ភ្នំពេញៈ សមត្ថកិច្ចមូលដ្ឋានបាននិយាយថា ស្ត្រី ៣ នាក់រងរបួសធ្ងន់និងស្រាល បន្ទាប់ពីមានករណីគ្រោះអគ្គិភ័យឆាបឆេះផ្ទះរបស់ពួកគេ កាលពីព្រឹកថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២២ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក សុខ ហេង អធិការខណ្ឌទួលគោក បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា មកទល់ពេលនេះ ក្រុមសមត្ថកិច្ចនគរបាលជំនាញផ្នែកពន្លត់អគ្គភ័យរាជធានីភ្នំពេញ នៅមិនទាន់កំណត់រកឃើញមូលហេតុ ដែលនាំឲ្យកើតមានគ្រោះអគ្គីភ័យនោះនៅឡើយទេ ខណៈស្ត្រីរងគ្រោះ ៣ នាក់ នៅក្នុងហេតុការណ៍ភ្លើងឆេះផ្ទះដ៏អាក្រក់នេះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួស។
លោកថ្លែងថា៖ «នៅពេលនេះ ក្រុមកម្លាំងសមត្ថកិច្ចមូលដ្ឋានយើងកំពុងចុះស្រាវជ្រាវ អំពីអត្តសញ្ញាណជនរងគ្រោះ។ ចំណែកសមត្ថកិច្ចជំនាញផ្នែកអគ្គិភ័យ កំពុងស្រាវជ្រាវអំពីមូលហេតុនៃការឆេះ»។
ជុំវិញករណីនេះ លោក ព្រំ យ៉ន ប្រធានការិយាល័យបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថាក្រោយពីធ្វើការពន្លត់អគ្គិភ័យនោះរួច ក្រុមការងាររបស់លោក បានធ្វើការស៊ើបសួរជនរងគ្រោះ និង អ្នកភូមិមួយចំនួននៅក្បែរកន្លែងកើតហេតុ ហើយរកឃើញពីមូលហេតុ ដែលបង្កឲ្យមានអគ្គិភ័យនេះឡើង។
លោកថ្លែងថា៖ «តាមចម្លើយរបស់ជនរងគ្រោះ និងសាក្សីនៅកន្លែងកើតហេតុ អគ្គិភ័យនេះបង្កឡើងពីជាងផ្សារដំបូលផ្ទះខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យធ្លាក់កម្ទេចភ្លើងលើកម្ទេចពូកនៅខាងក្រោម បង្កឲ្យឆាបឆេះជាអគ្គិភ័យ»។
លោកបានបន្ថែមថា៖«គ្រោះអគ្គិភ័យនេះ មិនគ្រាន់តែបំផ្លាញផ្ទះសម្បែង និងទ្រព្យសម្បត្តិប៉ុណ្ណោះទេ បានបង្កឲ្យស្ត្រី ៣ នាក់រងរបួសធ្ងន់ និងស្រាលផងដែរ»។
បើតាមលោក ព្រំ យ៉ន ស្ត្រីរងគ្រោះនៅក្នុងហេតុករណ៍ភ្លើងឆេះផ្ទះដ៏អាក្រក់នេះរួមមានឈ្មោះ ស៊ី ប៊ុនស្រី អាយុ ៤៧ ឆ្នាំ និង ឈ្មោះ ស្រ៊ីន ធិតា អាយុ ៦២ ឆ្នាំ ដែលអ្នកទាំង ២ រងរបួសធ្ងន់ ។ ចំណែកស្ត្រីឈ្មោះ ហេង ម៉ី ម៉ី អាយុ២៦ឆ្នាំរងរបួសស្រាល។ ជនរងគ្រោះទាំង ៣ ត្រូវបានក្រុមគ្រួសារសាច់ញាតិដឹកនាំទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីព្យាបាលរបួស។
លោក បានប្រាប់ឲ្យដឹងថា ដើម្បីជួយសង្គ្រោះ និងពន្លត់អគ្គិភ័យដ៏អាក្រក់នេះ កម្លាំងសមត្ថកិច្ចជំនិងមានការចូលរួមពីកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យនៃវិស័យឯកជនមួយចំនួនរួមមានអង្គភាពពន្លត់អគ្គិភ័យរបស់ទីក្រុងជ្រោយចង្វាOCIC អង្គភាពពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣៦ គ្រឿង និងប្រើប្រាស់ទឹកអស់ប្រមាណ ២០០ ម៉ែត្រគូប។
ដោយឡែកនៅឯស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក៏មានករណីគ្រោះអគ្គភ័យកើតឡើងផងដែរ កាលពីវេលាម៉ោង ១ រសៀលថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២២ នេះ ប៉ុន្តែមិនមានអ្នករងរបួសនោះទេ។ នេះបើតាមសម្ដីលោក ភន សេងលីម អធិការរងស្រុកស្ទឹងត្រង់ទទួលបន្ទុកផ្នែកអគ្គភ័យ។
លោកថ្លែងថា៖ «ករណីនេះ សមត្ថកិច្ចបានសន្និដ្ឋានក្នុងជំហានបឋមថា អាចមានក្មេងមកដុតសម្រាមលេងនៅក្បែរគំនរកម្ទេចឈើ ដែលក្រុមជាងបានឈូសក្ដារធ្វើជាពុម្ពសម្រាប់ការសាងសង់សាលាធម្មសភាក្នុងវត្តអន្លង់សាឡី បណ្ដាលឲ្យប្រះស្រាំជណ្ដើរនៃសំណង់នេះ។ ប៉ុន្តែគ្មានអ្នករងរបួសនោះទេ»៕
វីដេអូ៖