ភ្នំពេញៈ តាមរយៈ​យុទ្ធនាការ​អន្ទាក់​សូន្យ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​កម្ពុជា តួអង្គ​ពាក់ព័ន្ធ​បាន​រំពឹងថា នឹង​នាំឱ្យ​ឈានទៅ​ពិនិត្យឡើងវិញ​លើ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ពាក់ព័ន្ធ​នានា​ទាក់ទង​ការដាក់ទោស​ចំពោះ​ការកាន់កាប់​អន្ទាក់ ការប្រើ​សត្វ​ឆ្កែ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ ​និង​បង្កើតឱ្យមាន​អង្គភាព​អនុវត្ត​ច្បាប់​នៅ​ថ្នាក់​ខេត្ត​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​សត្វព្រៃ​។


លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ថ្លែងប្រាប់​ភ្នំពេញ-​ប៉ុស្ដិ៍​នៅ​ថ្ងៃទី​ ៧ មីនា​ថា តួអង្គ​សំខាន់​នៃ​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ និង​អង្គការ​អន្តរជាតិ​ជា​ដៃគូ​ក្នុង​វិស័យ​បរិស្ថាន​បាន​ប្តេជ្ញាចិត្ត​រួមគ្នា​ដោះស្រាយ​វិបត្តិ​អន្ទាក់ និង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​ ដើម្បី​ការពារ​អនាគត​ប្រជាជន​​ និង​ការរស់រាន​របស់​សត្វ​ព្រៃ​កម្ពុជា​។

លោក​ថ្លែងថា តាមរយៈ​យុទ្ធនាការ​អន្ទាក់​សូន្យ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​កម្ពុជា តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​បាន​រំពឹងទុក​ថា នឹង​នាំឱ្យ​ឈាន​ទៅដល់​ការពិនិត្យ​ឡើងវិញ និង​វិសោធនកម្ម​ច្បាប់​ទាក់ទង​នឹង​ការដាក់ទោស​ចំពោះ​​ការកាន់កាប់​អន្ទាក់ និង​ការប្រើ​សត្វឆ្កែ​នៅក្នុង​តំបន់​ការពារធម្មជាតិ ការបង្កើត​ឱ្យមាន​អង្គភាព​អនុវត្ត​ច្បាប់​ចម្រុះ​នៅ​ថ្នាក់​ខេត្ត​ទទួលបន្ទុក​ការប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​សត្វព្រៃ​។


លោក​ថ្លែងថា​៖ «​នេះ​ជា​អ្វីដែល​យើង​រំពឹងទុក​ទៅមុខទៀត​។ ​យើង​នឹង​ធ្វើការ​បូកសរុប​លើ​លទ្ធផល​នៃ​យុទ្ធនាការ​អន្ទាក់​សូន្យ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​កម្ពុជា​របស់​យើង ហើយ​យើង​នឹង​ជជែក​គ្នា​បន្ថែមថា​តើ វា​មាន​ភាពចាំបាច់​ដែល​យើង​ត្រូវធ្វើ​កិច្ចការ​ទាំងអស់​នេះហើយ​តើ​យើង​ត្រូវធ្វើ​យ៉ាងម៉េច​ជាដើម គឺ​នឹងមាន​សិក្ខាសាលា​ពិគ្រោះ​យោបល់​បន្ថែម​​ទៀត​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​»​។

លោក ​សេង ​ទៀក នាយក​ប្រចាំ​ប្រទេស​នៃ​មូលនិធិ​អភិរក្ស និង​សង្គ្រោះ​សត្វព្រៃ​កម្ពុជា (WWF) បាន​លើកឡើង​នៅ​ថ្ងៃទី​ ៧​ មីនា​ដែរ​ថា មាត្រាមួយ​ចំនួន​មាន​មាត្រា​ ៥៦ មាត្រា​ ៥៧ មាត្រា​ ៥៨ មាត្រា​ ៥៩ និង​មាត្រា​ ៦០ នៃ​ច្បាប់​តំបន់​ការពារ​ធម្មជាតិ គួរ​ធ្វើ​វិសោធនកម្ម​ដើម្បី​បង្កើន​ការដាក់ទោស​ដល់​បទល្មើស​ធនធានធម្មជាតិ​។


