មន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា ការអនុវត្តវិធានការសុខភាពតែមួយមានសារៈសំខាន់សម្រាប់ការពារសុខភាពសាធារណៈពីហានិភ័យនៃការឆ្លងជំងឺពីសត្វទៅមនុស្សនាពេលអនាគត ដែលគ្រប់គ្នាត្រូវរួមគ្នាបញ្ចៀសការទិញ លក់ និងបរិភោគសត្វព្រៃដែលអាចបង្កឱ្យមានការចម្លងជំងឺពីសត្វទៅមនុស្ស។
នេះជាការថ្លែងឡើងរបស់លោក យី សេងឌឿន អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលក្នុងកិច្ចប្រជុំបើកយុទ្ធនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា កាលពីថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ។
លោកបានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគោលការណ៍សុខភាពតែមួយបានស្តែងចេញនូវសារៈរបស់វាកាន់តែខ្លាំងឡើង។ គោលការណ៍សុខភាពតែមួយជាវិធីសាស្ត្រសុខាភិបាលដែលនឹងធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃសុខភាពសាធារណៈតាមរយៈការបញ្ចូលចំណេះដឹងស្តីពីទំនាក់ទំនងរវាងមនុស្ស សត្វ និងបរិស្ថាន។
លោក យី សេងឌឿន បានមានប្រសាសន៍ថា៖ «ការអនុវត្តវិធានការសុខភាពតែមួយមានសារៈសំខាន់សម្រាប់ការពារសុខភាពសាធារណៈពីហានិភ័យនៃការឆ្លងជំងឺពីសត្វទៅមនុស្សនាពេលអនាគត។ យើងត្រូវតែធ្វើការរួមគ្នា ដើម្បីបញ្ចៀសការទិញ ការលក់ ការដឹកជញ្ជូន បរិភោគ និងប្រើប្រាស់ប្រភេទសត្វព្រៃដែលមានហានិភ័យខ្ពស់អាចបង្កការចម្លងជំងឺពីសត្វទៅមនុស្ស»។
យោងតាមសេចក្តីប្រកាសព័ត៌មានរួមគ្នារវាងស្ថាប័នរាជរដ្ឋាភិបាល និងស្ថាប័នអង្គការដៃគូបានឱ្យដឹងថា អន្ទាក់សរុបចំនួន ៦១ ៦១១ អន្ទាក់ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិចំនួន ៧២ និងច្រករបៀងជីវចម្រុះផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។ ជាមធ្យមក្នុងមួយឆ្នាំមានអន្ទាក់សរុបចំនួនប្រមាណជាង ៤០ ០០០ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិទាំងនេះ។
លោក នុប សុធុនវិសុទ្ធ ប្រធាននាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលច្បាប់ក្នុងវិស័យព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌បានលើកឡើងដោយបានប្តេជ្ញាចិត្តរួមគ្នា ដើម្បីការពារអនាគតប្រជាជន និងការរស់រានរបស់សត្វព្រៃកម្ពុជា។
លោកបានថ្លែងថា៖ «អន្ទាក់ និងការជួញដូរសត្វព្រៃបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាពយើង បរិស្ថាន និងសេដ្ឋកិច្ច។ ការរួបរួមគ្នារវាងក្រសួងពាក់ព័ន្ធទាំងអស់បង្ហាញពីការប្តេជ្ញាចិត្តសហការរួមគ្នាក្នុងការបញ្ចៀសការបាត់បង់ជីវៈចម្រុះ និងទប់ស្កាត់ហានិភ័យចំពោះសុខភាពសាធារណៈកុំឱ្យកើតឡើងនៅថ្ងៃអនាគត»។
