ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​​បាននិងកំពុង​ដាក់ចេញ​នូវ​វិធានការ​អាទិភាព​សំខាន់ៗ​មួយចំនួន​ ដើម្បី​ជំរុញ​ដល់​គ្រប់​ក្រសួង ស្ថាប័ន​ និង​ដៃគូ​ពាក់ព័ន្ធ ឱ្យ​បន្ត​និង​ពង្រីក​វិសាលភាព​ក្នុង​ការអនុវត្ត​គោលនយោបាយ​ពង្រឹង​សមភាព​យេនឌ័រ​ដែល​បានចាត់ទុក​ស្ត្រី​ជា​ឆ្អឹងខ្នង​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គមជាតិ​។


ការអនុវត្ត​អភិក្រម​ការបញ្ជ្រាប​យេនឌ័រ ជា​កិច្ចការ​អន្តរ​វិស័យ​ដូច​មានកំណត់​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤​ ដើម្បី​កំណើន​ការងារ​សមធម៌ និង​ប្រសិទ្ធភាព​ក្នុង​ការកសាង​មូលដ្ឋាន​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​នៅ​​ឆ្នាំ​ ២០៣០​។

នេះ​ជា​ការលើកឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ថ្ងៃ​ទិវា​អន្តរជាតិ​នារី ៨ ​មីនា ខួប​លើក​ទី​ ១១១ ឆ្នាំ​ ២០២២ នេះ ដោយបាន​ជ្រើស​រើសយក​មូលបទ​ «​សមភាព​យេនឌ័រ​ថ្ងៃនេះ​ដើម្បី​ចីរភាព​នាពេល​អនាគត​»​។


លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​តាមរយៈ​សារលិខិត​ថា​៖ «​យើង​ជ្រើសរើស​យក​មូលបទ​នេះ​ក្នុង​គោលបំណង​បញ្ជាក់​អំពី​តម្លៃ​នៃ​ការទទួល​បាន​នូវ​សមភាព​រវាង​ស្ត្រី​ និង​បុរស​នៅក្នុង​ការអភិវឌ្ឍ​គ្រប់​វិស័យ និង​កៀរគរ​ដល់​គ្រប់​ដៃគូ​ពាក់ព័ន្ធ​ក្នុងការ​បន្ត​ចូលរួម​​អនុវត្ត​នូវ​វិធានការ​ផ្នែក​គោល​នយោបាយ កម្មវិធី​និង​សកម្មភាព​នៅក្នុង​ការលើកកម្ពស់​សមភាព​យេនឌ័រ និង​តួនាទី​របស់​ស្ត្រី​នៅក្នុង​របៀបវារៈ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ​ប្រកបដោយ​ចីរភាព​»​។

សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា​មូលបទ​នេះ គឺជា​កាលានុវត្តភាព​ថ្មី​បន្ថែមទៀត​ដើម្បី​ជំរុញ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន និង​ដៃគូ​ពាក់ព័ន្ធ​បន្ត​ និង​ពង្រីក​វិសាលភាព​ក្នុងការ​អនុវត្ត​គោលនយោបាយ​ពង្រឹង​សមភាព​យេនឌ័រ​ដែល​បានចាត់ទុក​ស្ត្រី​ជា​ឆ្អឹងខ្នង​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គមជាតិ​ និង​ការអនុវត្ត​អភិក្រម​ការបញ្ជ្រាប​យេនឌ័រ​។


លោក​ថា​៖ «​នេះ​ជា​កិច្ចការ​អន្តរ​វិស័យ​ដូច​មានកំណត់​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤ ដើម្បី​កំណើន​ការងារ​សមធម៌ ​និង​ប្រសិទ្ធភាព​​ក្នុង​ការកសាង​មូលដ្ឋាន​ឆ្ពោះ​​ទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​នា​ឆ្នាំ​ ២០៣០ និង​ឆ្នាំ​ ២០៥០ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៩-២០២៣, គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​​កម្ពុជា​ឆ្នាំ​ ២០៣០ ដោយ​មិន​ទុក​នរណាម្នាក់​ឱ្យនៅ​ឯកោ និង​ក្របខ័ណ្ឌ​គោលនយោបាយ​នានា​របស់​រាជរដ្ឋាភិបាល​»​។

ដើម្បី​សម្រេច​តាម​ចក្ខុ​វិស័យនេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាននិង​កំពុង​ដាក់ចេញ​នូវ​វិធានការ​អាទិភាព​សំខាន់​មួយចំនួន​ក្នុង​​នោះ​មាន ការកសាង​សំណាញ់​សុវត្ថិភាព​សង្គម​ និង​មូលដ្ឋាន​សង្គម​សេដ្ឋកិច្ច ដែល​រឹងមាំ​នាពេល​អនាគត​,​ការធ្វើឱ្យ​ប្រព័ន្ធ​អេកូឡូស៊ី សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម​មាន​បរិយាប័ន្ន​។ ​ការអនុវត្ត​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ និង​សង្គម​ឌីជីថល​កម្ពុជា​ ២០២១-២០៣៥, ការលើកកម្ពស់​តួនាទី​របស់​ស្ត្រី​នៅក្នុង​សកម្មភាព​សេដ្ឋកិច្ច​បៃតង កសិឧស្សាហកម្ម​បៃតង និង​អេកូទេសចរណ៍​...​ជាដើម​។