លោក​បន្តថា ពិសេស​មាត្រា​ ៥៨ នៃ​ច្បាប់​តំបន់​ការពារ​ធម្មជាតិ​ដែល​ពាក់ព័ន្ធ អន្ទាក់​ដែល​បច្ចុប្បន្ន​ទោសពិន័យ​អន្តរកាល​ស្ថិតក្នុង​ថ្នាក់​ទី​ ១ ដែល​ត្រឹម​ព្រមាន​ធ្វើ​កិច្ចសន្យា និង​ពិន័យ​ត្រឹមតែ​ ១០ ​ម៉ឺន​រៀល ដល់​ ១ លាន​រៀល ដល់​ជន​ដែល​ដាក់​អន្ទាក់​ចាប់​សត្វ​ទូទៅ​ទាំងអស់ លើកលែង​តែ​ប្រភេទ​សត្វ​កម្រ​ដែល​មានទោស​ស្ថិតក្នុង​ថ្នាក់​ទី​៣ ដែលមាន​កម្រិតធ្ងន់​។

លោក សេង ទៀក បញ្ជាក់ថា​៖ «​ការមាន​អន្ទាក់​ក្នុង​ដៃ គឺ​មិនមាន​បទល្មើស​ទេ ហើយ​ការ​បណ្តើរ​ឆ្កែ​ចាប់​​សត្វព្រៃ ហាក់​មិនមាន​ទម្ងន់ទោស​ដែរ​។ យើង​ដឹង​ហើយ​ថា ការ​បណ្តើរ​ឆ្កែ​ក្នុង​តំបន់ការពារធម្មជាតិ គឺមាន​ផលប៉ះពាល់​ខ្លាំង​ដល់​សត្វព្រៃ​»​។

លោក​បន្តថា​៖ «​យើង​ក៏​ដឹង​ហើយ​ថា​អន្ទាក់​គឺជា​ឃាតករ​សម្លាប់សត្វ​មិន​​រើសមុខ មិន​ថា​សត្វព្រៃ​មាន​ដោយ​កម្រ បង្គួរ ឬ​ច្រើន​នោះទេ​។ ដូច្នេះ​ការ​មាន​អន្ទាក់​ក្នុង​ដៃ ការដាក់​អន្ទាក់ ការបណ្តើរ​ឆ្កែ​ក្នុង​តំបន់​ការពារ​ធម្មជាតិ គួរ​មាន​កម្រិត​ទោសពិន័យ​អន្តរកាល​ស្ថិតក្នុង​ថ្នាក់​ទី​ ៣ ដែលមាន​ទោស​ជាប់ពន្ធនាគារ​ពី​ ១-៥​ ឆ្នាំ និង​ពិន័យ​ប្រាក់​ពី​ ១៥ ដល់​ ១៥០​ លាន​រៀល​»​។

រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​ដៃគូ​ក្នុង​វិស័យ​បរិស្ថាន​កាលពី​ថ្ងៃទី​ ៣ ខែមីនា បានចេញ​សេចក្ដី​ប្រកាស​​រួមគ្នា​ដាក់ឱ្យ​អនុវត្ដ យុទ្ធនាការ​អន្ទាក់សូន្យ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​កម្ពុជា​​ដោយបាន​ប្តេជ្ញា​រួមគ្នា​បញ្ចប់​វិបត្តិ​​នេះ​។ ​តាមរយៈ​ការបើក​យុទ្ធនាការ​នេះ​បង្ហាញថា ធនធាន​សត្វ​ព្រៃរបស់​កម្ពុជា​កំពុង​ប្រឈម​ហានិភ័យ​ខ្ពស់​ដោយសារ​ការ​បរបាញ់ និង​ការដាក់​អន្ទាក់ បណ្តាលមកពី​ការប្រើប្រាស់ និង​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​។ ​ប្រសិនបើ​គ្មាន​វិធានការ​បន្ទាន់​ទេ នោះ​កម្ពុជា​នឹង​ប្រឈម​នឹង​ការបាត់បង់​ធនធាន​សត្វព្រៃ​របស់ខ្លួន​ក្នុងពេល​អនាគត​។

ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ ស្ថាប័ន​រាជរដ្ឋាភិបាល និង​អង្គការ​អន្តរជាតិ​ជា​ដៃគូ​បានមក​រួមគ្នា កាលពី​ថ្ងៃទី​ ៣ មីនា​ដើម្បី​បើក​យុទ្ធនាការ​អន្ទាក់សូន្យ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​កម្ពុជា​។ ​គោលដៅ​ចម្បង​នៃ​យុទ្ធនាការ​នេះ​គឺ​ការ​ឈានទៅ​លុបបំបាត់​ការប្រើ​អន្ទាក់​គ្រប់​ប្រភេទ​ក្នុង​តំបន់​ការពារ​របស់​កម្ពុជា​។ ​នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​រួម​ដដែល​។

លោក នុប សុធុនវិសុទ្ធ ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​ផ្សព្វផ្សាយ និង​បណ្ដុះបណ្ដាល​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​នៃ​ក្រសួងយុត្តិធម៌​លើកឡើង​ពេល​បើក​យុទ្ធនាការ​នេះដែរ​ថា អន្ទាក់ និង​ការជួញដូរ​សត្វព្រៃ​បង្ក​ការគំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​សុខភាព បរិស្ថាន​ និង​សេដ្ឋកិច្ច​។ ការរួបរួម​គ្នា​នេះ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ក្នុងការ​បញ្ចៀស​ការបាត់បង់​ជីវចម្រុះ និង​ទប់ស្កាត់​ហានិភ័យ​ចំពោះ​សុខភាព​សាធារណៈ​កុំឱ្យ​កើតឡើង​នៅ​ថ្ងៃ​អនាគត​។ ​លោក​ថា​៖ «​ថ្ងៃនេះ​យើង​បាន​ប្តេជ្ញាចិត្ត​រួមគ្នា ដើម្បី​ការពារ​អនាគត​ប្រជាជន និង​ការ​រស់រាន​របស់​សត្វព្រៃ​កម្ពុជា​»​។

បើតាម​សេចក្ដីប្រកាស​រួម​ក្នុង​ឆ្នាំ ២០២១ ក្រសួង​បរិស្ថាន និង​ស្ថាប័ន​​អង្គការ​ជា​ដៃគូ​បាន​ដក​អន្ទាក់​សរុប​​ចំនួន ៦១ ៦១១ ​អន្ទាក់​ចេញពី​តំបន់​​ការពារ​ធម្មជាតិ​ចំនួន​ ៧២ និង​ច្រក​របៀង​ជីវចម្រុះ​ផ្សេងៗ​ទៀត​នៅ​កម្ពុជា​។

ជា​មធ្យម​ក្នុង​ ១ ​ឆ្នាំ មាន​អន្ទាក់​ប្រមាណ​ជាង ៤០ ០០០ ​ត្រូវបាន​ដកចេញ​​ពី​តំបន់​ការពារ​ធម្មជាតិ​ទាំងនេះ​។

វិបត្តិ​អន្ទាក់​មិនមែន​កើតឡើង​តែ​នៅ​កម្ពុជា​នោះទេ​។ បើ​យោងតាម​របាយការណ៍​ឆ្នាំ​ ២០២០ ​របស់​អង្គការ WWF ដែលមាន​ចំណងជើង​ថា «​ភាព​ស្ងប់ស្ងៀម​នៃ​អន្ទាក់​៖ វិបត្តិ​អន្ទាក់​នៃ​អាស៊ីអាគ្នេយ៍​» អន្ទាក់​រាប់លាន​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា មាន​វត្តមាន​នៅក្នុង​តំបន់​ការពារ​នៃ​ប្រទេស​មួយចំនួន​ផ្សេងទៀត​ក្នុង​តំបន់​ដូចជា នៅក្នុង​ប្រទេស​ឡាវ វៀតណាម ម៉ាឡេស៊ី ​និង​ប្រទេស​ឥណ្ឌូនេស៊ី​៕