​ភ្នំពេញៈ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល​សកម្ម​ភាព​កំចាត់មីន​កម្ពុជា (CMAC) ថ្លែងថា CMAC បាននិងកំពុង​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ភូមិ​គ្មាន​ការគំរាមកំហែង​ដោយ​​សារ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម នៅ​ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ព្រះវិហារ សៀមរាប និង​កំពង់ធំ មាន​​ន័យ​ថា «​ភូមិ​គ្មាន​បញ្ហា​ទាំង​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​»​។


​លោក ហេង រតនា ថា ក្នុង​រយៈពេល ៣ ​ខែ ចាប់តាំងពី​ខែវិច្ឆិកា​ ដល់​ធ្នូ ​២០២១ និង​ខែមករា ២០២២ អង្គភាព CMAC សម្រេច​រំដោះ​បាន​ភូមិ​ចំនួន ៣២​ ភូមិ នៅក្នុង​ខេត្ត​ចំនួន​ ៨ ប្រកបដោយ​ជោគជ័យ​ដោយមាន​ប្រជាពលរដ្ឋ​ទទួលផល​ដោយផ្ទាល់​ចំនួន ៤ ៧៣៧ គ្រួសារ ហើយ​បើ​សរុប​ភូមិ​គោលដៅ​ដែល​សម្រេចបាន​ ​កាលពី​ក្នុង​ឆ្នាំ ​២០២១ កន្លងមក មាន​ជាង ១ ២០០​ភូមិ​ផងដែរ​។

លោក​ថា​៖ «​ចាប់ពី​ឆ្នាំ ​២០២២ ​នេះ​តទៅ អង្គភាព CMAC បាន​បង្កើន​ប្រសិទ្ធភាព និង​បង្កើនល្បឿន​លើ​ការ​បោស​​សម្អាត​រំដោះ​ផ្ទៃដី​តំបន់​រង​ផល​​ប៉ះពាល់​ដោយសារ​គ្រាប់មីន​ប្រឆាំង​មនុស្ស​ដែល​បានដឹង និង​មាន​កំណត់ត្រា​ពហុកោណ​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​ថ្នាក់ជាតិ​ឱ្យបាន​ឆាប់រហ័ស​បំផុត ក្នុង​គោលដៅ​ធានា​សុខ​សុវត្ថិភាព និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ការ​​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​មហិច្ឆតា​របស់​រាជរដ្ឋាភិបាល​ក្នុងការ​សម្រេច​អាណត្តិ​កម្ពុជា​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អន្តរ​ជាតិ​អូ​តា​វ៉ា ដែល​ប្រែក្លាយ​កម្ពុជា​គ្មាន​គ្រាប់មីន ប្រឆាំង​មនុស្ស​នៅត្រឹម​ចុងឆ្នាំ​ ២០២៥»​។


​លោក​ថា ក្នុង​ឆ្នាំ ​២០២២​ នេះ CMAC បាន​ជំរុញ​ការរំដោះ​ខេត្ត គ្មាន​គ្រាប់មីន​ចំនួន ៧ រួមមាន រាជធានី​ភ្នំពេញ ខេត្ត​កែប ខេត្តកណ្តាល ខេត្តកំពត ខេត្ត​ព្រះសីហនុ ខេត្តតាកែវ និង​ខេត្តកំពង់ចាម​។ ក្នុងនោះ​បើ​គិត​មកដល់​សប្ដាហ៍​ទី​៣ នៃ​ខែកុម្ភៈ ឆ្នាំ ​២០២២ CMAC សម្រេច​រំដោះ​បាន​រាជធានី​​ភ្នំពេញ និង​ខេត្ត​កែប ហើយ​ខេត្តកណ្ដាល​កំពុងដំណើរកា​រ​ហៀបនឹង​បញ្ចប់​ផងដែរ​។ CMAC មាន​កម្លាំង​រៀបរយ​តាម​ជំនាញ​ចំនួន​ជាង​ ១៧០ ក្រុម ​ក្នុង ​១ ​កងអនុសេនាតូច ហើយ​អង្គភាព​ក៏បាន​កសាង​កម្លាំង​ស្ម័គ្រ​ចិត្តជា​បណ្តាញ​តាម​ភូមិ ដែលមាន​អាទិភាព​ខ្ពស់​ចំនួន​ជាង ៣ ៥០០ ​ភូមិ និង​មាន​បណ្ដាញ​ស្ម័គ្រចិត្ត​ជិត ៤ ០០០​ នាក់ នៅ​ទូទាំងប្រទេស សម្រាប់​បម្រើ​ការងារ​អប់រំ​ផ្សព្វ​​ផ្សាយ ការយល់ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​។