លោក​ ហ៊ុន សែន បាន​បញ្ជាក់ថា៖ «​ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​កិច្ចការ​អាទិភាព​ប្រកប​ដោយ​ប្រសិទ្ធភាព​តម្រូវឱ្យ​មានការ​ចូលរួម​ទាំងអស់គ្នា ក្នុង​ការផ្លាស់ប្តូរ​ទស្សនៈ​អវិជ្ជមាន ការប្រកាន់​យក​ទស្សនៈ​ និង​ឥរិយាបថ​ជា​វិជ្ជមាន​តាមរយៈ​ការទទួល​​ស្គាល់​ពី​តួនាទី​របស់​ស្ត្រី​ដែលជា​ចលករ​ដ៏សំខាន់​រួមចំណែក​ក្នុងការ​ពន្លឿន​កិច្ចអភិវឌ្ឍ​សង្គម​ និង​សេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ​ទាំងមូល​ប្រកបដោយ​ចីរភាព​»​។

ជាមួយ​នេះដែរ​លោក​ក៏បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន ដៃគូ​ពាក់ព័ន្ធ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ប្រជាជន គ្រប់រូប​ និង​ក្រុមគ្រួសារ​ចូលរួម​គាំទ្រ​និង​អនុវត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការពង្រឹង​សមភាព​យេនឌ័រ​តាមរយៈ​ការអនុវត្ត​វិធានការ​អាទិភាព​ទាំងនេះ​។

រីឯ​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក៏​​បានចេញ​ព្រះរាជសារ​ផងដែរ​ដោយបាន​គាំទ្រ​នូវ​ការលើក​​យក​នូវ​មូលបទ​ «​សមភាព​យេនឌ័រ​ថ្ងៃនេះ ដើម្បី​ចីរភាព​នាពេល​អនាគត​» ​ដែល​ជាការ​រំលេច​ឱ្យឃើញថា ស្ត្រី និង​បុរស​ជា​ដៃគូ​ស្មើភាព និង​ជាការ​បញ្ជាក់​ពី​តម្លៃ​នៃ​ការទទួលបាន​នូវ​សមភាព​រវាង​ស្ត្រី​ និង​បុរស​សម្រាប់​ការអភិវឌ្ឍ​គ្រប់​វិស័យ​។

ព្រះមហាក្សត្រី មាន​ព្រះរាជបន្ទូល​ថា​៖ «​ក្នុង​បរិការណ៍​បច្ចុប្បន្ន​ដែល​យើង​ទាំងអស់​គ្នា​កំពុងស្ថិត​ក្នុង​ដំណើរការ​នៃ​របៀបវារៈ​ស្តារ​សេដ្ឋកិច្ច​សង្គម​ក្រោយ​វិបត្តិ​កូវីដ​ ១៩ ការយកចិត្ត​ទុកដាក់ និង​ការពង្រឹង​សមភាព​យេនឌ័រ​​ជា​កិច្ចការ​អាទិភាព និង​កាន់តែ​ចាំបាច់​ ដើម្បី​ធានាថា ស្ត្រី​ និង​ក្មេងស្រី​គ្រប់រូប​ទទួល​បាន​សមភាព​នៅក្នុង​គ្រប់​ទិដ្ឋភាព​»​។

ចំណែក លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ក៏បាន​លើកឡើង​នា​ថ្ងៃ​​ទិវា​អន្តរជាតិ​នារី ៨​ មីនា នេះដែរ​ថា គ្រូពេទ្យ​ស្ត្រី​ជា​ «​កងទ័ព​អាវស​» ​ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ និង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩​។

លោកស្រី​ថ្លែងថា​៖ «​នៅក្នុង​យុគសម័យ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ​១៩ ស្ត្រី​ដែលជា​គ្រូពេទ្យ​ និង​អ្នកជំនាញ​ពាក់ព័ន្ធ​ផ្សេងៗ​បាន​​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​ការជួយផ្តល់​សេវា​អប់រំ សុខភាព ការពារ​ថែទាំ ពិនិត្យ ព្យាបាល​ជំងឺ​កូវីដ​ ១៩​ ផង និង​ជំងឺ​ផ្សេងៗ​ទៀត ដោយ​មិន​ខ្លាច​នឿយហត់​ឡើយ​»​។

លោកស្រី ឱ វណ្ណឌីន ថា នៅក្នុង​ការងារ​សង្គម​របស់​ស្ត្រី គឺ​ជួយ​បំពេញបន្ថែម​ឱ្យ​គ្នា​ទៅវិញទៅមក ហើយ​រឹតតែ​សម្រេចបាន​ផល​ល្អប្រសើរ​ប្រសិនបើ​សមភាព​យេនឌ័រ​ត្រូវបាន​អនុវត្ត​ប្រកបដោយ​ភាពមិន​រើសអើង​ និង​មិន​ប្រកាន់​ភេទ​៕