្រឹត្តិការណ៍មួយរំឭកពីប្រវត្តិនៃការតស៊ូរបស់ស្ត្រីយ៉ាងហោចណាស់រយៈពេល ៩ ទសវត្សរ៍មកហើយ ដើម្បីស្វែងរកសមភាព យុត្តិធម៌ សន្តិភាព និងការអភិវឌ្ឍ។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងនាឱកាសនោះដែរថា ក្រសួងអប់រំបាននិងកំពុងអនុវត្តផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យអប់រំ សំដៅកាត់បន្ថយគម្លាតយេនឌ័រក្នុងការទទួលបានការអប់រំ និងទទួលបានការបង្កើនការចូលរួមបុគ្គលិកអប់រំជានារីនៅក្នុងការផ្តល់សេវាអប់រំ ព្រមទាំងបណ្តុះបណ្តាលឥរិយាបថវិជ្ជមានរបស់សង្គមក្នុងវិស័យអប់រំ។
លោក រដ្ឋមន្ត្រី មានប្រសាសន៍ថា៖ «ក្រសួងអប់រំ យុវជន និងកីឡានឹងនៅតែបន្ដអនុវត្តយុទ្ធសាស្ដ្របញ្ជ្រាបយេនឌ័រក្នុងវិស័យអប់រំ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ លើកទឹកចិត្តក្នុងការអភិវឌ្ឍសមត្ថភាពរបស់សិស្ស និស្សិតស្រី និងផ្សារភ្ជាប់ទៅនឹងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី ៤ គោលនយោបាយអភិវឌ្ឍជាតិ និងផែនការយុទ្ធសាស្ដ្រនារីរតនៈទី ៤»។
ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក៏បានបញ្ជាក់ដែរថា ក្នុងឆ្នាំសិក្សា ២០២០-២០២១ កន្លងទៅនេះ គម្លាតយេនឌ័រក្នុងកម្រិតអប់រំចំណេះទូទៅ ត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់ផងដែរ។ ដោយឡែកនៅក្នុងកម្រិតឧត្តមសិក្សាក៏ត្រូវបានកាត់បន្ថយជាបណ្តើរៗផងដែរ។
លោក ហង់ជួន ណារ៉ុន បានថ្លែងថា៖ «ស្ត្រី និងកុមារី មានលទ្ធភាពកាន់តែច្រើន ក្នុងការទទួលបាននូវការសិក្សាទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ហើយជាការកត់សម្គាល់លទ្ធភាពនៃការសេវាអប់រំនៅក្នុងកម្រិតអប់រំកុមារតូច និងបឋមសិក្សាមានភាពប្រហាក់ប្រហែលគ្នា ហើយសិស្សស្រីនៅមធ្យមសិក្សាមានស្ថានភាពប្រសើរជាងសិស្សប្រុសបន្តិចបន្តួច»។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការជ្រើសរើសយកមូលបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» ក្នុងគោលបំណងរំលេចឱ្យឃើញថា ស្ត្រី និងបុរសជាដៃគូស្មើភាព ហើយមូលបទនេះបានបញ្ជាក់អំពីតម្លៃនៃការទទួលបាននូវសមភាពរវាងស្ត្រី និងបុរសសម្រាប់ការអភិវឌ្ឍគ្រប់វិស័យ និងជំរុញឱ្យអ្នកពាក់ព័ន្ធបន្តអនុវត្តវិធានការផ្នែកគោលនយោបាយ កម្មវិធីយុទ្ធនាការ និងសកម្មភាពជាក់លាក់នានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ដ្រី ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព៕