CMAC ក៏បាន​យកចិត្តទុកដាក់​កសាង សមត្ថភាព និង​ការពង្រឹង​ទំនាក់​​ទំនង​រវាង​អាជ្ញាធរ​មូលដ្ឋាន ទាំង​កម្រិត​ភូមិ ឃុំ ស្រុក និង​ខេត្ត ជា​យន្តការ​ថ្នាក់ក្រោម​ជាតិ​យ៉ាង​មាន​ប្រសិទ្ធភាព ក្នុងការ​ផ្សព្វផ្សាយ​យល់ដឹង​ពី​គ្រោះ​​ថ្នាក់​ដោយសារ​គ្រាប់មីន និង​ឆ្លើយតប​រាល់​សំណូមពរ​របស់​ប្រជាពលរដ្ឋ​។ ជាក់ស្ដែង​ក្នុង​ឆ្នាំ ​២០២១ ​កន្លងទៅនេះ CMAC បានធ្វើ​ការអប់រំ​យល់​ដឹង ពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ដល់​ក្រុម​គោលដៅ​បាន​ចំនួន ១៧ ២២៩​ លើក ស្មើនឹង ៥៦៥ ៣៥៩​ ខ្នង​ផ្ទះ មាន​ប្រ​ជា​ពលរដ្ឋ​ចូលរួម​សរុប​ចំនួន ៩២៨ ៦៩២​ នាក់​។


​លោក​ថា​៖ «​កិច្ចការ​នេះ​សម្រេច បាន​ជោគជ័យ ក៏បាន​ទទួល​នូវ​ការសហការ និង​គាំទ្រ​ពេញ​​ទំហឹង​ពី​កងយោធពល​ខេមរភូមិន្ទ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ស្នងការដ្ឋាន​គ្រប់​ខេត្ត​-​ក្រុង និង​ជាពិសេស​បុ​ស្តិ៍​នគរបាល​ជាតិ​ទូទាំងប្រទេស សំដៅ​អនុ​​វត្ត​ឱ្យបាន​សម្រេច​គោលការណ៍​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ផងដែរ​»​។

​លោក​ថា ក្នុងពេល​ថ្មី​នេះ CMAC ក៏បាន​បង្កើត​ប្រព័ន្ធ​រាយការណ៍​ឌីជីថល ដែលមាន​ឈ្មោះថា “CMAC Help!" ដើម្បី​បង្កើន​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​រាយ​​ការណ៍​នៅពេល​ប្រទះឃើញ​គ្រាប់មីន​ និង​គ្រាប់​មិនទាន់​ផ្ទុះ ដោយ​គ្រាន់តែ​ថតរូប ឬ​ផ្តល់​ទីតាំង​ដែល​ប្រទះឃើញ​គ្រាប់​​មីន ឬ​គ្រាប់​មិនទាន់​ផ្ទុះ​រួច​ផ្ញើ​ចូលមកក្នុង​កម្មវិធី​នេះ​ជាការ​​ស្រេច ហើយ​កម្មវិធី​នេះ​នឹង​ដាក់ឱ្យ​ដំណើរការ​ក្នុងពេល​ឆាប់ៗ​នេះ​។

កម្លាំង CMAC មានលទ្ធភាព​ប្រតិបត្តិការ​គ្រប់​ខេត្ត​រាជធានី​បាន​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​។ CMAC បានធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​លើ​កម្លាំង​ប្រតិបត្តិការ​របស់ខ្លួន​ដោយបាន​ធ្វើ​សមាហរណកម្ម​ជំនាញ​បោស​​សម្អាត​គ្រាប់មីន​រួមមាន អ្នក​​ជំនាញ​បច្ចេកទេស គ្រឿងចក្រ សុនខ និង​កណ្តុ​រហិត​មីន​ក៏ដូចជា​ការកែលម្អ​នីតិវិធី​ប្រតិបត្តិ និង​ការបំពាក់​សម្ភារ​បច្ចេក​​ទេស​ក្នុងការ​បោសសម្អាត​ពហុ​កោណ​ចម្ការមីន​ប្រមាណ ១៥០ ​ទៅ​ ១៧០ ​គីឡូម៉ែត្រ​ការ៉េ ក្នុង ​១ ឆ្នាំៗ​ចាប់ពី​ឆ្នាំ​ ២០២២ ​តទៅ​។

​ផែនការ​យុទ្ធសាស្ត្រ ៤ ​ឆ្នាំ (២០២២-២០២៥ ដើម្បីរំដោះ​ផ្ទៃដី​រង​ផលប៉ះពាល់​ដោយ​​សារ​គ្រាប់មីន​ប្រឆាំង​មនុស្ស​ដែល​បានដឹង និង​មានកំណត់ត្រា​ក្នុង​ទិន្នន័យ​ជាតិ​ចំនួន​ជាង ៧០០ គីឡូម៉ែត្រ​ការ៉េ​៕​