ភ្នំពេញៈ លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនថ្លែង ទៅកាន់ប្រទេសជាមិត្ដនិងអង្គការដៃគូអភិវឌ្ឍថា វិស័យសកម្មភាពមីនគឺជាការរួមចំណែកដ៏សំខាន់លើការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ដូច្នេះលោកសង្ឃឹមថា ប្រទេសជាមិត្ដ និងអង្គការដៃគូនានាអាចនឹងផ្សារភ្ជាប់សកម្មភាពមីនទៅនឹងអាទិភាព ឬកិច្ចការខ្លួនក៏ដូចជារបស់ស្ថាប័ននិងប្រទេសខ្លួន។
លោក លី ធុជ ថ្លែងក្នុងពេលធ្វើជាអធិបតីក្នុងពិធីផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្តីពី «វិស័យសកម្មភាពមីន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា» ដោយសហការរវាង អាជ្ញាធរមីន និងមជ្ឈមណ្ឌលអន្តរជាតិហ្សឺណែវសម្រាប់ការបោសសម្អាតមីនមនុស្សធម៌ (GICHD) ជាមួយការគាំទ្រថវិកាពីក្រសួងការបរទេសនៃប្រទេសអៀរឡង់នៅថ្ងៃទី៣ ខែមីនានេះនៅរាជធានីភ្នំពេញ។
លោកលើកឡើងថា កម្ពុជាបានឈានដល់របត់នេះ និងទទួលបានជោគជ័យជាប្រវត្តិសាស្ត្រសម្រាប់វិស័យសកម្មភាពមីន គឺដោយសារកម្ពុជា ទទួលបាននូវសុខសន្តិភាពពេញលេញទូទាំងប្រទេស ក្រោមនយោបាយឈ្នះ ឈ្នះ នៅចុងឆ្នាំ១៩៩៨ របស់ ដែលដឹកនាំដោយ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឲ្យរាជរដ្ឋាភិបាលកម្ពុជា និងមានការចូលរួមគាំទ្រពីដៃគូរអភិវឌ្ឍន៍ និងប្រទេសជាមិត្ត មានលទ្ធភាពគ្រប់គ្រាន់ដោះស្រាយការគំរាមកំហែងដោយសារមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះ ប្រកបដោយប្រសិទ្ធភាព និងគ្មានការភ័យខ្លាច ក្នុងការចូលរួមផ្តល់សុខសុវត្ថិភាព និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
លោកថ្លែងថា៖«ដើម្បីជោគជ័យកម្ពុជាគ្មានមីនឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា មិនបានបង្អន់ដៃឡើយ ហើយថែមទាំងបង្កើននូវសន្ទុះទៅមុខជានិច្ចក្នុងការងារបោសសម្អាតមីន ការចលនាកៀរគរធនធាន និងត្រូវការការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់»។
លោក បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ជូនចំពោះដៃគូអភិវឌ្ឍន៍ និងប្រទេសផ្តល់ជំនួយ ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន ដូចជា អូស្ត្រាលី បែលហ្សិក កាណាដា ចិន ដាណឺម៉ាក សហភាពអឺរ៉ុប បារាំង អាល្លឺម៉ង់ ហុងគ្រី អៀរឡង់ ជប៉ុន សាធារណរដ្ឋកូរ៉េ ហុល្លង់ នូវែលហ្សឺឡង់ ន័រវេស្ស ស៊ុយអែត ស្វ៊ីស អង់គ្លេស អាមេរិក អង្គការ UNDP អង្គការ UNICEF និង GICHD ប្រតិបត្តិករបោសសម្អាតមីន និងបុគ្គលិកបោសសម្អាតមីន ដែលបានរួមចំណែកក្នុងការបោសសម្អាតមីន។
លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថាការដែលខ្ញុំបានបង្ហាញពីទិដ្ឋភាពសំខាន់ៗនៃវិស័យសកម្មភាពមីននៅកម្ពុជា បន្ថែមលើបទបង្ហាញរបស់វាគ្មិន និងការពិភាក្សានាព្រឹកនេះ អង្គពិធីទាំងមូល អាចនឹងផ្សារភ្ជាប់សកម្មភាពមីនទៅនឹងអាទិភាពឬកិច្ចការខ្លួន ក៏ដូចជារបស់ស្ថាប័ននិងប្រទេសខ្លួន»។
លោកបន្តថា៖«យើងត្រូវការបន្តកិច្ចសហប្រតិបត្តិការបែបនេះ។ យើងត្រូវការបន្តគាំទ្រវិស័យសកម្មភាពមីនរហូតដល់ថ្ងៃដែលចម្ការមីនចុងក្រោយបង្អស់ត្រូវបានប្រែក្លាយទៅជាដីដែលមានសុវត្ថិភាព។ យើងទាំងអស់គ្នាបានចាប់ផ្តើមរួមគ្នាហើយយើងនឹងបញ្ចប់ការងាររបស់យើងជាមួយគ្នាដើម្បីឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥»។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ការផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្តីពី «វិស័យសកម្មភាពមីន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា» បានបង្ហាញថា ការសិក្សានេះគូសបង្ហាញយ៉ាងទូលំទូលាយអំពីលទ្ធផលនៃការរួមចំណែករបស់វិស័យសកម្មភាពមីន ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាដោយប្រើប្រាស់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពជាក្របខណ្ឌវិភាគ។
ករណីសិក្សានៃប្រទេសកម្ពុជាផ្តល់នូវភស្តុតាងដ៏ច្បាស់លាស់អំពីផលប៉ះពាល់នៃសកម្មភាពមីនលើការអភិវឌ្ឍប្រកបដោយចីរភាពនៅតាមកម្រិតផ្សេងៗ តាមរយៈការកាត់បន្ថយគ្រោះថ្នាក់ដែលត្រូវប្រឈមដោយសហគមន៍មូលដ្ឋានដែលរងផលប៉ះពាល់ដោយវត្តមាននៃយុទ្ធភណ្ឌគ្រឿងផ្ទុះ។
ជាក់ស្តែង ការសិក្សានេះបានរកឃើញថា តាមរយៈតួនាទីបែបពហុផ្នែក និងបែបផ្លាស់ប្តូរ វិស័យសកម្មភាពមីនបានរួមចំណែកដោយផ្ទាល់ក្នុងការសម្រេចបាននូវគោលដៅចំនួន១៣ និងយ៉ាងហោចណាស់ចំណុចដៅចំនួន៤៨ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (គ.អ.ច.)នៅក្នុងប្រទេសកម្ពុជា។ ដូចនេះ វិស័យសកម្មភាពមីនបានរួមចំណែកយ៉ាងច្បាស់ចំពោះផ្នែកទាំងប្រាំនៃរបៀបវារៈឆ្នាំ២០៣០សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព រួមមាន ភាពជាដៃគូ សន្តិភាព ប្រជាជន ផែនដី និងវិបុលភាព។
ការសិក្សាបានបង្ហាញថាការរៀបចំ និងការអនុវត្តនូវកម្មវិធីសកម្មភាពមីន និងកម្មវិធីអភិវឌ្ឍន៍តាមបែបរួមបញ្ចូលគ្នាផ្តល់នូវលទ្ធផលទាំងផ្នែកមនុស្សធម៌ និងអភិវឌ្ឍកាន់តែល្អជាងមុន។ ជាមួយគ្នានោះសកម្មភាពមីនកាន់តែមានផលប៉ះពាល់ខ្លាំងជាងពេលអនុវត្តតែឯងហើយបន្តរួមចំណែកក្នុងការអភិវឌ្ឍវិស័យផ្សេងទៀត ទាំងនៅក្នុងរយៈពេលមធ្យម និងវែង។
ការសិក្សាក៏បានបញ្ជាក់ថាភាពជាដៃគូរឹងមាំនៅគ្រប់កម្រិត ក្នុងនិងក្រៅវិស័យសកម្មភាពមីន អាចពង្រីកផលប៉ះពាល់ និងចីរភាពនៃកិច្ចខិតខំប្រឹងប្រែងវិស័យសកម្មភាពមីន ឲ្យដល់កម្រិតអតិបរមា៕