នាយកអង្គការ WWF កម្ពុជា លោក សេង ទៀក បានមានប្រសាសន៍ដែរថា៖ «គឺពេលឥឡូវនេះហើយជាពេលវេលាសម្រាប់យើងធ្វើសកម្មភាពរួមគ្នាក្នុងការរៀបចំ និងដាក់ចេញនូវវិធានការថ្មីៗសម្រាប់ជាដំណោះស្រាយបន្ទាន់ដើម្បីឆ្លើយតបទៅនឹងកត្តាចម្បងៗជា ឬសគល់នៃការធ្លាក់ចុះ និងការជួញដូរសត្វព្រៃ និងដើម្បីឈានទៅស្តារធនធានធម្មជាតិកម្ពុជាឡើងវិញ»។
ចំណែក លោក កែន សេរីរដ្ឋា នាយកកម្មវិធីប្រចាំប្រទេសកម្ពុជានៃអង្គការ WCS ថា លោកប្តេជ្ញាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការចាត់វិធានការបន្ទាន់ និងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការដាក់អន្ទាក់សត្វព្រៃ តាមរយៈអន្តរាគមន៍ក្នុងការកាត់បន្ថយការដាក់អន្ទាក់ និងដោយលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីផលវិបាកដ៏អាក្រក់ដែលអាចកើតចេញពីទង្វើខុសច្បាប់នេះចំពោះសត្វព្រៃកម្ពុជា និងសុខភាពរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងដែរថា វាជាការចាំបាច់ត្រូវរៀបចំនូវវិធានការពហុវិស័យដែលនឹងជាចលករជំរុញការផ្លាស់ប្តូរ ដើម្បីបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់នៅទូទាំងប្រទេសកម្ពុជា។
អន្ទាក់សម្លាប់ដោយមិនរើសមុខឡើយរាប់ចាប់ពីពពួកសត្វអណ្តើករហូតដល់សត្វដំរី ពពួកពានរ ក៏ដូចជាសត្វស្លាប គឺសុទ្ធសឹងទទួលរងគ្រោះថ្នាក់ដោយអន្ទាក់ទាំងអស់។ សត្វព្រៃដែលបានជាប់អន្ទាក់ហើយត្រូវចុះថមថយកម្លាំងអស់រយៈពេលជាច្រើនថ្ងៃមុនឈានដល់ការស្លាប់ដោយសារមានរបួស ខ្វះទឹក ឬការអត់អាហារ។
លោក នេត្រ ភក្ត្រា ថា៖ «អន្ទាក់មិនត្រឹមតែធ្វើឱ្យសត្វព្រៃបាត់បង់ពីទីជម្រកព្រៃធម្មជាតិប៉ុណ្ណោះទេ តែវាថែមទាំងបង្កើនហានិភ័យនៃការចម្លងប្រភេទជំងឺពីសត្វទៅមនុស្សផងដែរ។ អ្នកដែលដាក់អន្ទាក់ អ្នកលក់ និងអ្នកបរិភោគសាច់សត្វព្រៃសុទ្ធសឹងជាអ្នកដែលប្រឈមទៅនឹងហានិភ័យនៃការចម្លងនេះ»។
«យុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២២ ហើយយុទ្ធនាការអន្ទាក់សូន្យនេះនឹងប្រព្រឹត្តទៅសម្រាប់រយៈពេល ៦ ខែនៅក្នុងបណ្តាខេត្តខាងកើតទន្លេមេគង្គរួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្តកំពង់ធំ។
យុទ្ធនាការនេះនឹងមិនបញ្ឈប់ត្រឹមខេត្ត ៦ នេះទេ យុទ្ធនាការអន្ទាក់សូន្យវគ្គទី ២ ក្រសួងបរិស្ថាន និងអង្គការដៃគូនឹងផ្តោតលើបណ្តាខេត្តដែលមានតំបន់ការពារធម្មជាតិផ្សេងទៀត ក្នុងនោះមានតំបន់ជួរភ្នំក្រវាញនៃប្រទេសកម្ពុជាដែលរួមមានខេត្ត កំពង់ស្ពឺ កោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងកំពង់ឆ្នាំងផងដែរ៕
វីដេអូ៖